គៀវ៖ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគៀវ ប្រទេសអ៊ុយក្រែន នាយករដ្ឋមន្រ្តីប្រទេសកាណាដា លោក ចាស្ទីន ត្រូដូ (Justin Trudeau) បានប្រកាសផ្តល់អាវុធថែមទៀត ដល់អ៊ុយក្រែន និងដាក់ទណ្ឌកម្មបន្ថែម មកលើប្រទេសរុស្សី ដើម្បីច្បាំងទប់ទល់នឹងកងទ័ពរុស្ស៊ី ដែលកំពុងតែវាយសង្គ្រប់ជារៀងរាល់ថ្ងៃ។

នា​សន្និសីទ​សារព័ត៌មាន​ ក្នុង​ទីក្រុងគៀវ លោក ចាស្ទីន ត្រូដូ កាល​ពី​ថ្ងៃ​ម្សិលមិញ បានចោទប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថាអ្នកទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្រ្គាម ហើយខ្លួនលោកផ្ទាល់នឹងធ្វើ​ជា​សាក្សី​ ដើម្បីបកស្រាយអំពើឃោរឃៅនៃសង្គ្រាមខុសច្បាប់របស់រុស្ស៊ី។

លោកនាយករដ្ឋមន្ត្រីកាណាដា បាននិយាយថា «វាច្បាស់ណាស់ថា លោក វ្ល៉ាឌីមៀ ពូទីន ទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្រ្គាមដ៏សាហាវ។ ថ្ងៃនេះ ខ្ញុំបានប្រកាសអំពីជំនួយយោធាបន្ថែមទៀត មានដូចជា ត្រូន ទិន្នន័យរូបភាពផ្កាយរណប សព្វាវុធ គ្រាប់រំសេវ និងជំនួយផ្សេងៗទៀត រួមទាំងថវិកាសម្រាប់ប្រតិបត្តិការដោះមីនផងដែរ។

ក្រុមប្រទេសជីប្រាំពីរ (G7) ដែលកាណាដាជាសមាជិក បានប្រកាសជាថ្មី អំពីកាក់ទណ្ឌកម្មរួម លើប្រទេសរុស្ស៊ី និងបានសន្យាកាត់បន្ថយការពឹងផ្អែកលើរុស្ស៊ី សម្រាប់ថាមពល និងការនាំចូលប្រេង។

លោក ត្រូដូ បានសន្យាថា ប្រទេសកាណាដា នឹងផ្តល់ជំនួយគិតជាទឹកប្រាប់២៥លានដុល្លារ ដល់កម្មវិធីស្បៀងអាហារពិភពលោក របស់អង្គការសហប្រជាជាតិ ដើម្បីរក្សាសន្តិសុខស្បៀង និងនៅឆ្នាំក្រោយ កាណាដា នឹងដកពន្ធលើការនាំចូលរបស់អ៊ុយក្រែនទាំងអស់ ទៅកាន់ប្រទេសកាណាដា។

ក្នុងពេលនេះដែរ លោក ចាស្ទីន ត្រូដូ បានឆ្លៀតពេលទស្សនាទីក្រុង អឺពីន ក្រៅជាយទីក្រុង គៀវ ដែលជាចំណុចក្តៅនៃការប្រយុទ្ធគ្នាដ៏ខ្លាំងក្លារវាងទាហាន​អ៊ុយក្រែន​ និងទាហា​រុស្ស៊ី ​មុន​ពេល​​រុស្ស៊ី​ ដក​ចេញ កាលពី​ចុង​ខែ​មីនា។

ដំណើរ​ទស្សនកិច្ច​នេះ​ ​បាន​ធ្វើ​ឡើង​នៅ​ពេល​​ជំទាវ​ទី​មួយ​ របស់​សហរដ្ឋ​អាមេរិក គឺលោកស្រី ជៀល បាយដិន (Jill Biden) ភរិយាលោក ចូ បាយដិន បាន​ប្រារព្ធពិធី​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើលមួយ ដើម្បីអបអរសាទរ​ ទិវា​បុណ្យ​ដឹងគុណម្ដាយ ជាមួយជំទាវទីមួយ របស់អ៊ុយក្រែន គឺលោកស្រី អូឡេណា ហ្សឺឡឹនស្កា (Olena Zelenska) ភរិយាលោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី ដើម្បីបង្ហាញការគាំទ្ររបស់សហរដ្ឋអាមេរិកមកលើប្រទេសអ៊ុយក្រែន។

លោក ជៀល បាយដិន បានប្រាប់លោកស្រី ​ហ្សឺឡឹនស្កា នៅក្នុងពិធីនេះថា «ខ្ញុំចង់ធ្វើទស្សនកិច្ច នៅចំថ្ងៃទិវាបុណ្យដឹងគុណម្ដាយ។​ ខ្ញុំគិតថា ជារឿងសំខាន់ណាស់ ដើម្បីបង្ហាញដល់ប្រជាជនអ៊ុយក្រែនថា សង្រ្គាមនេះត្រូវតែបញ្ឈប់ ហើយសង្គ្រាម​នេះសាហាវណាស់ ដូច្នេះ​ប្រជាជន​អាមេរិក នៅ​ជាមួយ​ប្រជាជន​អ៊ុយក្រែន»។

លោកស្រី គឺជាស្ត្រីទី១របស់​អាមេរិក ដែល​ហ៊ានធ្វើដំណើរចូល​ក្នុង​ប្រទេស​អ៊ុយក្រែន ​ក្នុង​អំឡុង​ពេល​មាន​សង្រ្គាម។ ចំណែកការ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​របស់លោក ហ្សឺឡឹនស្កា គឺ​ជា​លើក​ដំបូង​របស់​នាង​ ចាប់​តាំង​ពី​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន​ នៅ​ថ្ងៃ​ទី២៤ ខែខែ​កុម្ភៈ ឆ្នាំ២០២២។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​លោក ចូ បាយដិន បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ប៉ូឡូញ​ កាល​ពី​ខែ​មីនា ប៉ុន្តែ​មិន​បានឆ្លងដែនចូលទៅក្នុងទឹកដីអ៊ុយក្រែនឡើយ ដោយសារតែហេតុផលសន្តិសុខ៕

 

By Ana

You missed