មូស្គូ៖ មន្ត្រីជាន់ខ្ពស់រុស្ស៊ី បាននិយាយថា មន្ត្រីយោធាជាន់ខ្ពស់របស់ខ្លួនម្នាក់ទៀត បានស្លាប់នៅជិតទីក្រុងម៉ារីយូប៉ុល ក្នុងទឹកដីអ៊ុយក្រែន ក្នុងសមរភូមិដណ្តើមយកទីកំពង់ផែសមុទ្រដ៏សំខាន់មួយ ដែលកងទ័ពរុស្ស៊ីឡោមព័ទ្ធជាប់ជាច្រើនថ្លៃមកហើយ។
យោងតាមភ្នាក់ងារព័ត៌មានរុស្ស៊ី អ.ធី បានឲ្យដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់រុស្ស៊ីជាច្រើននាក់ ដែលបាននិយាយកាលពីថ្ងៃអាទិត្យថា មេបញ្ជាការរងនៃកងទ័ពជើងទឹករុស្ស៊ី ប្រចាំនៅសមុទ្រខ្មៅ លោក អេនឌ្រី ប៉ាលី (Andrey Paliy) ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធនៅជិតទីក្រុងកំពង់ផែ ម៉ារីយូប៉ុល របស់អ៊ុយក្រែន។
លោក យ៉េកាតេរីណា អាលតាបេវ៉ា (Yekaterina Altabaeva) សមាជិកព្រឹទ្ធសភារស្ស៊ី ប្រចាំទឹកដីគ្រីមៀ ដែលជាមូលដ្ឋានទ័ពជើងទឹកដ៏ធំរបស់រុស្ស៊ី នៅសមុទ្រខ្មៅ បានទម្លាយព័ត៌មាននេះមុន ដោយបាននិយាយថា «មន្ត្រីជាន់ខ្ពស់ម្នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធដើម្បី រំដោះក្រុងម៉ារីយូប៉ូល ពីពួកណាហ្ស៊ីថ្មី»។
ក្រោយមកទៀត ព័ត៌មានអំពីការស្លាប់នេះ ត្រូវបានបញ្ជាក់បន្ថែមពីអភិបាលក្រុង សេវ៉ាស្តូប៉ូល (Sevastopol) លោក មីខាអ៊ីល រ៉ាសវ៉ូសេវ (Mikhail Razvozhaev) ព្រោះអ្នកទាំងពីរជាអ្នកស្គាល់គ្នាស្និទ្ធស្នាល ហើយបានផ្ញើសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់គាត់។
លោកអភិបាលក្រុងបាននិយាយថា «លោក អេនឌ្រី ប៉ាលី បានយកការងារការពារមាតុភូមិរបស់គាត់ ជាជីវិតរបស់គាត់ ហើយគាត់បានស្លាប់ដើម្បីអនាគតដ៏សុខសាន្តរបស់យើង»។
រហូតមកដល់ពេលនេះ ក្រសួងការពារជាតិរុស្ស៊ី បានរក្សាភាពស្ងៀមស្ងាត់លើបញ្ហានេះ ដោយមិនបដិសេធ ឬបញ្ជាក់អំពីការស្លាប់របស់មេបញ្ជាការជាន់ខ្ពស់រូបនេះទេ។
រុស្ស៊ី បានឈ្លាពានប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែខែកុម្ភៈ បន្ទាប់ពីការប្រឈមមុខដាក់គ្នាអស់រយៈពេលប្រាំពីរឆ្នាំ។
យោងតាមសេចក្តីរាយការណ៍នានា បានឲ្យដឹងថា រហូតមកដល់ថ្ងៃនេះ យ៉ាងហោចណាស់ឧត្តមសេនីយ៍ និងមេបញ្ជាការយោធារុស្ស៊ី១៣នាក់ បានពលីជីវិតក្នុងសមរភូមិចូលឈ្លានពានលុកលុយលើអ៊ុយក្រែន អស់ជាច្រើនសប្តាហ៍មកហើយ។
ក្រុមអ្នកវិភាគខ្លះជឿថា ការស្លាប់មេទ័ពដ៏ច្រើនបែបនេះ ប្រហែលដោយសារទាហាន រុស្ស៊ី ប្រឹងសម្រុករុលចូលទៅមុខលឿនពេក ក្នុងបំណងបញ្ចប់សង្គ្រាមឲ្យបានឆាប់រហ័ស ដូចខ្លួនបានរំពឹងទុក។
យោងតាមរបាយការណ៍បានឲ្យដឹងទៀតថា ឧត្តមសេនីយឯករុស្ស៊ីចំនួនប្រាំនាក់ត្រូវបានរាយការណ៍ថា ស្លាប់ក្នុងការប្រយុទ្ធគ្នា ខណៈមេបញ្ជាការរុស្សីទាំងនេះ កំពុងរុលចូលទៅកាន់សមរភូមិជួរមុខ ក្នុងបំណងលុកលុយអ៊ុយក្រែន ឲ្យបានកាន់តែលឿន។
អ្នកវិភាគបាននិយាយថា មេបញ្ជាការទាំងនោះកំពុងព្យាយាមបង្ហាញការប្រឹងប្រែងផ្ទាល់ខ្លួនរបស់ពួកគេនៅលើសមរភូមិ ទើបធ្វើឲ្យពួកគេប្រឈមនឹងហានិភ័យកាន់តែខ្លាំង។
ភាគីអ៊ុយក្រែន បានអះអាងថា កងទ័ពរបស់ខ្លួនបានសម្លាប់ទាហានរុស្សីជាង១៤.០០០នាក់ ចំណែកឯមន្ទីរបញ្ចកោណរបស់អាមេរិកវិញ បានប៉ាន់ប្រមាណថា យ៉ាងហោសណាស់ទាហានរុស្ស៊ីរហូតដល់ ៧.០០០ នាក់ត្រូវបានសម្លាប់នៅក្នុងសមរភូមិអ៊ុយក្រែន។
ចំណែករដ្ឋភិបាលវិមានក្រឹមឡាំងមិនបានទទួលស្គាល់ទំហំនៃការខាតបង់របស់ខ្លួននោះទេ ដែលទីបំផុតបាននិយាយថា ខ្លួនបានបាត់បង់ទាហានចំនួន៤៩៨នាក់៕