ប៉េកាំង៖ រដ្ឋមន្ត្រីការពារជាតិចិន បាននិយាយព្រមានរដ្ឋមន្ត្រីការពារជាតិអាមេរិក កាលពីម្សិលមិញថា ទំនាក់ទំនងទ្វេភាគី រវាងរដ្ឋាភិបាលវ៉ាស៊ីនតោន ជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង អាចនឹងបង្កជាមហន្តរាយធ្ងន់ធ្ងរ ប្រសិនបើការ​ដោះស្រាយ​បញ្ហាកោះ​តៃវ៉ាន់​ ពីសំណាក់រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​ធ្វើឡើងដោយ​មិន​ត្រឹមត្រូវ​។

យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Russia Today បានឲ្យដឹងថា ក្នុង​អំឡុង​ការសន្ទនាតាម​ទូរស័ព្ទ​​រយៈពេល៤៥នាទី ដែល​​ផ្តួច​ផ្តើម​ដោយ​ភាគី​អាមេរិក លោក វ៉ី ហ្វេងហឺ (Wei Fenghe) បាន​បញ្ជាក់​ជំហរ​របស់​រដ្ឋាភិបាលក្រុង​ប៉េកាំង ប្រាប់រដ្ឋមន្ត្រីការពារជាតិងអាមេរិក គឺលោក ឡយ អូស្ទីន (Lloy Austin) យ៉ាងច្បាស់​ថា កោះតៃវ៉ាន់ គឺ​ជា​ផ្នែក​មួយ ​ដែល​មិន​អាច​កាត់​ផ្តាច់​ពី​ចិនបានឡើយ ដោយ​ទទូច​ថា «វាគឺជាការពិត និងស្ថានភាពដែលគ្មាននរណាម្នាក់អាចផ្លាស់ប្តូរបានឡើយ»។

​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការពារ​ជាតិ​ចិនវិញ បានឲ្យដឹងថា កង​ទ័ពរំដោះប្រជាជន​ចិន​ ចង់​ធ្វើ​គ្រប់​យ៉ាង​ ដើម្បី​ការពារ​បូរណភាពទឹកដី​របស់​ខ្លួន ដោយមិនឲ្យប្រទេសណាមួយលូកដៃចូលឡើយ។

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះដែរ លោក វ៉ី ហ្វេងហឺ ក៏បានព្រមានលោក ឡយ អូស្ទីន ដោយចំៗថា ការដោះស្រាយខុសណាមួយរបស់សហរដ្ឋអាមេរិក ចំពោះបញ្ហាដែនដីតៃវ៉ាន់ នឹងក្លាយជាផលប៉ះពាល់បំផ្លិចបំផ្លាញដល់ទំនាក់ទំនងទ្វេភាគី ចិន-អាមេរិក។

សម្រាប់សហរដ្ឋអាមេរិកវិញ ចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់សព្វថ្ងៃនេះ ទោះបីធ្លាប់ជាទទួលស្គាល់រដ្ឋាភិបាលទីក្រុងប៉េកាំងថា​ ជាអាជ្ញាធរស្របច្បាប់តែមួយគត់នៅក្នុងប្រទេសចិន ក៏រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នៅតែរក្សាទំនាក់ទំនងក្រៅផ្លូវការជាមួយកោះតៃវ៉ាន់ ហើយបញ្ចេញទង្វើយ៉ាងសកម្ម ដើម្បីគាំទ្រ និងជំរុញកោះតៃវ៉ាន់ប្រកាសឯករាជ្យរបស់ខ្លួន ដោយសហរដ្ឋអាមេរិកជាអ្នកផ្គត់ផ្គង់សព្វាវុធសម្រាប់ធ្វើសង្គ្រាមជាមួយចិនដីគោក។

កាល​ពី​សប្តាហ៍​មុន យោធា​ចិន​ បាន​ធ្វើ​សមយុទ្ធ​ដ៏​ធំ​មួយ នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ ចំ​ពេល​មាន​ដំណើរ​ទស្សន​កិច្ច​របស់​ គណៈប្រតិភូជាន់ខ្ពស់ នៃសមាជិកព្រឹទ្ធសភាអាមេរិក ទៅកាន់ទីក្រុងតៃប៉ិ នៃកោះតៃវ៉ាន់។

