ក្រុងគៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡិនស្គី (Volodymir Zelensky) បាននិយាយថា រុស្ស៊ីចង់បំផ្លាញជីវភាពរស់នៅរបស់ពលរដ្ឋអឺរ៉ុបគ្រប់រូប តាមរយៈការប្រើប្រាស់បញ្ហាខ្វះខាតថាមពលកម្តៅក្នុងផ្ទះ ដែលរដូវរងារនឹងឈានចូលមកដល់នាពេលខាងមុខនេះ។
លោកបាននិយាយដូច្នេះ នៅក្នុងសុន្ទរកថាមួយ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ដោយលោកលើកឡើងថា រុស្ស៊ី «កំពុងព្យាយាមយកបញ្ហាសង្គ្រាមនៅអ៊ុយក្រែន វាយប្រហារឲ្យមានភាពក្រីក្រ និងភាពវឹកវរ ផ្នែកនយោបាយ នៅអឺរ៉ុប ជាទីដែលរុស្ស៊ីមិនទាន់អាចវាយប្រហារដោយមីស៊ីលបាន»។
លោកបាននិយាយដូច្នេះ ក្នុងរយពេលប៉ុន្មានម៉ោងបន្ទាប់ពីប្រទេសរុស្ស៊ី បាននិយាយប្រកាសថា បំពង់បង្ហូរឧស្ម័នដ៏ធំទៅកាន់អឺរ៉ុប នឹងមិនបើកឡើងវិញ តាមការគ្រោងទុកនោះទេ។
ប្រទេសក្នុងសហភាពអឺរ៉ុប បានចោទរុស្ស៊ីថា បានប្រើប្រាស់ការផ្គត់ផ្គង់ឧស្ម័នរបស់ខ្លួន ដើម្បីបំបាក់អឺរ៉ុប ចំពេលមានសង្គ្រាមនៅអ៊ុយក្រែន។
តម្លៃថាមពលនៅអឺរ៉ុប បានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយបញ្ហាខ្វះខាតថាមពលប្រេង និងឧស្ម័ន អាចធ្វើឲ្យការចំណាយសម្រាប់ថាមពលដុតកម្តៅតាមផ្ទះនឹងកាន់តែឡើងថ្លៃផងដែរ។
សេចក្តីរាយការណ៍ជាច្រើនបានលើកឡើងថា មានការភ័យខ្លាចកាន់តែខ្លាំងឡើងៗ ក្នុងចំណោមគ្រួសារអ្នកមានជីវភាពមធ្យម នៅក្នុងសហភាពអឺរ៉ុបថា នឹងមិនអាចមានលទ្ធភាពទិញថាមពលឧស្ម័នសម្រាប់ដុតកម្តៅនៅក្នុងផ្ទះ នារដូវរងារខាងមុខនេះ។
រដ្ឋាភិបាលទូទាំងទ្វីបអឺរ៉ុប កំពុងសញ្ជឹងគិតអំពីវិធានការ ដែលត្រូវធ្វើដើម្បីជួយសម្រាលវិបត្តិខ្វះថាមពល ខណៈប្រទេសអាឡឺម៉ង់ ដែលជាប្រទេសមួយក្នុងចំណោមប្រទេសរងផលប៉ះពាល់ខ្លាំងបំផុត ពីការផ្អាកការផ្គត់ផ្គង់ឧស្ម័ន របស់រុស្ស៊ី។
អធិការបតីអាល្លឺម៉ង់ លោក អាឡាហ្វ សូល (Olaf Scholz) បាននិយាយប្រកាសថា ប្រទេសរុស្ស៊ីលែងជាដៃគូថាមពល ដែលអាចទុកចិត្តបានទៀតហើយ។ ចំណែករុស្ស៊ីវិញ បានប្រកាសតបវិញថា រុស្ស៊ីឈប់ជឿទុកចិត្តអឺរ៉ុប តទៅទៀតដែរ។
អឺរ៉ុបកំពុងព្យាយាមឈប់ប្រើថាមពលរបស់រុស្ស៊ី ដើម្បីកាត់បន្ថយលទ្ធភាពរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ ក្នុងឲ្យយកប្រាក់បានមកពីលក់ឧស្ម័ន ទៅចំណាយលើសង្គ្រាមនៅអ៊ុក្រែន។
ក្រុមហ៊ុនថាមពលរដ្ឋ របស់រុស្ស៊ី ហ្គាសប្រូម (Gazprom) បានប្រកាសកាលពីចុងសប្តាហ៍មុនថា បំពង់បង្ហូរឧស្ម័នដ៏ធំបំផុតពីរុស្ស៊ី ទៅកាន់អឺរ៉ុប អាចត្រូវបិទចោលដោយគ្មានថ្ងៃកំណត់។
