ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ សម្តេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក តយៈពេលពីរថ្ងៃ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
សម្តេចតេជោ បានជម្រាបជូនជនរួមជាតិ មុនពេលចេញដំណើរនាព្រឹកនេះថា «ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាត្រូវធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក និងដើម្បីរំព្ញកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិកផងដែរ។ ស្ថិតនៅទឹកដីសហរដ្ឋអាមេរិក ខ្ញុំនឹងជួបជាមួយមេដឹកនាំសំខាន់ៗមួយចំនួន ព្រមទាំងបងប្អូនខ្មែរអាមេរិកាំង ដែលរស់នៅទីនោះកំពុងរងចាំទទួលខ្ញុំ»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមអាស៊ាន បានឲ្យដឹងថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជានឹងចូលរួមប្រជុំកំពូលពិសេស ដើម្បីអបអរសាទរទំនាក់ទំនងបែបកិច្ចសន្ទនា រវាងមេដឹកនាំប្រទេសជាសមាជិកសមាគម អាស៊ាន និងមេដឹកនាំសហរដ្ឋអាមេរិក នាពីថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ នៅរដ្ឋធានីវ៉ាស៊ីនតោន។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា «នេះគឺជាកិច្ចប្រជុំកំពូលពិសេស លើកទីពីរ ចាប់តាំងពីឆ្នាំ២០១៦ និងជាលើកដំបូងនៅក្នុងមេដឹកនាំរបស់យើង ចាប់តាំងពីឆ្នាំ២០១៧»។
តាមការគ្រោងទុក មេដឹកនាំអាស៊ាន និងប្រធានាធិបតីអាមេរិក លោក ចូ បាយដិន (Joe Biden) នឹងជួបពិភាក្សាគ្នា ដើម្បីស្វែងរកវិធី និងមធ្យោបាយ សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រួមទាំងការឆ្លើយតបនឹងជំងឺកូវីដ-១៩ និងសន្តិសុខសុខភាពពិភពលោក ការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការផ្នែកដែនសមុទ្រ ការអភិវឌ្ឍន៍ធនធានមនុស្ស ការអប់រំ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន រួមទាំងផ្នែកសេដ្ឋកិច្ចផងដែរ»។
សេចក្តីប្រកាសព័ត៌មានដដែលនេះ បានបញ្ជាក់បន្ថែមថា «មេដឹកនាំអាស៊ាន-អាមេរិក នឹងផ្លាស់ប្តូរយោបល់លើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួម និងកង្វល់រួម។ ក្នុងកិច្ចប្រជុំជាប្រវត្តិសាស្ត្រនេះ មេដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក នឹងធ្វើបទពិពណ៌នាអំពីទិសដៅនៃទំនាក់ទំនងនាពេលអនាគតរបស់ អាស៊ាន-អាមេរិក និង ពង្រឹងបន្ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជនអាស៊ាន និងអាមេរិក»។
កិច្ចប្រជុំកំពូលពិសេសនេះ ក៏នឹងបញ្ជាក់ឡើងវិញផងដែរ នូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់តួនាទីអព្យាក្រឹតភាព និងឯកភាព តាមរយៈយន្តការដឹកនាំរបស់អាស៊ាន ក៏ដូចជាពង្រឹងទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមក ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងបណ្តាប្រទេសក្នុងតំបន់៕