ចិន៖ នាង ទៀនស៊ី សាវគឺ គឺជាអ្នកលេងយូធូប ផ្តោតសំខាន់តែលើម្ហូបអាហារនៅក្នុងខេត្តយូណាន ប្រទេសចិន ដោយថតសកម្មភាពរបស់នាង អំពីវិធីចម្អិនម្ហូបនីមួយៗ ចាប់ពីការប្រមែប្រមូលគ្រឿងផ្សំនៅតាមសួនបន្លែជុំវិញផ្ទះ រហូតម្ហូបឆ្អិនដាក់ចូលមាត់។
វីដេអូរបស់នាង គឺអំពីសកម្មភាពបះបន្លែ ជីកទំពាំង ឡើងដើមឈើ ប្រមែប្រមូលគ្រឿងផ្សំ ហាន់សាច់ បង្កាត់ភ្លើង លាងឆ្នាំង ឆាចៀន ដែលជាការងារដដែលរាល់ថ្ងៃ ធ្វើឲ្យមហាជនចាប់អារម្មណ៍តាមដានទស្សនា រហូតឆាណែលរបស់នាង មានសាប់ស្ក្រាយប៊ើ ជាង៧លាននាក់ ហើយនាងអាចរកប្រាក់ចំណូលបានជាង ៥ លានដុល្លារ ក្នុងឆ្នាំ២០២០។
នាង ទៀនស៊ី សាវកឺ ឈ្មោះកំណើត តុង ម៉ីហួរ អាយុ៣០ឆ្នាំ កើតនៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៩០ ក្នុងក្រុងគុនមីង ខេត្តស៊ីឈួន ប្រទេសចិន ដែលមានព្រំប្រទល់ជាប់ខេត្តយូណាន។ ឱពុកម្តាយនាង គឺជាកសិករ រស់នៅក្នុងទីជនបទ ដាច់ស្រយ៉ាល ក្នុងខេត្តយូណាន ភាគខាងត្បូងប្រទេសចិន។
ក្រោយពីបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ នាងចូលបម្រើការជាមន្ត្រីនគរបាល នៅក្រុងចុងឈីង ខេត្តយូណាន ប៉ុន្តែនៅឆ្នាំ២០១៦ ដោយសារឈឺច្រើនពេក នាងក៏សម្រេចចិត្តបោះបង់ចោលការនេះ ហើយវិលត្រឡប់ទៅរស់នៅជាមួយឪពុកម្តាយឯស្រុកកំណើត។
ក្នុងការរស់នៅឯជនបទដាច់ស្រយ៉ាលជាមួយឪពុកម្តាយ និងជីដូនជីតាចាស់ជរា នាង ទៀនស៊ី សាវកឺ គឺជាអ្នកធ្វើម្ហូបអាហារសម្រាប់ការទទួលទានប្រចាំថ្ងៃ។ ម្ហូបអាហា ដែលនាងតែងតែចម្អិនជារៀងរាល់ថ្ងៃនេះ គឺបានមកពីការដាំដុះនៅជុំវិញផ្ទះ និងចិញ្ចឹមខ្លួនឯង រាប់ទាំងត្រីសាច់ មាន់ទា ជ្រូកក្ងានជាដើម។
ដោយគិតថា ការងារដដែលនេះមិនអាចរកប្រាក់ចំណូលបាន ព្រោះនាងលែងទទួលបានប្រាក់ខែពីក្របខណ្ឌនគរបាល នាងក៏គិតច្នៃថតវីដេអូពីសកម្មភាពរបស់ខ្លួន ហើយបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម យូធូប ហ្វេសប៊ុក ដោយសង្ឃឹមថា អាចជួយរកប្រាក់បានខ្លះ។
ពេលនោះ នាងក៏នឹកឃើញពីសារៈសំខាន់នៃក្បួនធ្វើម្ហូបឆ្ងាញ់ៗ ប្រចាំខេត្តយូណាន ព្រមទាំងក្រោមការជួយជ្រោមជ្រែងពីមនុស្សពីរនាក់ គឺឱពុកម្តាយ ដូច្នេះនាងក៏ចាប់ផ្តើមថតវីដេអូអំពីវិធីធ្វើម្ហូបនេះ រួចបង្ហោះនៅក្នុងឆាណែលយូធូរបស់ខ្លួន មានឈ្មោះថា ទៀនស៊ី សាវកឺ ដែលមិនមែនជាឈ្មោះពិតប្រាកដរបស់នាង តែជាឈ្មោះតំបន់ជនបទ ស្រុកកំណើតរបស់នាង និងក្រុមគ្រួសារជីដូនជីតា។