កន្លងមកថ្មីៗនេះ បំពង់បង្ហូរប្រេង ដែលហូរទៅកាន់ប្រទេសអាឡឺម៉ង់ ត្រូវរុស្ស៊ីបិទអស់រយៈពេលបីថ្ងៃរួចមកហើយ ដែលក្រុមហ៊ុន ហ្គាសប្រូម បានពិពណ៌នាថា ជាការងារថែទាំជួសជុល ទើបមិនអាចបើកដំណើរការឡើងវិញ។
ប្រធានក្រុមប្រឹក្សាសន្តិសុខសហភាពអឺរ៉ុប លោក ឆាល មីសែល (Charles Michel) បាននិយាយថា ការរំខាននៃការផ្គត់ផ្គងនេះ គឺគួរឲ្យស្តាយបំផុត ប៉ុន្តែមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ។
លោកបានមានប្រសាសន៍ដូច្នេះថា «ការប្រើប្រាស់ឧស្ម័នជាអាវុធ មិនផ្លាស់ប្តូរការតាំងចិត្តរបស់សហភាពអឺរ៉ុបទេ។ យើងនឹងដោះស្រាយបញ្ហាឲ្យបានលឿនបំផុតឆ្ពោះទៅរកឯករាជ្យផ្នែកថាមពល។ កាតព្វកិច្ចរបស់យើង គឺការពារពលរដ្ឋរបស់យើង និងគាំទ្រសេរីភាពរបស់អ៊ុយក្រែន»។
រដ្ឋាភិបាលទីក្រុងម៉ូស្គូ មិនព្រមផ្គត់ផ្គង់ថាមពលឲ្យបច្ចឹមប្រទេស គឺជាអាវុធសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសលោកខាងលិច ដែលគាំទ្រអ៊ុយក្រែន ដោយលើកយកលេសថា ការផ្អាកនេះ ដោយសារបញ្ហាជួសជុលបំពង់បង្ហូរ។
សេចក្តីប្រកាសរបស់ក្រុមហ៊ុន ហ្គាសប្រូម បានកើតឡើងភ្លាមៗ បន្ទាប់ពីប្រទេសក្រុម៧ (G7) បានយល់ព្រមកាត់បន្ថយតម្លៃប្រេងរបស់រុស្ស៊ី ដើម្បីគាំទ្រអ៊ុយក្រែន។
ប្រទេសក្រុមប្រាំពីរ មានចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងជប៉ុន។
ការអនុវត្តអំពីតម្លៃកំណត់របស់ក្រុមប្រាំពីរ មានន័យថា ប្រទេសជាហត្ថលេខី នឹងត្រូវបានអនុញ្ញាតឲ្យទិញតែប្រេងរបស់រុស្ស៊ី ដែលដឹកជញ្ជូនតាមសមុទ្រ ដែលបានលក់ក្នុងតម្លៃដូចមុន ឬក្រោមតម្លៃកំណត់។
ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ី បាននិយាយថា ខ្លួននឹងមិននាំប្រេង និងឧស្ម័ន ចេញទៅកាន់ប្រទេស ដែលចូលរួមក្នុងការកំណត់តម្លៃនោះទេ។
បំពង់បង្ហូរឧស្ម័នលាតសន្ធឹងពីឆ្នេរសមុទ្ររុស្ស៊ី ក្បែរទីក្រុង សេន ភីធើស្ប៊ើក (St Petersburg) ក្នុងប្រទេសរុស្ស៊ី ទៅកាន់ភាគឦសានប្រទេសអាល្លឺម៉ង់ ហើយអាចបញ្ជូនឧស្ម័នបានរហូតដល់១៧០លានម៉ែត្រគូបក្នុងមួយថ្ងៃ។
នៅក្នុងខែកក្កដា ឆ្នាំ២០២២ ក្រុមហ៊ុន ហ្គាសប្រូម បានកាត់ផ្តាច់ការផ្គត់ផ្គង់ទាំងស្រុងរយៈពេល១០ថ្ងៃ ដោយលើកឡើង ក្រោមពីការជួសជុលចប់សព្វគ្រប់ ប៉ុន្តែបានបិទទៅវិញ។
នៅក្នុងសុន្ទរកថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡិនស្គី បាននិយាយថា «រដូវរងានេះ រុស្ស៊ីកំពុងរៀបចំវាយប្រហារដ៏ខ្លាំងក្លាលើប្រជាជនអឺរ៉ុបទាំងអស់ តាមរយៈការផ្តាច់ឧស្ម័ន ដូច្នេះមានតែការរួបរួមក្នុងចំណោមប្រទេសអឺរ៉ុបប៉ុណ្ណោះ ដែលអាចទប់ទល់រុស្ស៊ីបាន»៕