មូស្គូ៖ មេដឹកនាំយោធាភូមា លោក មីន អួងឡាំង (Min Aung Hlaing) បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នាទីក្រុងភាគខាងកើតរុស្ស៊ី នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ ដើម្បីរឹតចំណងទំនាក់ទំនងស៊ីជម្រៅរវាងប្រទេសទាំងពីរ។
លោក មីន អួងឡាំង ដែលបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់ភូមា តាមរយៈរដ្ឋប្រហារ កាលពីខែកុម្ភៈ ឆ្នាំ២០២១ បានទៅដល់ប្រទេសរុស្ស៊ីពីរដង ចាប់តាំងពីរដ្ឋប្រហារ គឺថ្មីៗនេះនៅក្នុងខែកក្កដា ឆ្នាំ២០២២ ប៉ុន្តែមិនបានជួបលោក វ៉្លាឌីមៀ ពូទីន ដូចបំណងឡើយ។
មេដឹកនាំទាំងពីរ បានជួបគ្នាដាច់ដោយឡែក ក្នុងវេទិកាសេដ្ឋកិច្ច រៀបចំឡើងដោយរដ្ឋាភិបាលទីក្រុងម៉ូស្គូ នៅទីក្រុង វ៉្លាឌីវ៉ុស្តុក (Vladivostok) ស្ថិតនៅភាគខាងកើតប្រទេសរុស្ស៊ី។
ក្នុងជំនួបនេះ លោក វ្ល៉ាឌីមៀ ពូទីន បានមានប្រសាសន៍ថា «ទំនាក់ទំនងរបស់យើងកំពុងអភិវឌ្ឍជាវិជ្ជមាន»។
ប្រទេសភូមាបានធ្លាក់ចូលក្នុងវិបត្តិនយោបាយធ្ងន់ធ្ងរ ក្រោយរដ្ឋប្រហារយោធា ដែលបង្កឲ្យមានការតវ៉ាទ្រង់ទ្រាយធំ និងបង្កចលាចលមិនគោរពច្បាប់ នៅទូទាំងប្រទេស។ មនុស្សជាង២.០០០នាក់ត្រូវបានសម្លាប់ នៅក្នុងការបង្រ្កាបដ៏ឃោរឃៅរបស់យោធា។
រដ្ឋាភិបាលទីក្រុងមូស្គូ កំពុងស្ថិតនៅក្រោមសម្ពាធពីអន្តរជាតិ ជាពិសេសេពីសហភាពអឺរ៉ុប ចំពោះការឈ្លានពានរបស់ខ្លួនលើទឹកដីអ៊ុយក្រែន ដែលបានអូសបន្លាយអស់រយៈពេលចំនួនប្រាំមួយខែកន្លងមកហើយ។ ចំណែករដ្ឋាភិបាលយោធាភូមា ក៏កំពុងទទួលរងទណ្ឌពីបច្ចឹមប្រទេសផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយរដ្ឋរបស់ភូមា បានរាយការណ៍ថា ប្រធានរដ្ឋភូមា បានជួបទីប្រឹក្សាលោក វ៉្លាឌីមៀ ពូទីន គឺលោក អាន់តុន កូប៊ីយ៉ាកូវ (Anton Kobyakov) កាលយប់ថ្ងៃអង្គារ ដោយគណៈប្រតិភូទាំងពីរ អង្គុយទល់មុខគ្នា ជុំវិញតុដ៏វែងមួយ។ អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក អាឡិចសាន់ឌឺ ហ្វូមីន (Alexander Fomin )និងមន្ត្រីយោធាជាន់ខ្ពស់របស់ភូមា ក៏មានវត្តមានដែរ។
គណៈប្រតិភូភូមា បានពិភាក្សាគ្នាជាមួយភាគីរុស្ស៊ី អំពីការកសាងទំនាក់ទំនងល្អ ជាមិត្តល្អរវាងរុស្ស៊ី និងភូមា និងរវាងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសទាំងពីរ។
កិច្ចពិភាក្សាក៏បានផ្តោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឲ្យកាន់តែទូលំទូលាយ រួមទាំងបើកការហោះហើរត្រង់រវាងប្រទេសទាំងពីរ ដើម្បីជំរុញទេសចរណ៍ ពាណិជ្ជកម្មប្រេង និងឧស្ម័ន។
រដ្ឋាភិបាលយោធាភូមា បានប្រកាសកាលពីខែសីហាថា ខ្លួនមានផែនការនាំចូលប្រេងឥន្ធនៈពីប្រទេសរុស្ស៊ី ដោយប្រើរូបិយប័ណ្ណក្នុងស្រុក ដើម្បីសម្រួលដល់ការផ្គត់ផ្គង់នៅក្នុងស្រុក។
នៅក្នុងជំនួបនេះដែរ លោក មីន អួងឡាំង បានប្រាប់លោក វ៉្លាឌីមៀ ពូទីន ថា ប្រទេសភូមាបានត្រៀមខ្លួនជាស្រេចក្នុងការនាំចូលប្រេងពីរុស្ស៊ី ដោយប្រើរូបិយបណ្ណរបស់រុស្ស៊ី និងរូបិយបណ្ណរបស់ភូមា៕