តៃប៉ិ៖ យោធាកោះតៃវ៉ាន់ បានបាញ់ទម្លាក់ជាលើកដំបូងនូវយន្តហោះគ្មានមនុស្សបើកមួយគ្រឿង ដែលបានបង្ហោះចូលដែនអាកាសរបស់ខ្លួន នៅជិតកោះមួយ តាមឆ្នេរសមុទ្រចិន នាថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីរដ្ឋាភិបាលតៃវ៉ាន់ បានប្តេជ្ញាចាត់វិធានការយ៉ាងតឹងរ៉ឹង ដើម្បីទប់ទល់បំណងឈ្លានពានពីចិន។
រដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រឆាំងយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលទីក្រុងតៃប៉ិ ហើយបានធ្វើសមយុទ្ធយោធា នៅជុំវិញកោះនេះ តាំងពីដើមខែមុន ដើម្បីជាប្រតិកម្មចំពោះដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិ ពីសំណាក់ប្រធានសភាសហរដ្ឋអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi)។
រដ្ឋាភិបាលរបស់កោះតៃវ៉ាន់ បាននិយាយថា ខ្លួននឹងមិនបង្កអរិភាព ឬបង្កើនភាពតានតឹងនោះទេ ប៉ុន្តែថ្មីៗនេះ មានការខឹងសម្បារ ជាពិសេសចំពោះសកម្មភាពប្រព្រឹតម្តងហើយម្តងទៀត ដោយប្រើយន្តហោះគ្មានមនុស្សបើករបស់ចិន ហោះនៅលើកោះនៅជិតឆ្នេរសមុទ្រចិន ដែលគ្រប់គ្រងដោយកោះតៃវ៉ាន់។
ទីបញ្ជាការដ្ឋានការពារជាតិកោះតៃវ៉ាន់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រសួងការពារជាតិតៃវ៉ាន់ថា ដ្រូនមួយគ្រឿងបានចូលដល់ដែនអាកាសរបស់ខ្លួន ហើយកងទ័ពនៅលើកោះនេះ បានព្យាយាមព្រមានឲ្យទៅឆ្ងាយ ប៉ុន្តែមិនព្រមទៅ ទើបសម្រេចចិត្តបាញ់ទម្លាក់ចោល ធ្លាក់ទៅក្នុងសមុទ្រតែម្តង។
កោះតៃវ៉ាន់បានព្រមានបាញ់ទម្លាក់ដ្រូនរបស់ចិនម្តងរួចមកហើយ កាលពីដើមសប្តាហ៍នេះ គឺភ្លាមៗបន្ទាប់ពីប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី សៃ អ៊ឹងវិន (Tsai Ing-wen) បានបញ្ជាឲ្យយោធាចាត់វិធានការប្រឆាំងនឹងអ្វី ដែលលោកស្រីហៅថា ជាការបង្ករឿងរបស់ចិនដីគោក។
ថ្លែងទៅកាន់កងកម្លាំងប្រដាប់អាវុធ នាព្រឹកថ្ងៃព្រហស្បតិ៍ លោកស្រី សៃ អ៊ឹងវិន បាននិយាយថា ប្រទេសចិនកំពុងបន្តប្រើរូបភាពឈ្លានពាន ដោយប្រើយន្តហោះគ្មានមនុស្សបើក និងយុទ្ធសាស្ត្របង្កើតតំបន់មិនច្បាស់លាស់ ដើម្បីបំភិតបំភ័យកោះតៃវ៉ាន់។
សេចក្តីថ្លែងការណ៍ដដែលនេះ បានបន្ថែមថា លោកស្រីប្រធានាធិបតី បានសង្កត់ធ្ងន់ម្តងទៀតថា តៃវ៉ាន់នឹងមិនបង្កជម្លោះទេ ប៉ុន្តែមិនមែនមានន័យថា ខ្លួននឹងមិនចាត់វិធានការតបតនោះដែរ។
លោកស្រីក៏បានបញ្ជាឲ្យក្រសួងការពារជាតិកោះតៃវ៉ាន់ ចាត់វិធានការចាំបាច់ និងខ្លាំងក្លាក្នុងលក្ខណៈទាន់ពេលវេលា ដើម្បីការពារសន្តិសុខជាតិ ដោយគ្មានការភ័យខ្លាច និងជឿជាក់លើខ្លួនឯង៕