អាមេរិក៖ លោក លីនស៊ី ហ្គ្រាហាំ សមាជិកព្រឹទ្ធអាមេរិក បានអំពាវសារជាថ្មីម្តង​ថា​ ឲ្យខ្មាន់កាំភ្លើងណាម្នាក់ក៏ដោយលប​ធ្វើ​ឃាដ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីបញ្ចប់ជីវិតនយោបាយ និងឥទ្ធិពលមហាអំណាចរុស្ស៊ី ជាពិសេសដើម្បីជួយស្រោចស្រង់ប្រទេសអ៊ុយក្រែន។

លោកបានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃម្សិលមិញថា ទោះបីប្រើមធ្យោបាយបែបណាក៏ដោយ លោកចង់ឲ្យលោក ពូទីន អស់ជីវិត ជាមេដឹកនាំប្រទេសរុស្ស៊ី ដែលបញ្ជាឲ្យកងទ័ពឈ្លានពានប្រទេសអ៊ុយក្រែន។

លោក ហ្គ្រាហាំ បាននិយាយថា «ខ្ញំមិនខ្វល់ថា ត្រូវប្រើវិធីណាមួយទេ ដើម្បីសម្លាប់លោក ពូទីន។ ខ្ញុំ​មិន​ខ្វល់​ថា ​គេ​យក​គាត់​ចេញ​ដោយ​របៀប​ណា។ ខ្ញុំមិនខ្វល់ថា យើងត្រូវបញ្ជូនគាត់ទៅឲ្យតុលាការទីក្រុងឡាអេ កាត់ទោស ឬបញ្ជូនទៅទីណាក៏ដោយ»។ 

សមាជិកព្រឹទ្ធសភាអាមេរិក ដែលល្បីខាងនិយាយបំពានមេដឹកនាំប្រទេសដទៃ បាន​បញ្ជាក់​ថា លោក​មើល​ឃើញ​ថា ការ​សម្លាប់​លោក ពូទី ជា​ជម្រើសល្អបំផុត ដូចដែលលោកប្រកាសនៅលើបណ្តាញទំនាក់ទំនងសង្គមម្តងហើយ កាលពីថ្ងៃទី០៣ ខែមីនា ដែលលោកអំពាវនាវថា «តើនៅក្នុងប្រទេសរុស្សី មានទេ ខ្មាន់កាំភ្លើងពូកែដូចលោក ព្រូតុស? តើក្នុងជួរកងទ័ពរបស់រុស្ស៊ី មានទេ អ្នកពូកែធ្វើឃាដ ដូចលោកវរសេនីយ៍ឯក ស្ទូវហ្វែនប៊ើក?»។

ព្រូតុស គឺជាឃាតកសម្លាប់មនុស្ស និងជាអ្នកនយោបាយក្រិក នាសម័យបុរាណ និងមានឈ្មោះពេញថា ម៉ាកុស ជូនៀស ព្រូតុស ដែលល្បីល្បាញក្រោយពីលបធ្វើឃាដគូប្រជែងរបស់ខ្លួនរហូតបានសម្រេចតាមផែនការ។ ចំណែក ឈ្មោះ ស្ទូវហ្វែនប៊ើក គឺជានាយទាហានម្នាក់ល្បីខាងលបធ្វើឃាដលោក អាប់ឌុល ហ៊ីត្លែ មេដឹកនាំផ្តាច់ការរបស់អាល្លឺម៉ង់ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៤៤ ប៉ុន្តែមិនមានសម្រេច។ 

ប្រតិកម្មនឹងការអំពាវបែបនេះពីសំ​ណាក់អ្នកនយោបាយអាមេរិក អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បានថ្កោលទោសចំពោះការញុះញង់ឲ្យធ្វើឃាដនេះ ក្នុងបំណងប្រឆាំងផលប្រយោជន៍របស់​ង​រុស្ស៊ី​ និងកាត់បន្ថយអំណាចរុស្ស៊ី នៅលើពិភពលោក។

លោក ហ្គ្រាហាំ បាននិយាយអំពីលោកពូទីនថា «វាល្មដល់ពេលគាត់អស់អាយុហើយ ។ គាត់​ជា​ឧក្រិដ្ឋជន​សង្គ្រាម។ ខ្ញុំបន់ឲ្យមានឃាតកណាម្នាក់ ដែលសម្លាប់ ពូទីន ដូចសម្លាប់ ហ៊ីត្លៃ។ លោក វ្ល៉ាឌីមៀ ពូទីន មិនមែនជាមេដឹកនាំស្របច្បាប់ទេ។ គាត់ គឺជាឧក្រិដ្ឋជនសង្គ្រាម»។

ការ​អំពាវនាវ​របស់​លោក ហ្គ្រាហាំ បាន​កើត​ឡើង​ចំពេល​ការនិយាយវាយប្រហារ​ប្រឆាំង​លោក ​ពូទីន​ មានកាន់​តែ​ខ្លាំង​ឡើង ​ក្នុងជួរមេដឹកនាំរដ្ឋាភិបាលអាមេរិក ខណៈពេលប្រធានាធិបតីអាមេរិក លោក ចូ បាយដិន ក៏បានហៅលោក ពូទីន ថាជាឧក្រិដ្ឋជនសង្គ្រាម។ 

រដ្ឋាភិបាលក្រុង​ម៉ូស្គូ​បាន​បញ្ជូន​កងទ័ពរាប់សែននាក់ ​ចូល​ទៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ​កាល​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ ដោយ​អះអាង​ថា រុស្ស៊ី​ត្រូវ​តែរំសាយកងទ័ពអ៊ុយក្រែន និងមិនឲ្យមានរបប ណាស៊ី-អាល្លឺម៉ង់ បែបថ្មី នៅលើដឹកដីអ៊ុយក្រែន។ 

ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមមកលើមេដឹកនាំរុស្ស៊ី​ រដ្ឋាភិបាលទីក្រុងមូស្គូបានច្រានចោលម្តងហើយម្តងទៀត នូវការចោទប្រកាន់នៃការវាយប្រហារដោយមិនរើសអើងលើទីក្រុងនានារបស់អ៊ុយក្រែន។

ចំពោះការនិយាយចោទប្រកាន់ពីលោក ចូ បាយដិន ដែលហៅលោក វ្ល៉ាឌីមៀ ពូទីន ថាជាឧក្រិដ្ឋជនសង្គ្រាម គឺជាសម្តីមិនអាចទទួលយកបាន និងមិនអាចអត់ឱនបាន៕

By Ana

You missed