អាមេរិក៖ ស្ថាបនិកក្រុមហ៊ុន អាម៉ាហ្ស៊ូន (Amazon) លោក ចេហ្វ បេហ្សូស (Jeff Bezos) ដែលកំពូលអ្នកមានទ្រព្យស្ម្បត្តិលេខ៣ លើពិភពលោក បានចេញមុខនិយាយរិះគន់ប្រធានាធិបតីអាមេរិក លោក ចូ បាយដិន (Joe Biden) ចំពោះការអំពាវនាវឲ្យក្រុមហ៊ុនឲ្យស្ថានីយ៍ប្រេងឥន្ធនៈនៅក្នុងសហរដ្ឋអាមេរិកបញ្ចុះតម្លៃឲ្យទាបជាងមុន។

នៅក្នុងសារបង្ហោះលើ ទ្វីតធើ (Twitter) កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២នេះ លោក ចូ បាយដិន បាននិយាយថា «នេះគឺជាពេលវេលានៃសង្រ្គាម និងគ្រោះថ្នាក់ជាសកល» ហើយលោកបានទាមទារឲ្យក្រុមហ៊ុនបញ្ចុះតម្លៃប្រេង ដែលនៅក្នុងតំបន់ជាច្រើនក្នុងសហរដ្ឋអាមេរិក បានឡើងថ្លៃដល់ប្រហែលប្រាំដុល្លារក្នុងមួយហ្គាឡុង ឬស្មើនឹងជាង៤លីត្រកន្លះ។

ភ្លាមៗបន្ទាប់ពីលោក ចូ បាយដិន សំណូមពរដូច្នេះ លោក ចេហ្វ បេហ្សូស បានសរសេរសារនៅលើទ្វីតធើថា « អតិផរណាជាបញ្ហាសំខាន់ពេកហើយសម្រាប់សេតវិមាន ដើម្បីបន្តធ្វើសេចក្តីថ្លែងការណ៍ដូច្នេះ។ វាជាទិសដៅខុសឆ្គងទាំងស្រុង ឬជាការយល់ខុសយ៉ាងធ្ងន់ធ្ងរចំពោះកម្លាំងប្រែប្រួលនៅតាមទីផ្សារ»។

កាលពីថ្ងៃអាទិត្យ អ្នកនាំពាក្យប្រចាំសេតវិមាន លោកស្រី ខារីន ហ្សង់ព្យា (Karine Jean-Pierre) បានច្រានចោលការរិះគន់ពីលោក ចេហ្វ បេហ្សូស  ដោយលោកស្រីលើកហេតុផលថា តម្លៃប្រេងបានធ្លាក់ចុះប្រហែល១៥ដុល្លារក្នុងមួយធុង កាលពីខែមុន ខណៈតម្លៃនៅតាមស្ថានីយ៍ចាក់ប្រេងស្ទើរគ្មានចុះតម្លៃសោះតែម្តង។

លោកស្រីបានសរសេរសារនៅលើ ទ្វីតធើថា «ប៉ុន្តែខ្ញុំគិតថា វាមិនគួរឲ្យភ្ញាក់ផ្អើលទេ ដែលអ្នកគិតថា ក្រុមហ៊ុនប្រេងនិងឧស្ម័ន ប្រើអំណាចទីផ្សារដើម្បីប្រមូលប្រាក់ចំណេញពីការចំណាយរបស់ប្រជាជនអាមេរិក»។

ទំនាក់ទំនងរវាងលោក ចេហ្វ បេហ្សូស ជាមួយរដ្ឋាភិបាលរបស់លោក ចូ បាយដិន នាពេលកន្លងមក គឺមិនល្អសោះតែម្តង ដូចកាលពីខែឧសភា ឆ្នាំ២០២២នេះ លោកបានចោទប្រកាន់លោកប្រធានាធិបតីថា ប្រឹងបំភាន់ភ្នែកសាធារណជន និងបានស្តីបន្ទោសលោក ចូ បាយដិន ចំពោះការកើនឡើងនៃអតិផរណា នៅក្នុងសហរដ្ឋអាមេរិក។

លោក ចេហ្វ បេហ្សូស កើតថ្ងៃទី១២  ខែមករា ឆ្នាំ១៩៦៤ ក្នុងសហរដ្ឋអាមេរិក។ លោក គឺជាសហគ្រិនជនជាតិអាមេរិក ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ អ្នកវិនិយោគ និងជាវិស្វករកុំព្យូទ័រ។ លោក គឺជាស្ថាបនិក ប្រធាននាយកប្រតិបត្តិ និងជាអតីតប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន អាម៉ាហ្សូន។  លោកមានទ្រព្យសម្បត្តិសុទ្ធប្រហែល១៣៥,៣ពាន់លានដុល្លារ គិតត្រឹមខែកក្កដា ឆ្នាំ២០០២។

លោក ចេហ្វ បេហ្សូស គឺជាអ្នកមានបំផុតទីពីរ ក្នុងពិភពលោក និងជាអ្នកមានបំផុត ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១។ លោកបានទទួលសញ្ញាប័ត្រផ្នែកវិស្វកម្មអគ្គិសនី និងវិទ្យាសាស្ត្រកុំព្យូទ័រ។ លោកបានបង្កើតក្រុមហ៊ុន អាម៉ាហ្សូន នៅចុងឆ្នាំ១៩៩៤។ ក្រុមហ៊ុនបានចាប់ផ្តើមជាហាងលក់សៀវភៅតាមអ៊ីនធឺណិត ហើយចាប់តាំងពីពេលនោះមក ក្រុមហ៊ុនបានពង្រីកទីផ្សារ និងសេវាកម្មអេឡិចត្រូនិកផ្សេងៗជាច្រើន។ បច្ចុប្បន្ន អាម៉ាហ្សូន គឺជាក្រុមហ៊ុនលក់អនឡាញដ៏ធំបំផុតលើពិភពលោក ដែលជាក្រុមហ៊ុនអ៊ីនធឺណេតធំជាងគេ។

លោកត្រូវបានគេដាក់ឈ្មោះថា ជាបុរសមានបំផុតក្នុងប្រវត្តិសាស្ត្រសម័យទំនើប បន្ទាប់ពីទ្រព្យសម្បត្តិរបស់គាត់បានកើនឡើងដល់១៥០ពាន់លានដុល្លារ ក្នុងខែកក្កដា ឆ្នាំ២០១៨។ ក្នុងខែសីហា ឆ្នាំ២០២០ លោកមានទ្រព្យសម្បត្តិលើសពី២០០ពាន់លានដុល្លារ។ នៅក្នុងឆ្នាំ២០២០ ក្នុងអំឡុងពេលជំងឺរាតត្បាត COVID-19 ទ្រព្យសម្បត្តិរបស់លោកបានកើនឡើងប្រហែល២៤ពាន់លានដុល្លារ។ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ លោកបានលាលែងពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន អាម៉ាហ្សូន ដោយយកតួនាទីជាប្រធានប្រតិបត្តិវិញ៕

Amazon Founder and CEO Jeff Bezos talks about his ‘Blue Origin Space Program’ during a keynote session at the Amazon Re:MARS conference on robotics and artificial intelligence at the Aria Hotel in Las Vegas, Nevada on June 6, 2019. (Photo by Mark RALSTON / AFP) (Photo by MARK RALSTON/AFP via Getty Images)

 

 

By Ana

You missed