ម៉ូស្គូ៖ មន្ត្រីយោធាជាន់ខ្ពស់រុស្ស៊ី និយាយអះអាងថា កងទ័ពរុស្ស៊ី បានកម្ទេចចោលក្រុមទាហានស៊ីឈ្នួល ជាតិហ្សកហ្ស៊ី ដែលកំពុងជួយច្បាំងឲ្យអ៊ុយក្រែន ហើយរងការចោទប្រកាន់ថា ជាប់ពាក់ព័ន្ធក្នុងការសម្លាប់ឈ្លើយសឹករុស្ស៊ី ដោយមិនញញើតដៃ។

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោកឧត្តមសេនីយឯក អ៊ីហ្គរ កូណាហ្សេនកូវ​ (Igor Konashenkov) បាននិយាយា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ថា ក្នុងចម្ងាយដីបីគីឡូម៉ែត្រពីរោងចក្រចម្រាញ់ប្រេងមួយ ស្ថិតក្នុងសាធារណរដ្ឋប្រជាមានិតឡលូហាន់ (Luhansk) អង្គភាពរុស្ស៊ី បានកម្ទេចចោលក្រុមសកម្មប្រយុទ្ធ និងជាក្រុមស៊ើបការណ៍ចំនួនពីរក្រុម នៃទាហានស៊ីឈ្នួលបរទេស ដែលមានចំនួនសរុប១៤នាក់ ជាជនជាតិហ្សកហ្ស៊ី។

យោងតាមអ្នកនាំពាក្យដដែលនេះ បានអះអាចទៀតថា មានពលរដ្ឋមកពីបណ្តាប្រទេសអ៊ឺរ៉ុបខាងលិចជាច្រើននាក់ទៀត ជាទាហានស៊ីឈ្នួល ក៏ស្ថិតនៅក្នុងកងពលរបស់ទាហានហ្សកហ្ស៊ីនេះដែរ ត្រូវកងទ័ពរុស្ស៊ីកម្ទេចចោលដូចគ្នា។

លោកឧត្តមសេនីយឯក អ៊ីហ្គរ កូណាហ្សេនកូវ​ បានចោទប្រកាន់ក្រុមទាហានបរទេសទាំងអស់នេះថា ជាពួកសកម្មប្រយុទ្ធហ្សកហ្ស៊ី ដែលមានជាប់ពាក់ព័ន្ធនឹងការធ្វើទារុណកម្មដ៏ឃោរឃៅ និងការសម្លាប់ទាហានឈ្លើយសឹករុស្ស៊ី នៅជិតទីក្រុងគៀវ កាលពីក្នុងខែមីនាកម្លងមកនេះ។

ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុករបស់យោធារុស្ស៊ីនៅអ៊ុយក្រែន នៅចុងខែកុម្ភៈ រដ្ឋាភិបាលទីក្រុងមូស្គូ និងគៀវ បាននិងកំពុងចោទប្រកាន់គ្នាទៅវិញទៅមក ពីបទរំលោភបំពាន និងធ្វើទារុណកម្ម ក៏ដូចជាអំពើឃោរឃៅលើជនស៊ីវិល។ កាលពីខែឧសភា គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី បាននិយាយថា ខ្លួនកំពុងពិនិត្យមើលវីដេអូបផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្ហាញពីទាហានស៊ីឈ្នួលហ្សកហ្ស៊ីម្នាក់ បានវាយធ្វើទារុណកម្មទាហានឈ្លើយសឹករុស្ស៊ី ដែលត្រូវពួកគេចាប់ខ្លួនបាននៅក្នុងសមរភូមិ។

មន្ត្រីសិទ្ធិមនុស្សកំពូលរបស់រុស្ស៊ី ក្នុងខែនេះ បានសម្តែងការព្រួយបារម្ភជុំវិញការធ្វើទារុណកម្មឈ្លើយសឹករុស្ស៊ី ដែលត្រូវចាប់ខ្លួនបាន នៅក្នុងសង្គ្រាមអ៊ុយក្រែន ហើយនិយាយចោទប្រកាន់កាកបាទ​ក្រហម​អន្តរជាតិថា ​មិន​បាន​ផ្តល់​ព័ត៌មាន​ណា​មួយ​អំពីលទ្ធផលនៃ​ការ​​ពិនិត្យ​មើល​លក្ខខណ្ឌ ​ដែលទាហានឈ្លើយសឹករុស្ស៊ី កំពុងជាប់ពន្ធនាគារអ៊ុយក្រែនឡើយ។

កងទ័ពរុស្ស៊ីបានឈ្លាពានប្រទេសអ៊ុយក្រែន កាលពីចុងខែកុម្ភៈ បន្ទាប់ពីរស្ស៊ីចោទប្រកាន់អ៊ុយក្រែនថា ការបរាជ័យ ក្នុងការអនុវត្តលក្ខខណ្ឌនៃកិច្ចព្រមព្រៀងទីក្រុង មីន (Minsk) ប្រទេសប៉ូឡូញ ដែលបានចុះហត្ថលេខាជាលើកដំបូងនៅក្នុងឆ្នាំ២០១៤ និងការទទួលស្គាល់របស់រដ្ឋាភិបាលទីក្រុងម៉ូស្គូចំពោះសាធារណរដ្ឋដូណែត (Donetsk) និងសាធារណរដ្ឋ លូហាន់ (Luhansk) ក្នុងតំបន់ដូនបាស់ (Donbass)។

ចាប់តាំងពីពេលនោះមក វិមានក្រឹមឡាំងបានទាមទារឲ្យអ៊ុយក្រែនប្រកាសជាផ្លូវការថា ខ្លួនជាប្រទេសអព្យាក្រឹត ដមិនចូលរួមក្នុងប្លុកយោធាណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក។ ចំណែករដ្ឋាភិបាលទីក្រុងគៀវ​ បាន​ទទូច​ថា ការ​វាយលុកក្នុងសង្គ្រាមឈ្លានពាន​របស់​រុស្ស៊ី​ គឺ​ជាការ​បង្កហេតុ​ទាំង​ស្រុង ហើយ​បាន​បដិសេធ​ការ​អះអាង​ថា ​ខ្លួន​មាន​គម្រោង​ដណ្តើម​យក​សាធារណរដ្ឋ​បំបែកខ្លួនពីអ៊ុយក្រែនទាំង​ពីរ​ខាងលើមក​វិញ​ដោយ​កម្លាំងយោធា៕

By Ana

You missed