ចំណែកប្រធានបទនៃប្រតិបត្តិការយោធារុស្ស៊ី នៅអ៊ុយក្រែន ក៏ស្ថិតក្នុងចំណោមបញ្ហា ដែលរដ្ឋមន្ត្រីការពារជាតិទាំងពីរ បានលើកពិភាក្សាផងដែរ ដែលក្នុងឱកាសនោះ​ លោក វ៉ី ហ្វេងហឺ បានប្រាប់លោក ឡយ អូស្ទីន ដោយ​ទទូច​ថា អាមេរិក​មិន​គួរ​ប្រើ​វិបត្តិ​នេះ «​ដើម្បី​លាបពណ៌ និង​ដាក់​សម្ពាធ​លើ​ប្រទេស​ចិន​ឡើយ»។

កាលពីខែមីនា ប្រធានាធិបតីអាមេរិក លោក ចូ បាយដិន (Joe Biden) បានប្រាប់មេដឹកនាំចិន  គឺ ស៊ី ជីនភីង (Xi Jinping) ដោយនិយាយថា វានឹងមានផលវិបាកធ្ងន់ធ្រសម្រាប់ចិន ប្រសិនបើរដ្ឋាភិបាលទីក្រុងប៉េកាំង ផ្តល់ជំនួយជាសម្ភារៈណាមួយដល់រដ្ឋាភិបាលទីក្រុងម៉ូស្គូ ក្នុងអំឡុងពេលជម្លោះនេះ។ ប៉ុន្តែរហូតមកដល់ពេលនេះ ប្រទេសចិនមិនចូលរួមថ្កោលទោស ប្រតិបត្តិការយោធារុស្ស៊ី ឬចូលរួមដាក់ទណ្ឌកម្មដាក់ទណ្ឌកម្មលើរដ្ឋាភិបាលទីក្រុងម៉ូស្គូឡើយ ដោយរក្សាជំហរអព្យាក្រឹតរបស់ខ្លួនដដែល។

អ្នក​វិភាគផ្នែក​យោធារបស់​អាមេរិក​មួយ​ចំនួន ​ក៏​បាន​ទទូច​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​បាន​តាម​ដាន​យ៉ាង​ដិតដល់ ចំពោះព្រឹត្តិការណ៍​ក្នុង​ប្រទេស​អ៊ុយក្រែន និងបានយកមកធ្វើ​មេរៀន​ក្នុង​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​វាយ​ប្រហារ​ចូលកាន់កាប់​ដែនដីកោះតៃវ៉ាន់។

នៅក្នុងកិច្ចសន្ទនានេះដែរ រដ្ឋមន្ត្រីការពារជាតិចិន បាននិយាយប្រាប់រដ្ឋមន្ត្រីការពារជិតអាមេរិកថា រដ្ឋាភិបាលទីក្រុងប៉េកាំងចង់បង្កើតឲ្យមានទំនាក់ទំនងល្អូកល្អើន និងមានស្ថិរភាព ជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដោយឃើញយោធានៃប្រទេសទាំងពីរ អាចពង្រឹងកិច្ចសន្ទនារបស់ខ្លួន និងចូលរួមក្នុងកិច្ចសហប្រតិបត្តិការជាក់ស្តែង។ ទោះយ៉ាងណាក៏ដោយ ជនជាតិអាមេរិក មិនគួរមើលស្រាលចំពោះការប្តេជ្ញាចិត្ត និងសមត្ថភាពរបស់ជនជាតិចិន ក្នុងការការពាររបស់ខ្លួនឡើយ។

នេះគឺជាការសន្ទនាគ្នាតាមទូរស័ព្ទជាលើកដំបូងបង្អស់ រវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ ចាប់តាំងពីលោកឧត្តមសេនីយ៍ ឡយ អូស្ទីន ឡើងកាន់តំណែងនៅមន្ទីរបញ្ចកោណអស់រយៈពេលមួយឆ្នាំកន្លងមកនេះ៕

By Ana

You missed