ហូជីមិញ៖ យ៉ាងហោចណាស់មនុស្ស១២នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស បន្ទាប់ពីអគ្គិភ័យដ៏ធំមួយ បានឆាបឆេះហាងខារ៉ាអូខេមួយកន្លែង ក្នុងខេត្តក្បែរទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីយប់ថ្ងៃអង្គារ ដែលបានឆាបឆេះយ៉ាងលឿនចូលដល់បន្ទប់មនុស្សកំពុងច្រៀងរាំសប្បាយ។
អគ្គិភ័យដ៏ធំនេះ បានចាប់ផ្តើមឆាបឆេះយ៉ាងលឿននៅជាន់ខាងលើនៃក្លឹបកម្សាន្ត ឈ្មោះ អានភូ (An Phu) ក្នុងខេត្តប៊ិញដួង ខាងជើងទីក្រុងហូជីមិញ ដោយឆេះស្លាប់អ្នកច្រៀងរាំកន្សាន្ត ចំណែកអ្នកខ្លះទៀត បានលោតចុះពីជាន់ទី២ និងទី៣ ដែលធ្វើឲ្យមានរបួស ប៉ុន្តែមិនស្លាប់ឡើយ។
រថយន្តពន្លត់អគ្គីភ័យវៀតណាមជាច្រើន បានទៅដល់កន្លែងកើតហេតុភ្លាមៗ ប៉ុន្តែអគ្គិភ័យបានឆេះអស់រយៈពេលមួយម៉ោង ទើបរល់តទៅវិញដោយសាររថយន្តបាញ់ទឹកពន្ល់ត ហើយគេមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយ។
ហាងខារ៉ាអូខេ ឈ្មោះ អានភូ ដែលមានទីតាំងនៅក្នុងខេត្ត ប៊ិញដួង មានទំហំធំគ្រាន់បើ គឺមានចំនួន២៩ បន្ទប់។ មន្ត្រីនគរខេត្ត បាននិយាយថា អគ្គិភ័យបានបំផ្លាញអគារស្ទើរទាំងស្រុង។
នេះមិនមែនជាលើកទីមួយទេ ដែលអគ្គិភ័យឆាបឆេះហាងខារ៉ាអូខេ នៅក្នុងប្រទេសវៀតណាម។ កាលពីខែមុន អ្នកពន្លត់អគ្គិភ័យបីនាក់បានស្លាប់ បន្ទាប់ពីព្យាយាមពន្លត់ភ្លើងនៅហាងខារ៉ាអូខេមួយកន្លែងក្នុងទីក្រុងហាណូយ។
កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៦ អគ្គីភ័យដ៏ធំមួយ បានឆេះហាងខារ៉ាអូខេមួយកម្ពស់៨ជាន់ ស្ដិតនៅក្នុងក្រុងហាណូយ ប្រទេសវៀតណាម ដោយបានសម្លាប់ជីវិតមនុស្សអស់១៣នាក់។
ពេលនោះរថយន្តពន្លត់អគ្គិភ័យបានចំណាយពេលជិត៥ម៉ោង ទើបអាចពន្លត់ភ្លើងបានសម្រេច ចំណែកមន្ត្រីនគរបាលពន្លត់អគ្គិភ័យពីរនាក់ បានរងរបួសក្នុងអំឡុងពេលធ្វើប្រតិបត្តិការពន្លត់នោះ។
អគ្គិភ័យនោះ ក៏បានឆេះរាលដាលដល់អគារជិតខាងចំនួន៣កន្លែង ឆេះរថយន្ត និងម៉ូតូអស់ជាច្រើនគ្រឿងផងដែរ៕