អន្តរជាតិ៖ យោងតាមការសិក្សាស្រាវជ្រាវ ចេញផ្សាយកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា ការរលាយផ្ទាំងទឹកកលឿនពេក នៅតំបន់ហ្គ្រីនលែន នឹងបណ្តាលឲ្យមានការកើនឡើងនៃកម្រិតទឹកសមុទ្រ និងបង្កផលប៉ះពាល់ដ៏អាក្រក់ក្នុងសតវត្សរ៍ទី២១នេះ ដោយសារសីតុណ្ហភាពនៅតែបន្តកើនឡើងឥតឈប់ឈរ។
ការរលាយផ្ទាំងទឹកកកធំសម្បើម ដែលអ្នកវិទ្យាសាស្ត្រឲ្យឈ្មោះថា «ខ្មោចឆៅ Zombie» នៅតំបន់ហ្គ្រីនលែន នឹងធ្វើឲ្យកម្រិតទឹកសមុទ្រពិភពលោក កើនឡើងយ៉ាងហោចណាស់ជិតកន្លះម៉ែត្រ។ ទោះបីជាផ្ទាំងទឹកកកខ្មោចឆៅ Zombie ឬហៅផ្ទាំងទឹកកករលាយ នៅតែបន្តខាំជាប់ជាមួយនឹងតំបន់ផ្ទាំងទឹកកកក្រាស់ក៏ដោយ ប៉ុន្តែចម្លោះផ្ទៃទឹករបស់វាលែងមានផ្ទាំងទឹកកកធំៗណាមួយ អណ្តែតទៅបាំងជិតទៀតហើយ។
ការសិក្សាស្រាវជ្រាវ ចេញផ្សាយនៅក្នុងទស្សនាវដ្តី ការប្រែប្រួលអាកាសធាតុតាមធម្មជាតិ (Nature Climate Change) បាននិយាយរៀបរាប់ថា កំណើនទឹកសមុទ្រអាចឡើងដល់កម្ពស់៧៨សង់ទីម៉ែត្រ ឬជិតមួយម៉ែត្រ គឺគ្រប់គ្រាន់ ដើម្បីហូរចូលទៅកាន់តំបន់ទំនាបដ៏ច្រើននៅលើផ្ទៃសមុទ្រ និងបង្កជាទឹកជំនន់ និងព្យុះកំបុតត្បូង។
អ្នកស្រាវជ្រាវបាននិយាយទៀតថា «នេះគួរតែចាត់ទុកជាការព្យាករដ៏អាក្រក់បំផុតមួយ សម្រាប់គន្លងផ្ទាំងទឹកកកនៅតំបន់ហ្គ្រីនលែន អំពីការឡើងកម្តៅនៅសតវត្សរ៍ទី២១នេះ»។
ផ្ទុយទៅវិញ របាយការណ៍របស់ក្រុមប្រឹក្សាអន្តររដ្ឋាភិបាល ស្តីពីការប្រែប្រួលអាកាសធាតុ (Intergovernmental Panel on Climate Change – IPCC) កាលពីឆ្នាំ២០២១ បានព្យាករណ៍អំពីកម្ពស់កំណើនទឹកសមុទ្រ អាចមានចន្លោះពី៦ ទៅ១៣សង់ទីម៉ែត្រ ឬខ្មែរហៅថា ពី៦តឹក ដល់១៣តឹក បានមកពីការរលាយផ្ទាំងទឹកកកហ្គ្រីនលែន ឬហៅថា ផ្ទាំងទឹកកក ខ្មោចឆៅ Zombie នៅឆ្នាំ២១០០។
អ្នកជំនាញផ្នែកផ្ទាំងទឹកកក នៅតំបន់អាក់ទិច បានរកឃើញថា ដោយមិនគិតពីការបំពុលដាយឥន្ធនៈហ្វូស៊ីល នាពេលអនាគត ការឡើងកម្តៅលើភពផែនរហូតដល់បច្ចុប្បន្ន នឹងធ្វើឲ្យផ្ទាំងទឹកកកហ្គ្រីនលែន រលាយស្រក់ចុះ៣,៣ភាគរយ នៃបរិមាណផ្ទាំងទឹកកកទាំងអស់នៅអាក់ទិច ដូច្នេះវាអាចបណ្តាលឲ្យមានការកើនឡើងកម្រិតទឹកសមុទ្ររហូតដល់២៧,៤សង់ទីម៉ែត្រ គឺជិតកន្លះម៉ែត្រ។
អ្នកដឹកនាំកម្មវិធីការសិក្សាស្រាវជ្រាវ លោក ជេសុន ប័ក (Jason Box) ដែលជាអ្នកជំនាញខាងស្ទង់ផ្ទាំងទឹកកក នៅតំបន់ហ្គ្រីនលែន បាននិយាយថា ប្រសិនបើមានព្រិលកាន់តែមានច្រើនឡើង នៅលើកំពូលផ្ទាំងទឹកកក វានឹងធ្វើឲ្យតំបន់ខាងក្រោមរីកធំឡើងវិញ។ ក្នុងករណីនេះ ព្រិលអាចជួយកាត់បន្ថយការរួមតូចនៅផ្នែកខាងក្រោមនៃផ្ទាំងទឹកកក ហើយធ្វើឲ្យផ្ទាំងទឹកកកមានលំនឹងឡើងវិញ មិនងាយរលំបាក់ ឬបែកចែញពីគ្នា។
