ទីក្រុងកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី (Volodymyr Zelensky) បាននិយាយថា កងទ័ពរបស់លោកដណ្តើមយកមកវិញនូវទឹកដីទំហំ៦,០០០គីឡូម៉ែត្រក្រឡា ពីកងទ័ពរុស្ស៊ី ក្នុងការវាយបកក្នុងខែកញ្ញានេះ ដែលធ្វើឲ្យកងទ័ពរុស្ស៊ីបរាជ័យបាក់ទ័ពរត់ទៅស្រុកវិញ។

លោកប្រធានាធិបតី បានថ្លែងនៅក្នុងសុន្ទរកថាប្រចាំថ្ងៃ កាលពីថ្ងៃចន្ទថា «ចាប់តាំងពីដើមខែកញ្ញាមក ទាហានរបស់យើងបានរំដោះទឹកដីអ៊ុយក្រែនទំហំ៦,០០០គីឡូម៉ែត្រក្រឡា នៅភាគខាងកើត និងភាគខាងត្បូង ហើយយើងកំពុងបន្តរុលទៅមុខទៀត»។

កងទ័ពអ៊ុយក្រែន បានដណ្តើមយកទឹកដីបន្ថែមទៀត កាលពីថ្ងៃចន្ទ ដោយបានរុលទៅកាន់ព្រំដែនភាគឦសាន ហើយបានអះអាងថា កងទ័ពអ៊ុយក្រែនចាប់បានទាហានរុស្ស៊ីជាច្រើននាក់ ធ្វើជាឈ្លើយសឹក។

លោកអភិបាលតំបន់ខាកៀវ (Kharkiv) បាននិយាយថា «នៅចំណុចខ្សែត្រៀមជួរមុខមួយចំនួន អ្នកការពារជាតិរបស់យើង បានទៅដល់ព្រំដែនជាមួយសហព័ន្ធរុស្ស៊ី»។

អ្នក​នាំ​ពាពាក្យផ្នែកស៊ើបការណ៍សម្ងាត់​របស់យោធា​អ៊ុយក្រែន​ បាន​និយាយ​ថា ទាហាន​រុស្ស៊ី​កំកំពុងតែចុះចាញ់យ៉ាង​ច្រើន​ ហើយសារ​ភាពថា «ពួកគេ​យល់​ពីពីពក្តីអស់សង្ឃឹមដោយសារស្ថានភាពចាញ់សង្គ្រាម​»។

ចំណែកទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា មានឈ្លើយសឹករុស្ស៊ីច្រើនណាស់ រកកន្លែងដាក់មិនបានទេ។

អ្នក​នាំពាក្យ​ផ្នែកចារកម្ម​យោធា​អ៊ុយក្រែន បាន​និយាយ​ទៀតថា ឈ្លើយសឹករុស្ស៊ី ត្រូវចាប់​ខ្លួនបាននោះ​ រួម​មានមន្ត្រី​ជាន់ខ្ពស់រុស្ស៊ីផងដែរ។

នៅពេលទង់ជាតិអ៊ុយក្រែនពណ៌ខៀវ និងលឿង បានបណ្តែតខ្លួនលើទីក្រុង ដែលទើបរំដោះបានថ្មីៗ យោធាអ៊ុយក្រែន បាននិយាយថា ខ្លួនបានរំដោះការទីតាំងលំនៅឋានជាង២០កន្លែង ក្នុងរយៈពេលត្រឹមតែ២៤ម៉ោង។

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ កងទ័ពអ៊ុយក្រែន ដណ្តើមបានទឹកដីយ៉ាងច្រើនពីទាហានរុស្ស៊ី។

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយថា អ៊ុយក្រែនចាំបាច់ណាស់ត្រូវការពារឲ្យបាននូវទឹកដី ដែលទើបដណ្តើមបានមកវិញ និងប្រុងប្រយ័ត្នចំពោះការវាយបកមកវិញរបស់រុស្ស៊ី ដែលអាចកើតមានលើបណ្តាញផ្គត់ផ្គង់ភស្តុភាអ៊ុយក្រែន។

លោក​បាន​និយាយ​ទៀតថា ការ​វាវាយបករបស់កងទ័ពអ៊ុយក្រែន បានប្រព្រឹត្តទៅយ៉ាងល្អ​ជាង​ការ​រំពឹង​ទុក ដោយ​លោកពណ៌នា​ថា​ ជ័យជម្នះនេះដូចជាបាល់រមៀលចុះ​ពីលើកំពូល​ភ្នំ។

លោក​បាន​និយាយទៀត​ថា​ វាជាសញ្ញាបង្ហាញថា រុស្ស៊ីអាចចុះចាញ់​សង្គ្រាមនៅអ៊ុយក្រែន។

ការផ្លាស់ប្តូរភ្លាមៗនូវស្ថានភាពសង្គ្រាម និងជ័យជម្នះរបស់កងទ័ពអ៊ុយក្រែន ទទួលបានការគាំទ្រពីអ្នកសង្កេតការណ៍អន្តរជាតិ ហើយបានព្រមានថា ពេលវេលាដ៏អាក្រក់នៅខាងមុខសម្រាប់កងទ័ពរុស្ស៊ី ជិតចូលមកដល់ហើយ គឺផ្ទុយស្រឡះពីថ្ងៃដំបូងនៃសង្រ្គាម នៅពេលទាហានរុស្ស៊ីកំពុងលើកទ័ពឆ្ពោះទៅកាន់ទីក្រុងកៀវ៕

By Ana

You missed