នាងបាននិយាយរំឭកថា ពេលឈប់ធ្វើជានគរបាល «ខ្ញុំកំពុងស្វែងរកវិធី តើធ្វើយ៉ាងណាអាចផ្តល់ប្រាក់ចំណូលដល់ខ្ញុំ ហើយអាចឲ្យខ្ញុំបន្តរស់នៅក្នុងភូមិឯជនបទបាន?។ ដូច្នេះខ្ញុំចាប់ផ្តើមផលិតវីដេអូខ្លីៗអំពីម្ហូបអាហារនៅតាមជនបទ»។
ក្រោមការជួយលើកទឹកចិត្តពីឱពុកម្តាយ តែក្នុងរយៈពេលបីឆ្នាំប៉ុណ្ណោះ ឆាណែលនេះ បានធ្វើឲ្យស្ត្រីវ័យក្មេងម្នាក់ នៅជនបទនៃប្រទេសចិន អាចទាក់ទាញការចាប់អារម្មណ៍នៅលើ យូធូប រហូតមានអ្នកគាំទ្រជាង ១១ លាននាក់ នៅក្នុងប្រទេសចិន និងនៅទូទាំងពិភពលោក។
វីដេអូដែលធ្វើឱ្យនាងល្បីល្បាញ គឺរបៀបធ្វើនំហាំប៊ឺហ្គឺសម្រាប់ជីដូនជីតារបស់នាងនៅទីជនបទ ដែលក្នុងមួយជីវិតរបស់ពួកគាត់ មិនដែលបានទទួលទានម្តងណាឡើយ។
នាង ទៀនស៊ី សាវកឺ បាននិយាយរំឭកថា «ជីដូនជីតា និងសាច់ញាតិរបស់ខ្ញុំបានចំណាយពេលពេញមួយជីវិតនៅតាមទីជនបទ និងមិនដែលពិសាម្ហូបបែបអឺរ៉ុបឡើយ។ ខ្ញុំពិតជាចង់នាំពួកគាត់ទៅទីក្រុងដើម្បីសាកល្បងពិសានំហាំប៊ឺហ្គឺ ព្រោះនៅក្នុងកែវភ្នែករបស់ពួកគាត់ នំហាំប៊ឺហ្គឺ គឺជាអាហាររបស់លោកខាងលិច និងថ្មីថ្មោងបំផុតសម្រាប់ពួកគាត់។ ប៉ុន្តែពួកគេកាន់តែចាស់ ហើយការធ្វើដំណើរពិតជាពិបាក ដូច្នេះខ្ញុំបានសម្រេចចិត្តសាកល្បងធ្វើនំហាំប៊ឺហ្គឺ ដោយខ្លួននាងផ្ទាល់»។
នាងបានរំឭកទៀតថា «ពេលខ្ញុំកំពុងធ្វើនំនេះ ខ្ញុំមានការព្រួយបារម្ភអំពីមនុស្សជាច្រើនប្រហែលជាគិតថា នំហាំប៊ឺហ្គឺរបស់ខ្ញុំមិនល្អ និងមិនឆ្ងាញ់ទេ។ ប៉ុន្តែនៅពេលវីដេអូចេញមក គ្មាននរណាម្នាក់បកស្រាយថា វិធីសាស្រ្តរបស់ខ្ញុំល្អ ឬមិនល្អទេ។ ពួកគេបែរនិយាយថា ខ្ញុំក៏ចង់នាំតា និងយាយរបស់ខ្ញុំទៅពិសានំហាំប៊ឺហ្គឺដែរ»។
នៅក្នុងវីដេអូឃ្លីបអំពីការទទួលទាននំហាំប៊ឺហ្គឺនេះ បានបង្ហាញឲ្យឃើញថា ជីដូន និងជីតារបស់នាងពិតជាពេញចិត្តនឹងរស់ជាតិបែបបច្ចឹមប្រទេសណាស់ ដោយពួកគាត់ខាំពេញៗមាត់តែម្តង និងញញឹមសរសើរស្នាដៃចៅស្រីសំណព្វ ធ្វើជូនពួកគាត់បានភ្ល័ក្សរសជាតិជាលើកដំបូងក្នុងជីវិត។
មានវិធីមួយដែលមនុស្សទូទៅពេញចិត្តនឹងវីដេអូរបស់នាង ទៀនស៊ី សៀអ៊ូច គឺការបង្ហាញពីរបៀបធ្វើម្ហូបបែបចិននៅតាមជនបទ និងរបៀបរស់នៅបែបសាមញ្ញរបស់នាង ដែលបង្ហាញពីជីវិតអ្នកជនបទ និងរបៀបរស់នៅរបស់បុព្វបុរសជំនាន់មុនៗរបស់ចិន។
