ភ្នំពេញ៖ វ៉ាក់សាំង ៥០ ម៉ឺនដូស បន្ថែមទៀត នឹងមកដល់កម្ពុជា នៅថ្ងៃទី៨ ខែមិថុនា ស្អែកនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីរដ្ឋាភិបាលចិន ហើយចំនួននេះ ស្ថិតក្នុងចំណោមវ៉ាក់សាំង ៤,៥ លានដូស ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ សំដៅទប់ស្កាត់ការរីករាលដាល និងបង្កើនភាពស៊ាំទប់ទល់នឹងជំងឺកូវីដ-១៩ ពិសេសនៅរាជធានីភ្នំពេញដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម។ នេះបើតាមការអោយដឹងពី លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល។

លោកស្រី បន្តថា ៖ “វ៉ាក់សាំង ៥០ ម៉ឺនដូសនេះ សម្រាប់ចាក់ជួន ប្រជាពលរដ្ឋ នៅខណ្ឌចំនួន ៣ ទៀត ដែលនៅសេសសល់ នៅរាជធានីភ្នំពេញ គឺ ខណ្ឌដូនពេញ ខណ្ឌព្រែកព្នៅ និងខណ្ឌជ្រោយចង្វារ ដែលនឹងចាប់ផ្តើមចាក់ ចាប់ពីថ្ងៃទី១០ មិថុនា ខាងមុខនេះ តទៅ”។

សូមបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ន ប្រទេសកម្ពុជា ទទួលបានវ៉ាក់សាំង ប្រឆាំងជំងឺកូវីដ១៩ ទាំងជំនួយ និងបញ្ជាទិញពី ប្រទេសចិន ប្រមាណជាង ៦ លានដូសហើយ ក្នុងនោះវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ៤ លានដូស, វ៉ាក់សាំងស៊ីណូហ្វាម ចំនួន ១,៧ លានដូស និងវ៉ាក់សាំងកូវីសែល (អាស្ត្រាហ្សេនេកា) ដែលជាជំនួយពី អង្គការសុខភាពពិភពលោក ចំនួន ៣២៤.០០០ ដូស៕

By Ana

You missed