ម៉ូស្គូ៖ មន្ត្រីជាន់ខ្ពស់រុស្ស៊ី នៅថ្ងៃនេះ បានចោទប្រកាន់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសថា ចង់ធ្វើឲ្យជម្លោះរុស្ស៊ី-អ៊ុយក្រែន ក្លាយទៅជាការប្រឈមមុខដាក់គ្នាកាន់តែធំរវាងរុស្ស៊ី និងបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប ហើយបង្កើតបានជាសង្គ្រាមទ្រង់ទ្រាយធំមួយ រាលដាលចេញពីប្រទេសអ៊ុយក្រែន។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សើហ្គី ឡារ៉ូវ (Sergey Lavrov) បានមានប្រសាសន៍ថា «អាមេរិក និងអង់គ្លេស ដោយមានការគាំទ្រពីអាល្លឺម៉ង់ ប៉ូឡូញ និងប្រទេសនៅតំបន់បាល់ទិកមួយចំនួនទៀត មានបំណងចង់ឲ្យសង្រ្គាមនេះ ក្លាយជាសង្រ្គាមពិតប្រាកដ ដោយបង្ខំរុស្ស៊ីឲ្យច្បាំងជាមួយបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប»។

លោកបានចោទប្រកាន់ថា រដ្ឋាភិបាលលោកខាងលិចកំពុងរារាំងអ៊ុយក្រែន មិនឲ្យបង្កើតយន្តការណាមួយ ដើម្បីស្វែងរកសន្តិភាពទេ ដោយពួកគេមិនត្រឹមតែបន្ថែមអាវុធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បង្ខំអ៊ុយក្រែន ឲ្យប្រើអាវុធទាំងនោះ សម្រាប់ទប់ទល់ជាមួយរុស្ស៊ី។ ប្រទេសជាច្រើន រួមទាំងសមាជិកអង្គការណាតូ បានដាក់ទណ្ឌកម្មយ៉ាងសន្ធឹកសន្ធាប់លើរដ្ឋាភិបាលរុស្ស៊ី និងបាននិងកំពុងផ្គត់ផ្គង់អាវុធធុនធ្ងន់ដល់រដ្ឋាភិបាលអ៊ុយក្រែន។

លោកបានអះអាងថា សហរដ្ឋអាមេរិក និងអង់គ្លេស កំពុងកេងយកផលប្រយោជន៍ពីជម្លោះរវាងរុស្ស៊ី និងអឺរ៉ុប ដោយសារតែសេដ្ឋកិច្ចនៃបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុប កំពុងទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងពីទណ្ឌកម្មមកលើប្រទេសរុស្ស៊ី។ សហរដ្ឋអាមេរិកបាននិងកំពុងធ្វើសកម្មភាពដោយគ្មានការទទួលខុសត្រូវ ហើយបង្កឲ្យមានភាពតានតឹងជាមួយរុស្ស៊ី។ ប៉ុន្តែមនុស្សជាច្រើននៅអឺរ៉ុបកំពុងចាប់ផ្តើមយល់ថា ប្រធានាធិបតីអាមេរិក លោក ចូ បាយដិន (Joe Biden) បាននិយាយកាលពីសប្តាហ៍មុនថា រុស្ស៊ីត្រូវតែបរាជ័យជាយុទ្ធសាស្ត្រ នៅក្នុងសង្គ្រាមអ៊ុយក្រែន ហើយបានប្តេជ្ញាគាំទ្រអ៊ុយក្រែនបន្ថែមទៀត។

នាពេលថ្មីៗនេះ មន្ត្រីសេតវិមាន បានចោទរុស្ស៊ីថា  កំពុងលេបត្របាក់យកទឹកដីអ៊ុយក្រែន ហើយត្រៀមធ្វើប្រជាមតិកាត់ទឹកដី ដូចរុស្ស៊ីធ្លាប់បានធ្វើជាមួយឧបទ្វីប គ្រីមៀកាលពីប្រាំបីឆ្នាំមុន។

លោក ចន ឃើប៊ី (John Kirby) មន្ត្រីចារកម្មអាមេរិក និងជាអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារថា រុស្ស៊ីកំពុងបង្កើតល្បិចដាក់បញ្ចូលទឹកដីអ៊ុយក្រែន ដែលខ្លួនគ្រប់គ្រងដោយរំលោភលើអធិបតេយ្យភាពរបស់អ៊ុយក្រែន។

លោកបានអះអាងថា «រដ្ឋាភិបាលរុស្ស៊ី នឹងរៀបចំការបោះឆ្នោតប្រជាមតិ បែបបោកប្រាស់ នៅលើទឹកដី ដែលទាហានរុស្ស៊ីដណ្តើមបានពីអ៊ុយក្រែន រួចដាក់បញ្ចូលជាដីរបស់ខ្លួន គឺស្រដៀងគ្នាទៅនឹងអ្វី​យើង​បាន​ឃើញ ​កាល​ពី​ឆ្នាំ ២០១៤ ដែលនៅឆ្នាំនោះរុស្ស៊ីបានរៀបចំបោះឆ្នោតប្រជាមតិ កាត់ទឹកដីគ្រីមៀ ចេញពីអ៊ុយក្រែន»៕

 

By Ana