ប៉ារីស៖ លទ្ធផលបោះឆ្នោតនៅបារាំង បានបង្ហាញនៅព្រឹកនេះថា លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) បន្តជាប់ឆ្នោត​ប្រធានាធិបតី​បារាំង​ អាណត្តិទី២ ដោយទទួលបានសំឡេងឆ្នោតលើសគូប្រជែងរបស់ខ្លួន ដែលលទ្ធផលបញ្ជាក់ឲ្យឃើញពីប្រជាប្រិយភាពក្នុងការដឹកនាំប្រទេស ក្នុងអាណត្តិកន្លងមក។

លទ្ធផលបឋម ដែលគពឲណៈកម្មការរៀបចំការបោះឆ្នោត បានបង្ហាញថា លោក ម៉ាក្រុងទទួលបានសំឡេងឆ្នោតគាំទ្រ៥៨,៥៥ភាគរយ នៃសន្លឹកឆ្នោតសរុប ខណៈ គូប្រជែងតំណែងប្រធានាធិបតីរបស់លោក ម៉ាក្រុង គឺលោកស្រី ម៉ារីន ឡឺប៉ាំង (Marine Le Pen) ទទួលបានសំឡេងឆ្នោតគាំទ្រចំនួន៤១,៤៥ភាគរយ។

ក្រសួងមហាផ្ទៃបារាំង ប្រកាសលទ្ធផល​បន្ទាប់​ពី​ការ​បញ្ចប់នៃការរាប់សន្លឹកឆ្នោត បានបញ្ជាក់ថា ប្រធានាធិបតីបារាំង ដែលកំពុងកាន់អំណាច លោក អេម៉ានូអែល ម៉ាក្រុង ទទួលបានសំឡេងឆ្នោតគាំទ្រលើសគូប្រជែង នៅក្នុងជុំទីពីរនៃការបោះឆ្នោត ​ជ្រើសរើស​ប្រធានាធិបតី។

ជ័យជម្នះរបស់លោក ម៉ាក្រុង ក្នុងអាណត្តិទីពីរនេះ បានធ្វើឲ្យមានការធូរស្រាលក្នុងចំណោមសម្ព័ន្ធមិត្ត ដែលថាអំណាចអាវុធនុយក្លេអ៊ែរនឹងមិនផ្លាស់ប្តូរទិសដៅភ្លាមៗ នៅក្នុងពាក់កណ្តាលសង្រ្គាមនៅអ៊ុយក្រែន ពីសហភាពអឺរ៉ុប និងកិច្ចខិតខំប្រឹងប្រែងរបស់ណាតូ ដើម្បីដាក់ទណ្ឌកម្ម និងទប់ស្កាត់ការពង្រីកយោធារបស់រុស្ស៊ី។

សម្រាប់អាណត្តិទី២ មានរយៈពេលប្រាំឆ្នាំ លោក ម៉ាក្រុង អាយុ៥៥ឆ្នាំ បានរំដោះប្រទេសបារាំង និងអឺរ៉ុបពីភាពចលាចល ដោយបានយកឈ្នះគូប្រជែងដណ្តើមតំណែងប្រធានាធិបតី គឺលោកស្រី ម៉ារីន ឡឺប៉ាំង ដែលបានទទួលស្គាល់ការបរាជ័យរបស់ខ្លួន ប៉ុន្តែនៅតែទទួលបានពិន្ទុល្អបំផុត មិនធ្លាប់មានក្នុងប្រវត្តិបោះឆ្នោតនៅបារាំង។ .

លោក ម៉ាក្រុង បាននិយាយអំពីជ័យជម្នះនេះថា «យើងមានរឿងជាច្រើនដែលត្រូវធ្វើ ហើយសង្រ្គាមនៅអ៊ុយក្រែនរំឭកយើងថា យើងកំពុងឆ្លងកាត់គ្រាសោកនាដកម្ម ដែលប្រទេសបារាំងត្រូវតែបញ្ចេញសំឡេងរបស់ខ្លួន»។

ក្នុងអំឡុងពេលយុទ្ធនាការលោកស្រី ឡឺប៉ាំង បានសន្យាថា បន្ថយទំនាក់ទំនងរបស់បារាំង ជាមួយសហភាពអឺរ៉ុប អង្គការណាតូ និងអាឡឺម៉ង់ ដែលនឹងធ្វើឲ្យមានការរង្គោះរង្គើដល់ស្ថាបត្យកម្មសន្តិសុខរបស់អឺរ៉ុប ខណៈទ្វីបនេះ កំពុងដោះស្រាយជម្លោះដ៏អាក្រក់បំផុតចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។

លោកស្រីក៏បាននិយាយប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ី ធ្វើឲ្យមានការសួរចេញដោលអំពីទំនាក់ទំនងរបស់លោកស្រីជាមួយវិមានក្រឹមឡាំង។

មេដឹកនាំអឺរ៉ុប បានសាទរចំពោះជ័យជម្នះរបស់លោក ម៉ាក្រុង ចាប់តាំងពីប្រទេសបារាំង បានដើរតួនាទីនាំមុខគេក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីដាក់ទណ្ឌកម្មរុស្ស៊ី និងកំពុងផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន។

លោក ម៉ាក្រុង គឺជាប្រធានាធិបតីបារាំងដំបូងគេ ក្នុងរយៈពេល២០ឆ្នាំ ដែលបានឈ្នះការបោះឆ្នោតឡើងវិញ ចាប់តាំងពីលោកប្រធានាធិបតី ហ្សាក់ ស៊ីរ៉ាក់ (Jaqque Chirac)៕

 

 

By Ana

You missed