អន្តរជាតិ៖ នាយករដ្ឋមន្ត្រីប្រទេសអាមេនី លោក នីកូល ប៉ាហ្សីនយ៉ាន (Nikol Pashinyan) បាននិយាយចោទប្រកាន់ថា ទាហានរបស់ខ្លួនចំនួន៤៩នាក់បានស្លាប់ នៅក្នុងការប៉ះទង្គិចគ្នាពេញមួយយប់ ខណៈក្រសួងការពារជាតិប្រទេសអាស៊ែបៃហ្សង់ បាននិយាយថា ទាហានរបស់ខ្លួនចំនួន៥០នាក់ ក៏ត្រូវបានសម្លាប់ផងដែរ។

ប្រទេស​ជិត​ខាងគ្នាទាំងពីរនេះ ​បាន​ធ្វើ​សង្គ្រាម​ពីរ​លើក ហើយ​​ការ​ប៉ះ​ទង្គិច​គ្នាជាហូរហែនៅតាមព្រំដែន ​បានអូសបន្លាយអស់​រយៈពេល​៣០ឆ្នាំកន្លងមកហើយ។

កាលពីថ្ងៃអង្គារ ប្រទេសរុស្ស៊ី បាននិយាយថា ខ្លួនបានសម្របសម្រួលឲ្យមានបទឈប់បាញ់ឡើងវិញ ក្រោយពីការផ្ទុះអាវុធនៅតាមព្រំដែនប្រទេសទាំងពីរ កាលពីដើមសប្តាហ៍នេះ។

ដំបូងឡើយប្រទេសអាមេនី បាននិយាយថា ការប្រយុទ្ធគ្នាបានស្ងប់ស្ងាត់ ប៉ុន្តែមិនឈប់ទាំងស្រុងទេ។ ក្រោយមក អាស៊ែបៃហ្សង់ បាននិយាយថា ខ្លួនបានសម្រេចគោលបំណងរបស់ខ្លួន បន្ទាប់ពីមានការបង្កហេតុពីទាហានអាមេនី ឈរជើងនៅតាមព្រំដែន។

ចំណុចចាប់ផ្តើមនៃសង្គ្រាមនេះ កើតឡើងនៅក្នុងតំបន់ ណាហ្គោណូ ខារ៉ាបាក់ (Nagorno-Karabakh)  ដែលព្រំដែនទទួលស្គាល់ជាអន្តរជាតិថា គឺជាផ្នែកមួយនៃប្រទេ អាស៊ែបៃហ្សង់ ប៉ុន្តែកាន់កាប់ដោយជនជាតិអាមេនី។

ប្រជាជនអាមេនីភាគច្រើន គឺជាអ្នកកាន់សាសនាគ្រឹស្ត ចំណែកប្រជាជនអាស៊ែបៃហ្សង់ភាគច្រើន គឺជាអ្នកកាន់សាសនាមូស្លីម។ ប្រទេសទាំងពីរ គឺជាផ្នែកមួយនៃអតីតសហភាពសូវៀត ដែលបានដួលរំលំនៅចុងឆ្នាំ១៩៩១។

ជម្លោះដណ្តើមបែងចែកទឹកដីរវាងប្រទេសទាំងពីរនេះ បានបង្កទៅជាសង្គ្រាមតាមព្រំដែន ចាប់តាំងពីឆ្នាំ១៩៨០ និងឆ្នាំ១៩៩០។ នៅឆ្នាំ២០២០ សង្រ្គាមរយៈពេលប្រាំមួយសប្តាហ៍ បានផ្ទុះឡើងជាទ្រង់ទ្រាយធំ ដែលជ័យជម្នះបានទៅខាង អាស៊ែបៃហ្សង់ ប៉ុន្តែការប៉ះទង្គិចគ្នានៅមានរហូតដល់សព្វថ្ងៃ។

ប្រទេសទាំងពីរតែងតែចោទប្រកាន់គ្នាទៅវិញទៅមក ចំពោះការផ្ទុះអំពើហិង្សា។ អាមេនី ​បាន​អះអាង​ថា ទីប្រជុំជន​ជា​ច្រើន​នៅ​តាម​បណ្តោយ​ព្រំដែន ​ត្រូវ​ទាហានអាស៊ែបៃហ្សង់​បាញ់​ផ្លោងដាក់ស្ទើររាល់ថ្ងៃ។

ចំណែកអាស៊ែបៃហ្សង់វិញ បាននិយាយចោទប្រកាន់ថា ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន បានរងការវាយប្រហារមុន ដោយអ្នកនាំពាក្យយោធានិយាយថា ការចល័តទ័ពកាលពីខែមុន គឺបង្ហាញថា អាមេនីកំពុងតែរៀបចំបង្កសង្គ្រាមទ្រង់ទ្រាយធំ។

ការប៉ះទង្គិចគ្នាដោយចុងកាណុង បានផ្ទុះឡើងនៅយប់ថ្ងៃច័ន្ទ មុនពេលរដ្ឋាភិបាលទីក្រុងមូស្គូ របស់លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានប្រកាសថា ខ្លួនបានចរចាឲ្យមានបទឈប់បាញ់យ៉ាងឆាប់រហ័ស ដោយចូលធរមាននៅព្រឹកថ្ងៃអង្គារ។

ទោះជាយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី អាមេនី បាននិយាយថា សកម្មភាពស៊ីសាច់ហូតឈាមគ្នាបានថយចុះបន្តិច ប៉ុន្តែការវាយប្រហារលើខ្សែត្រៀមជួរមុចពីសំណាក់ទាហានអាស៊ែបៃហ្សង់ នៅតែបន្ត។

ក្រោយមក នៅថ្ងៃអង្គារ អាស៊ែបៃហ្សង់ បាននិយាយថា ទាហានរបស់ខ្លួនបានស្លាប់ដោយសារលទ្ធផលបង្កហេតុទ្រង់ទ្រាយធំរបស់ប្រទេសអាមេនី ហើយបានចោទប្រកាន់អាមេនីថា បានរំលោភលើបទឈប់បាញ់ ដែលសម្របសម្រួលដោយប្រទេសរុស្ស៊ី។

កងកម្លាំងរក្សាសន្តិភាពរបស់រុស្ស៊ី ជិត២,០០០នាក់ ត្រូវបានដាក់ពង្រាយនៅតំបន់នោះ ដើម្បីសម្របសម្រួលការចរចារហូតដល់សព្វថ្ងៃនេះ។

ការប្រយុទ្ធគ្នាដ៏សាហាវ កាលពីយប់ថ្ងៃច័ន្ទ ត្រូវគេជឿថា ជាជម្លោះដ៏អាក្រក់បំផុត ចាប់តាំងពីជម្លោះឆ្នាំ២០២០  ដែលពេលនោះ មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់។ សង្គ្រាមនោះបានបញ្ចប់នៅក្នុងកិច្ចព្រមព្រៀងមួយ ដែលសម្របសម្រួលដោយប្រទេសរុស្ស៊ី ហើយប្រទេ អាមេនី បានសម្រេចចិត្តដកទ័ពចេញពីតំបន់ ណាហ្គោណូ ខារ៉ាបាក និងប្រគល់ទឹកដីឲ្យ អាស៊ែបៃហ្សង់៕

 

 

By Ana

You missed