មនុស្សជាច្រើនបាននិយាយថា វីដេអូរបស់នាងផ្តល់នូវការកម្សាន្តបន្ធូរអាមរម្មណ៍ពីភាពតានតឹងក្នុងការរស់នៅក្នុងទីក្រុង។ ជាពិសេសនាងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភាពជោគជ័យរបស់នា រហូតទទួលងារថា ជាតារាយូធូប នៅក្នុងប្រទេសចិន។
នាង ទៀនស៊ី សាវកឺ បាននិយាយថា «បន្ទាប់ពីបានមើលវីដេអូរបស់ខ្ញុំ ខ្ញុំគិតថា យើងអាចប្រើវីដេអូដើម្បីផ្សព្វផ្សាយពីផលិតផលរបស់យើងនៅឯជនបទ។ ប៉ុន្តែនាពេលនោះ យើងមិនប្រាកដថា ត្រូវធ្វើយ៉ាងម៉េចនោះទេ។ នៅពេលខ្ញុំក្រឡេកមើលការងាររបស់ខ្ញុំកាលពី ២ ទៅ៣ឆ្នាំមុន គឺមានកំហុសបច្ចេកទេសច្រើនណាស់»។
នាងបាននិយាយទៀតថា «យើងបានរីកចម្រើនយ៉ាងលឿន។ ក្នុងរយៈពេលបីខែ យើងទទួលបានអ្នកតាមដានជាងមួយលាននាក់ ហើយអ្នកគាំទ្របានបន្តកើនឡើងជានិច្ច»។
សូមរំឭកថា ក្នុងឆ្នាំ២០១៨ នាងបានទៅលេងមហាកំផែង ហើយបានបង្កើតឆាណែលយូធ្យូបមួយទៀត ដែលឥឡូវនាងទទួលបានសាប់ស្ក្រាយប៊ើ ជាង៤លាននាក់។ រហូតមកដល់បច្ចុប្បន្ននាងបានផលិតវីដេអូចំនួនជាង២០០ ដែលភាគច្រើនអំពីម្ហូបបែបប្រពៃណីចិន នៅពីភាគខាងលិចខេត្តយូណាន។
នាងនិយាយពីការព្យាយាមរបស់នាងថា «ទោះបីម្ហូបមួយមុខ ត្រូវចំណាយពេលតែមួយថ្ងៃ ដើម្បីផលិតក៏ដោយ តែយើងត្រូវធ្វើចាប់ពម៉ោង៦ មោង៧ព្រឹក រហូតដល់១១យប់ ឬពាក់កណ្តាលអាធ្រាត្រ។ទោះជាឃ្លីបវីដេអូខ្លីមួយ ត្រូវការពេលប៉ុន្មានក៏ដោយ យើងត្រូវតែធ្វើឲ្យហើយ។ ជួនកាលម្ហូបណាមួយមិនសូវល្អ យើងត្រូវតែធ្វើម្ហូបនោះឡើងវិញ»។
នាង ទៀនស៊ី សាវកឺ បាននិយាយថា ឥឡូវឈានដល់ជំហានថ្មីមួយទៀត គឺការបង្កើតវីដេអូបន្ទាប់ អំពីទីតាំងថ្មី ធំទូលាយជាងបរិវេណរបងផ្ទះ ធំជាងសួនបន្លែ និងធំជាងភូមិកំណើតរបស់នាង គឺអំពីអ្វីៗដែលមានស្រាប់នៅក្នុងខេត្តយូណាន ដូចជាទេសភាពដ៏ស្អាត និងមុខម្ហូបដ៏សម្បូរបែបរបស់ជនជាតិចិន រស់នៅតាមជនបទ។
សកម្មភាពបះបន្លែ ជីកទំពាំង ឡើងបេះផ្លែឈើ ប្រមែប្រមូលគ្រឿងផ្សំ ហាន់សាច់ បង្កាត់ភ្លើង លាងឆ្នាំង ឆាចៀន ដែលជាការងារដដែលនៅផ្ទះបាយ អាចនាំឲ្យនាង តុង ម៉ីហួរ ហៅ ទៀនស៊ី សាវកឺ អាចទិញផ្ទះវិឡាយ៉ាងស្កឹមស្កៃ និងប្រើប្រាស់រថយន្តប្រណីតៗ រស់នៅយ៉ាងមានសុភមង្គលជាមួយឱពុកម្តាយ និងជីដូនជីតាចាស់ជរា ព្រមទាំងធ្វើឲ្យកេរ្តិ៍ឈ្មោះនាងល្បីល្បាញពេញពិភពលោក៕
…