កូឡុំបូ៖ សមាជិកសភារបស់ប្រទេសស្រីលង្កា នៅថ្ងៃនេះ បានបោះឆ្នោតជ្រើសរើសលោក រ៉ានិល វិករ៉េម៉េសីងហេ (Ranil Wickremesinghe) ជាប្រធានាធិបតីថ្មី ដើម្បីដឹកនាំប្រទេសចេញពីវិបត្តិនយោបាយ និងវិបត្តិសេដ្ឋកិច្ចដ៏យ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យប្រជាជនស្រីលង្កា កង្វះខាតប្រេងឥន្ធនៈ ស្បៀងអាហារ និងសម្ភារៈសំខាន់ៗ ផ្សេងទៀត បន្ទាប់ពីទុនបម្រុងរបស់ខ្លួនរលាយហិនហោចអស់។
គណៈកម្មាធិការជាន់ខ្ពស់របស់ប្រទេសឥណ្ឌា នៅក្នុងប្រទេសស្រីលង្កា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឥណ្ឌាគាំទ្រការសម្រេចនូវសេចក្តីប្រាថ្នារបស់ប្រជាជនស្រីលង្កា បែបប្រជាធិបតយ្យ ក៏ដូចជាស្របតាមរដ្ឋធម្មនុញ្ញ និងមិគ្មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងពីប្រទេសដទៃ ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ។
ប្រទេសឥណ្ឌា បានសេចក្តីថ្លែងការណ៍បែបនេះ បន្ទាប់ពីមានការលើកឡើងថា ឥណ្ឌាចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសស្រីលង្កា ក៏ដូចជានៅពីក្រោយខ្នងក្រុមបាតុករ ដែលមានបានបង្ខំប្រធានាធិបតីលោក ហ្គូតាបាយ៉ា រ៉ាចាបក្សា (Gotabay Rajapaksa) ឲ្យលាលែងពីតំណែង និងភៀសខ្លួនចេញក្រៅប្រទេស។
កាលពីចុងខែមិថុនា លោក រ៉ានិល វិករ៉េម៉េសីងហេ ពេលកាន់តំណែងជានាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា លោកមានទំនុកចិត្តចំពោះសមត្ថភាពដោះស្រាយវិបត្តិរបស់ប្រទេសស្រីលង្កា ដែលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រប្រទេសនេះ។
លោកបានមានប្រសាសន៍ថា «ខ្ញុំមានទំនុកចិត្តថា ខ្ញុំអាចស្តារសេដ្ឋកិច្ចជាតិឡើងវិញបាន»។
ក្រោយពីប្រកាសលទ្ធផលឆ្នោតនៅក្នុងរដ្ឋសភា ក្រុមបាតុករបានពិភាក្សាគ្នាន ដើម្បីបង្កើតយុទ្ធសាស្រ្តនាខាងមុខ សម្រាប់ប្រឆាំងនឹងលោកប្រធានាធិបតីថ្មី ដែលពួកគេចាត់ទុកថា ជាមនុស្សអាយ៉ងរបស់ប្រធានាធិបតីមុន។
មេដឹកនាំបាតុករ បានអះអាងថា ពួកគេនឹងបន្តការតស៊ូទាមទាររហូតលោក រ៉ានិល វិករ៉េម៉េសីងហេ លាលែងពីតំណែង ដោយពួកគេចោទប្រកាន់ថា លោកប្រធានាធិបតីថ្មី គឺជាមនុស្សមានល្បិចកលច្រើន។ ហើយកាលពីពេលថ្មីៗកន្លងមកនេះ លោកបានព្យាយាមបង្ក្រាបការតវ៉ា ដោយដាក់រដ្ឋក្នុងភាពអាសន្ន និងបញ្ជូនឧទ្ធម្ភាគចក្រទ័ពអាកាសទៅដឹកលោក ហ្គូតាបាយ៉ា រ៉ាចាបក្សា ដើម្បីគេចខ្លួនចេញប្រទេស។
ខណៈក្រុមអ្នកតវ៉ាអំពាវនាវឲ្យលោកលែងពីតំណែងរបស់អតីតប្រធានាធិបតី លោក ហ្គូតាបាយ៉ា រ៉ាចាបក្សា និងអតីតនាយករដ្ឋមន្ត្រី ដែលជាបងប្អូនបង្កើតនឹងគ្នា៕