អាមេរិក៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក ឡយ​ អូស្ទីន (Lloyd Austin) បាននិយាយថា ការបង្កើតតំបន់គ្មានការហោះហើរលើទឹកដីអ៊ុយក្រែន នៅតែមិនអាចទៅរួច ដោយហេតុផលថា ប្រសិនបើធ្វើបែបនេះបានមែន នោះនឹងមានន័យថា ជាការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងយន្តហោះចម្បាំងអាមេរិក និងរុស្ស៊ី ហើយអាចបង្កជាសង្រ្គាមដ៏ក្តៅគគុករវាងរុស្សី-អាមេរិក។

ពេលអ្នកសារព័ត៌មានសួរអំពីការអំពាវនាវម្តងហើយម្តងទៀត របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី (Volodymyr Zelensky) ឲ្យមហាអំណាចលោកខាងលិចជួយបង្កើតតំបន់គ្មានការហោះហើរ លោក ឡយ អូស្ទីន បាននិយាយថា សំណើរនេះ គឺដើម្បីគ្រប់គ្រងដែនអាកាសរបស់ប្រទេសអ៊ុយក្រែន ទប់ទល់ការវាយប្រហាររបស់រុស្ស៊ី ដូច្នេះរដ្ឋាភិបាលអាមេរិក មិនអាចទទួលយកសំណើនេះបានទេ ព្រោះបង្កហានិភ័យធំណាស់។

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិករូបនេះ បានបកស្រាយថែមទៀតថា អ្នកបង្កើតតំបន់គ្មានការហោះហើរ ពិតជាមានន័យថា អ្នកកំពុងរត់ចូលសមរភូមិប្រយុទ្ធតទល់នឹងរុស្ស៊ីហើយ។ នោះជារឿងមួយ ដែលយើងបាននិយាយប្រាប់រួចហើយថា ប្រធានាធិបតីរបស់យើងក៏បាននិយាយអ៊ីចឹងដែរ។

លោកបានបញ្ជាក់ថា ដើម្បីគ្រប់គ្រងផ្ទៃមេឃបាន គឺត្រូវតែបិទប្រព័ន្ធការពារដែនអាកាស ដែលមាននៅលើដី និងប្រព័ន្ធការពារដែនអាកាសមួយចំនួនទៀត ស្ថិតនៅក្នុងប្រទេសរុស្ស៊ី។ ដូច្នេះ វាមិន​​ងាយ​ស្រួល​ ឬ​សាមញ្ញនោះទេ​។ ជាលទ្ធផល ការបង្កើតតំបន់គ្មានការហោះហើរ គឺមិនអាចទៅរួចទេ។ ម្យ៉ាងវិញទៀត ប្រសិនបើអាចបង្កើតតំបន់គ្មានហោះហើរបានមែន គឺមានន័យថា អ្នកកំពុងមានជម្លោះជាមួយរុស្ស៊ី។

រដ្ឋមន្ត្រីក្រសួងការពារជាតិ ឡយ អូស្ទីន បានបន្តកត់សម្គាល់ថា អាចមានមធ្យោបាយដ៏មានប្រសិទ្ធភាពខ្លះដែរ ដើម្បីប្រឆាំងកាំជ្រួច​រយៈ​ចម្ងាយ​ឆ្ងាយ និងគ្រាប់​កាំភ្លើង​ធំ រីឯតំបន់​គ្មាន​ការ​ហោះ​ហើរអាចផ្តល់​ប្រយោជន៍​តិច​តួច​ក្នុង​ការ​ប្រឆាំង​នឹងអាវុធ​ប្រភេទ​នេះ ជាពិសេស​ពេល​​បាញ់ចេញ​ពី​ក្នុង​ទឹក​ដី​រុស្ស៊ី។

ពាក់ព័ន្ធនឹងបញ្ហាមិនអាចបង្កើតតំបន់គ្មានការហោះហើរ រួមទាំងការបដិសេធមិនបញ្ជូនទ័ពចូលអ៊ុយក្រែន ពីសំណាក់អាមេរិក និងអង្គការណាតៅ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី នាពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ បាននិយាយរិះគន់មេដឹកនាំបណ្តាប្រទេសលោកខាងលិចយ៉ាងខ្លាំង ចំពោះការបដិសេធមិនព្រមបង្កើតតំបន់គ្មានការហោះហើរ នៅលើទឹកដីប្រទេសរបស់លោក ក្នុងគោលបំណងឲ្យអឺរ៉ុបជួយបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី។ 

ដោយបង្ហាញខ្លួននៅចំពោះមុខសមាជិកសភាកាណាដា តាមរយៈវីដេអូ Conference លោក ហ្សឺឡឹនស្គី បានស្តីបន្ទោសយ៉ាងខ្លាំងចំពោះការបដិសេធរបស់លោកខាងលិច ក្នុងការកំណត់តំបន់ហាមហោះហើរនៅលើអ៊ុយក្រែន ឬជួយផ្តល់យន្តហោះចម្បាំងឲ្យកងទ័ពអ៊ុយក្រែន។

លោកប្រធានាធិបតី បានមានប្រសាសន៍នៅក្នុងសុន្ទរកថា ប្រាប់សមាជិកសភាកាណាដាថា «សង្គ្រាមតែងតែបង្ហាញអ្វីគ្រប់យ៉ាង ដែលមនុស្សមានសមត្ថភាព។ អ្នកណាខ្លាំង អ្នកណាខ្សោយ។ អ្នកណាឆ្លាត អ្នកណាល្ងង់។ តើនរណាជាអ្នកស្មោះត្រង់ ហើយអ្នកណាជាអ្នកលាក់ពុត»។

លោក ហ្សឺឡឹនស្គី បានលើកឡើងទៀតថា មេដឹកនាំនៅអឺរ៉ុបម្នាក់ៗ បានត្រឹមតែស្រេកថា «បញ្ឈប់ការទម្លាក់គ្រាប់បែក ឈប់ទម្លាក់គ្រាប់បែក។ តើគ្រាប់មីស៊ីលប៉ុន្មានគ្រាប់ទៀតត្រូវធ្លាក់មកលើទីក្រុងរបស់យើង? ហើយ​ជា​ការ​ឆ្លើយ​តប អស់លោកតែ​ឮនិយាយ​ថា ​គ្មាននរ​ណា​ម្នាក់​មិន​ចង់​ជួយទេ… ប៉ុន្តែ​គេ​ខ្លាចពេក ព្រួយបារម្ភពេក!»៕

By Ana

You missed