កៀវ-អ៊ុយក្រែន៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាឲ្យយោធារុស្ស៊ី លុបចោលផែនការវាយសង្គ្រប់យករោងចក្រស្លដែក ឈ្មោះ អាសូវស្តាល់ (Azovstal) ស្ថិតនៅខាងក្នុងទីក្រុងកំពង់ផែ ម៉ារីយូប៉ូល ដែលជាកន្លែងការពារខ្លួនចុងក្រោយរបស់ទាហានអ៊ុយក្រែន និងជនស៊ីវិលអ៊ុយក្រែន រាប់ពាន់នាក់ ដើម្បីលាក់ខ្លួនពីគ្រាប់កាំភ្លើងរុស្ស៊ី។

យាងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ របស់អង់គ្លេស បានឲ្យដឹងថា ដោយប្រកាសពីជ័យជម្នះជាស្ថាពរនៅក្នុងទីក្រុង ម៉ារីយូប៉ូល បន្ទាប់ពីកងទ័ពរុស្ស៊ី បានឡោមព័ទ្ធជាប់អស់រយៈពេលជិតពីរខែ លោក ពូទីន បាននិយាយថា គ្មានចំណុចណាមួយ តម្រូវឲ្យកម្ទេចចោលទាំងអស់ នូវក្រុមទាហានអ៊ុយក្រែន ដែលជាប់គាំងខាងក្នុងរោងចក្រដ៏ធំនេះឡើយ។

លោកប្រធានាធិបតី បានប្រាប់រដ្ឋមន្ត្រីការពារជាតិរបស់លោក គឺលោក សើគី សយគូ នៅក្នុងកិច្ចប្រជុំផ្សាយផ្ទាល់តាមទូរទស្សន៍ នៅវិមានក្រឹមឡាំងថា «ខ្ញុំចាត់ទុកថា ការវាយសង្គ្រប់យកតំបន់ឧស្សាហកម្មនេះ គឺមិនចាំបាច់ទេ។ ខ្ញុំបញ្ជាឲ្យអ្នកលុបចោលផែនការនេះ។ មិនចាំបាច់វារឡើងចូលទៅក្នុងកន្លែងកប់ខ្មោចទាំងនេះទេ ហើយក៏មិនចាប់ ក្រោមដីចូលទៅក្នុងសួនឧស្សាហកម្មទាំងនេះដែរ។ បិទ​តំបន់​ឧស្សាហកម្ម​នេះឲ្យជិត ​ដែលសូម្បីតែសត្វរុយមួយក៏ឲ្យហើរ​ឆ្លងកាត់​បានដៃរ»។

ចំណែកលោក សយគូ បានប៉ាន់ប្រមាណថា យុទ្ធជនអ៊ុយក្រែនប្រមាណ២០០០នាក់ កំពុងលាក់ខ្លួននៅក្នុងរោងចក្រនេះ។ រីឯលោក ពូទីន បានអំពាវនាវឲ្យពួកគេទម្លាក់អាវុធចុះចាញ់ ដោយនិយាយថា រុស្ស៊ីនឹងអនុគ្រោះ និងទុកជីវិតដល់ពួកគេ ដោយការគោរព។

ងាកមកមើលភាគីអ៊ុយក្រែនវិញ គឺពេញមួយយប់កន្លងមកកហើយ លោក មីខៃឡូ ប៉ូដូលីយ៉ាក់ (Mikhailo Podolyak) ប្រធានក្រុមអ្នកចរចារបស់អ៊ុយក្រែន បានស្នើថា កិច្ចពិភាក្សាគូរតែធ្វើឡើងនៅក្នុងទីក្រុង ម៉ារីយូប៉ូល ផ្ទាល់តែម្តង ដើម្បីសម្រេចអំពីជោគវាសនារបស់កងទ័ពអ៊ុយក្រែន ដែលត្រូវព័ទ្ធជាប់ទាំងនេះ។

លោកបានសរសេរសារនៅលើ Twitter កាលពីល្ងាចថ្ងៃពុធថា «ដោយគ្មានលក្ខខណ្ឌ។ យើងត្រៀមខ្លួនជាស្រេចដើម្បីរៀបចំការចរចារពិសេស នៅក្នុងក្រុងម៉ារីយូប៉ូល។ មួយទល់នឹងមួយ ពីរទល់នឹងពីរ។ ដើម្បីជួយសង្រ្គោះយុទ្ធជនរបស់យើងនៅក្នុងកងវរសេនាតូច អាសូវ (Azov Battalion) រាប់ទាំងយោធា ជនស៊ីវិល កុមារ អ្នកនៅរស់ និងអ្នកមានរបួស គឺសុំសង្គ្រោះជីវិតមនុស្សគ្រប់គ្នានេះ។ ពីព្រោះពួកគេ គឺជាមនុស្សរបស់យើង។ ពីព្រោះពួកគេនៅក្នុងបេះដូងរបស់ខ្ញុំជារៀងរហូត»៕

By Ana

You missed