ម៉ានីល៖ ប៉ូលីសហ្វីលីពីន បាននិយាយថា បុរសបីនាក់ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទរំលោភសេពសន្ថវៈទៅលើអ្នកបម្រើតាមយន្ដហោះ ឈ្មោះ Christine Angelica Dacera នៅក្នុងសណ្ឋាគារមួយ ក្នុងទីក្រុង Makati ។
ប៉ូលីសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញនៅយប់ថ្ងៃច័ន្ទទី៤ ខែមករា ឆ្នាំ២០២១ ថា មនុស្សប្រុសយ៉ាងហោចណាស់៩នាក់ផ្សេងទៀត អាចជាប់សង្ស័យដែរ។
ដំណើរការសាកសួរត្រូវបានធ្វើឡើងនៅការិយាល័យព្រះរាជអាជ្ញានៃទីក្រុងម៉ាកាទី ហើយប៉លីសបាននិយាយទៀតថា ប៉ូលីសកំពុងតាមរកមនុស្សប្រាំបួននាក់ទៀត។
នាង Dacera អាយុ២៣ឆ្នាំ ត្រូវបានគេប្រទះឃើញសន្លប់នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ នៅក្នុងអាងងូតទឹកក្នុងបន្ទប់សណ្ឋាគាររបស់នាង ក្នុងទីក្រុង Makati ដែលជាកន្លែងនាងបានចូលរួមពិធីជប់លៀងនៅថ្ងៃចូលឆ្នាំសកលជាមួយជនសង្ស័យ។
ប៉ូលីសបាននិយាយថា បុគ្គលិកសណ្ឋាគារបានព្យាយាមជួយសង្គ្រោះ ប៉ុន្តែមិនអាចឲ្យនាងរស់ឡើងវិញ ហើយបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។
មេប៉លីសបានធានាដល់ក្រុមគ្រួសារ Dacera នូវការស៊ើបអង្កេតឲ្យបានម៉ឺងម៉ាត់ និងហ្មត់ចត់។
ចំណែកសម្រាប់អភិបាលក្រុង Makati បាននិយាយថា លោកស្រីបានណែនាំដល់ប៉ូលីសក្នុងតំបន់“ កុំឲ្យមានការរំលងណាមួយនៅក្នុងការស៊ើបអង្កេតរបស់ខ្លួន” ចំពោះការស្លាប់របស់នាង Dacera និងធានាថាការពិតនឹងរកឃើញ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយករុមហ៊ុនអាកាសចរណ៍ហ្វីលីពីន បានពិពណ៌នាអំពីនាង Dacera ថា «ជាបុគ្គលិកលេចធ្លោ និងប្រកបដោយវិជ្ជាជីវៈ»។
សេចក្តីថ្លែងការណ៍បានលើកឡើងថា «យើងកំពុងគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមគ្រួសាររបស់អ្នកបើកយន្ដហោះនៅគ្រាលំបាកបំផុត។ បំណងប្រាថ្នារបស់យើង គឺចង់ស្វែងរកការពិត ដើម្បីផលប្រយោជន៍យុត្តិធម៌»។
ទន្ទឹមនឹងនេះដែរ មន្ទីរទេសចរណ៍ ហ្វីលីពីននៅថ្ងៃទី៥ ខែមករានេះ បានចេញបទបញ្ជាឲ្យទៅអ្នកម្ចាស់សណ្ឋាគារ ដោយផ្តល់ឱ្យរយៈពេលបីថ្ងៃ ដើម្បីពន្យល់ពីការទទួលខុសត្រូវ។
សពរបស់នារីរងគ្រោះ ត្រូវបានគេប្រទះឃើញក្នុងបន្ទប់ទឹក ដោយមានស្នាមជាំ និងរយះ រួមទាំងភ្លៅ និងជង្គង់ ហើយមរណភាពរបស់នាង បានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងទាំងនៅក្នុងហ្វីលីពីន និងនៅលើបណ្តាញសង្គមទូទាំងពិភពលោក និងមហាជនបានទាមទារឲ្យមានការស្វែងរកយុត្តិធម៌ជូនដល់ជនរងគ្រោះ ដែលបានត្រូវគេរំលោភ និងសម្លាប់ទាំងវ័យក្មេង៕