លោកបាននិយាយបន្ថែមថា វិធីសាស្រ្តដែលក្រុមរបស់លោកបានប្រើក្នុងការសិក្សាស្រាវជ្រាវ គឺខុសគ្នាខ្លាំងពីការធ្វើគំរូតាមកុំព្យូទ័រ ប៉ុន្តែអាចជួយបំពេញបន្ថែមដល់ការងារនេះ ដើម្បីទស្សន៍ទាយពីផលប៉ះពាល់នៃការកើនឡើងកម្រិតទឹកសមុទ្រ នៅក្នុងទសវត្សរ៍ខាងមុខ។
លោកបាននិយាយទៀតថា ខណៈការប្រែប្រួលអាកាសធាតុកំពុងបង្កើនការគំរាមកំហែងភ្លាមៗ ដូចជាសន្តិសុខស្បៀង ការបង្កើនល្បឿននៃការកើនឡើងកម្ពស់ទឹកសមុទ្រ នឹងក្លាយជាបញ្ហាប្រឈមដ៏ធំមួយ។
នេះជាលើកទីមួយហើយ ដែលក្រុមអ្នកវិទ្យាសាស្ត្រ បានគណនាអំពីការបាត់បង់ផ្ទាំងទឹកកកច្រើនបំផុត និងអមដោយការកើនឡើងកម្ពស់ទឹកសមុទ្រ នៅតំបន់ហ្គ្រីនលែន ដែលជាផ្ទាំងទឹកកកដ៏ធំសម្បើមមួយ ក្នុងចំណោមផ្ទាំងទឹកកកដ៏ធំចំនួនពីរ របស់ភពផែនដី ដែលរួញបន្តិចម្តងៗ ដោយសារតែការប្រែប្រួលអាកាសធាតុ ពីកម្តៅការដុតធ្យូងថ្ម ប្រេង និងឧស្ម័នធម្មជាតិ។
ពិភពលោកបានឡើងកំដៅជាមធ្យមជិត១,២អង្សារសេ ចាប់តាំងពីសម័យមុនឧស្សាហម្មជឿនលឿន ដោយបានបង្ហាញពីផលប៉ះពាល់ដោយសាររលកកម្តៅ និងមានខ្យល់ព្យុះបោកបក់កាន់តែខ្លាំងឡើងៗ។
ក្រោមកិច្ចព្រមព្រៀងស្តីការប្រែប្រួលអាកាសធាតុ នាទីក្រុងប៉ារីស ប្រទេសនានាបានយល់ព្រមកំណត់អំពីការឡើងកម្តៅឲ្យនៅត្រឹម២អង្សារសេ ប៉ុន្តែនៅក្នុងរបាយការណ៍របស់អ្នកស្រាវជ្រាវ ស្តីពីឥទ្ធិពលអាកាសធាតុ នៅឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអន្តររដ្ឋាភិបាល ស្តីពីការប្រែប្រួលអាកាសធាតុ បាននិយាយថា ទោះបីជាការឡើងកម្តៅលើភពផែនដីមានស្ថេរភាព នៅត្រឹមសីតុណ្ហភាពចាប់ពី២អង្សារសេ ទៅដល់២,៥អង្សារសេក៏ដោយ ខ្សែបន្ទាត់ឆ្នេរកម្ពស់សមុទ្រនឹងបន្តផ្លាស់ប្តូររូបរាងជាងសហស្សវត្សរ៍មុន ដែលអាចបង្កផលប៉ះពាល់ដល់ផែនដីយ៉ាងហោចណាស់២៥កន្លែង និងតំបន់ទំនាបលិចទឹក ដែលជាផ្ទះរបស់មនុស្សរស់នៅ មានចំនួនរហូតដល់១,៣ពាន់លាននាក់ កាលពីក្នុងឆ្នាំ២០១០។
ទោះជាយ៉ាងណា ក្រុមអ្នកស្រាវជ្រាវមិនទាន់ដឹងច្បាស់ថា វាត្រូវការរយៈពេលប៉ុន្មានទើបផ្ទាំងទឹកកកធំៗទាំងពីរដុំនេះ រលាយអស់នោះទេ ប៉ុន្តែការទស្សន៍ទាយបែបអប់រំ បានលើកឡើងថា ប្រហែលជានៅចុងសតវត្សន៍ទី២១នេះ ឬយ៉ាងហោចណាស់ ផ្ទាំងទឹកកកនៅតំបន់ហ្គ្រីនលែន អាចរលាយអស់នៅត្រឹមឆ្នាំ២០៥០៕