ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន ចំអកឲ្យសហរដ្ឋអាមេរិកអំពីការប្រើប្រាស់យន្តធុនធំរបស់កងទ័ព រវាងការដកទព័ចេញពីប្រទេសអាហ្វហ្គានីស្ថាន យ៉ាងតក់ក្រហល់ និងការដឹកសម្ភារៈជំនួសង្គ្រោះដល់ជនជាតិអាហ្វហ្ឡានីស្ថាន ដែលរងគ្រោះដោយសាររញ្ជួយដី។
លោក ចាវ លីជៀន អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីម្សិលមិញ បានផ្សាយសារនៅធ្វីទ័រថា យន្តហោះប្រភេទដូចគ្នានេះ គឺផ្ទុយពីជំនួយរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងចំពោះប្រទេសរងគ្រោះដោយសាររញ្ជួយដី និងការដកទ័ពរបស់សហរដ្ឋអាមេរិកយ៉ាងប្រញាប់ប្រញាល់ ចេញពីប្រទេសអាហ្វហ្គានីស្ថាន នៅពេលពួកជីវពលតាលីបង់ឡើងកាន់អំណាច។
លោក ចាវ លីជៀន បានសរសេរ អមដោយរូបថត និងឃ្លីបវីដេអូ អំពីយន្តហោះចុះចតថា «យន្តហោះប្រភេទដូចគ្នា ដែលសហរដ្ឋអាមេរិកបានប្រើសម្រាប់ការដកខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថានដែលហែកហួរដោយសង្គ្រាម ពេលនេះចិនកំពុងដាក់ពង្រាយដើម្បីផ្តល់ការផ្គត់ផ្គង់សម្រាប់កសាងខេត្តរបស់ប្រទេសនេះឡើងវិញ»។
លោកបានដាក់ចំណងជើងរូបថតជាភាសាអង់គ្លេស ដែលប្រែជាភសាខ្មែរថា «យន្តហោះអាមេរិកបានដឹកមនុស្ស ដើម្បីភៀសខ្លួនចេញ បន្ទាប់ពីការបំផ្លិចបំផ្លាញ ចំណែកយន្តហោះរបស់ចិនបាននាំយកជំនួយសង្គ្រោះសម្រាប់ការសាងសង់ឡើងវិញ»។
លោកសរសេរបែបនេះ គឺសំដៅដល់ការដកទ័ពរបសអាមេរិកចាកចេញពីទីក្រុងកាប៊ុល កាលពីខែសីហា ឆ្នាំ២០២១ ដែលជនជាតិអាហ្វហ្គានីស្ថានរាប់ពាន់នាក់ព្យាយាមរត់តាម និងតោងប្រញ៉ាយ ក្នុងបំណងបានភៀសខ្លួនចេញពីប្រទេសកំណើត។
សូមបញ្ជាក់ថា យន្តហោះដឹកជញ្ជូនរបស់យោធាចិន ឈ្មោះ Xian Y-20 បានដឹកជំនួយផ្នែកមនុស្សធម៌ដល់ព្រលានត៊យន្តហោះអន្តរជាតិ កាប៊ុល កាលពីសប្តាហ៍មុន។
លោក ចាវ លីជៀន បានប្រដូចនូវឃ្លីបវីដេអូមើលទៅស្រដៀងនឹងវីដេអូ ដែលផ្សព្វផ្សាយនៅក្នុងប្រទេសចិន និងផ្ទុយពីកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះជាមួយនឹងការតស៊ូរបស់សហរដ្ឋអាមេរិក ដើម្បីរត់ចោលរដ្ឋាភិបាលអាហ្វហ្គានីស្ថាន កាលពីឆ្នាំ២០២១ នៅពេលពួកតាលីបង់ឡើងកាន់អំណាច នៅទីក្រុងកាប៊ុល វន្ទាប់ពីរដ្ឋាភិបាលអាយ៉ងអាមេរិកបានរលាយបាត់ទៅ៕