ម៉ូស្គូ៖ លោក មីខាអ៊ីល ហ្គោបាឆេវ (Mikhail Gorbachev) ដែលជាមេដឹកនាំផ្តាច់ការចុងក្រោយបង្អស់នៃរបបដឹកនាំសហភាពសូវៀត បានទទួលមរណភាពក្នុងជន្មាយុ៩១ឆ្នាំ កាលពីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ដោយរោគាពាធ។

មន្ទីរពេទ្យមជ្ឈឹម នៅក្នុងទីក្រុងមូស្គូ បានប្រកាស កាលពីល្ងាចម្សិលមិញថា «លោក មីខាអ៊ីល ហ្គោបាឆេវ បានទទួលមរណភាពនៅល្ងាចនេះ បន្ទាប់ពីមានជំងឺធ្ងន់ធ្ងរជាយូរមកហើយ»។

លោក ហ្គោបាឆេវ បានដឹកនាំសហភាពសូវៀតពីឆ្នាំ១៩៨៥ រហូតដល់ការដួលរលំរបបកុម្មុយនិស្ត នៅឆ្នាំ១៩៩១ និងបិទបញ្ចប់សម័យសង្គ្រាមត្រជាក់។

ការរំលាយប្លុកសហភាពសូវៀត ហើយលោក ហ្គោបាឆេវ លាលែងពីតំណែង បានបញ្ចប់សង្គ្រាមត្រជាក់ ហើយបាននាំឲ្យមានឯករាជ្យភាពនៃប្រទេសអឺរ៉ុបខាងកើតមួយចំនួន ក៏ដូចជាការបង្កើតរដ្ឋរុស្ស៊ី នាសម័យទំនើប។

ការស្លាប់របស់លោក ហ្គោបាឆេវ កើតឡើងនៅពេលរុស្ស៊ី កំពុងលុកលុយឈ្លានពានប្រទេសអ៊ុយក្រែន ដែលធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងរដ្ឋាភិបាលក្រុងម៉ូស្គូ និងលោកខាងលិច។

ទីភ្នាក់ងារព័ត៌មានរុស្ស៊ី បានរាយការណ៍ថា សពលោក ហ្គោបាឆេវ នឹងត្រូវបញ្ចុះនៅទីបញ្ចុះសព នាទីក្រុងម៉ូស្គូ ក្បែរផ្នូរប្រពន្ធរបស់លោកឈ្មោះ រ៉ៃសា (Raisa) ដែលបានស្លាប់នៅឆ្នាំ១៩៩៩ ដោយសារជំងឺ។

បន្ទាប់ពីក្លាយជាអគ្គលេខាធិការបក្សកុម្មុយនិស្តសូវៀត នៅឆ្នាំ១៩៨៥ លោក ហ្គោបាឆេវ បានជំរុញឲ្យប្រព័ន្ធនេះរស់ឡើងវិញ ដោយណែនាំនូវសេរីភាពនយោបាយ និងសេដ្ឋកិច្ចមួយចំនួន ហើយលោកក៏បានច្រានចោលការប្រើកម្លាំងកងទ័ពដើម្បីបង្ក្រាបការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសប្លុកសូវៀត ជាពិសេសនៅបណ្តាប្រទេសកុម្មុយនិស្តអឺរ៉ុបខាងកើត នាឆ្នាំ១៩៨៩។ 

ប៉ុន្តែសហភាពសូវៀត បានចាប់ផ្តើមរង្គួសរង្គើរ និងដួលរលំក្នុងរយៈពេលពីរឆ្នាំបន្ទាប់ ទោះបីលោកបានតស៊ូដើម្បីការពារមិនឲ្យដួលរលំក៏ដោយ។

ពេលនោះលោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរបស់អាមេរិក The Associated Press នៅក្នុងបទសម្ភាសន៍ ឆ្នាំ១៩៩២ ភ្លាមៗបន្ទាប់ពីលោកបានលាលែងពីតំណែងថា «ខ្ញុំមើលឃើញខ្លួនឯងជាបុរសម្នាក់ ដែលបានចាប់ផ្តើមធ្វើកំណែទម្រង់ចាំបាច់សម្រាប់ប្រទេសរុស្ស៊ី និងសម្រាប់អឺរ៉ុប ក៏ដូចជាសម្រាប់ពិភពលោកទាំងមូល»។

លោកបានមានប្រសាសន៍ថា «ខ្ញុំតែងតែត្រូវបានគេសួរថា តើខ្ញុំនឹងចាប់ផ្តើមបង្កើតសហភាពសូវៀតម្តងទៀតទេ ប្រសិនបើខ្ញុំបន្តកាន់តំណែង?»

លោក ហ្គោបាឆេវ បានទទួលពានរង្វាន់ណូបែលសន្តិភាពឆ្នាំ១៩៩០ សម្រាប់តួនាទីរបស់លោកក្នុងការបញ្ចប់សង្រ្គាមត្រជាក់ ប៉ុន្តែមនុស្សជាច្រើននៅក្នុងប្រទេសរុស្ស៊ីមើលឃើញថា លោកជាអ្នកទទួលខុសត្រូវចំពោះការដួលរលំនៃសហភាពសូវៀត និងវិបត្តិសង្គម និងសេដ្ឋកិច្ច ដែលប្រទេសនេះបានជួបប្រទះនៅដើមទសវត្សរ៍ឆ្នាំ១៩៩០។

លោក កូន័រ អូក្លែរី (Conor O’Clery) អ្នកឆ្លើយឆ្លងព័ត៌មានអ៊ៀកឡង់ ពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៦ បាននិយាយថា លោក ហ្គោបាឆេវ បានក្លាយទៅជា រងទុក្ខល្វីងជូរចត់ បន្ទាប់ពីបរាជ័យក្នុងការរក្សាសហភាពសូវៀតឲ្យនៅគង់វង្ស ហើយសុខចិត្តលាលែងពីតំណែង។

លោកបាននិយាយរំឭកថា «លោក ហ្គោបាឆេវ បានក្លាយជាមិត្តជាមួយបច្ចឆមប្រទេស និងត្រូវបានគេមើលឃើញថា ជាអ្នកធ្វើកំណែទម្រង់នៅបច្ចឹមប្រទេស។ លោកបានព្យាយាមថែរក្សាសហភាពសូវៀតឲ្យនភគង់វង្ស ប៉ុន្តែត្រូវបរាជ័យ។ លោកត្រូវគេជេរប្រមាថ នៅក្នុងប្រទេសរុស្ស៊ី ដោយសារតែលោកធ្វើឲ្យបែកបាក់សហភាពសូវៀត និងការបញ្ចប់នៃតួនាទីឈានមុខគេ ដែលរុស្ស៊ីធ្លាប់មាននៅលើពិភពលោក»។

មេដឹកនាំសហភាពអឺរ៉ុប បានកោតសរសើរ លោក ហ្គោបាឆេវ  ថាជាមេដឹកនាំ ដែលគួរឲ្យទុកចិត្ត និងគួរឲ្យគោរព ដែលបានត្រួសត្រាយផ្លូវឲ្យអឺរ៉ុបប្រកាន់យករបបដឹកនាំបែបលទ្ធិប្រជាធិបតេយ្យ៕

By Ana

You missed