ភ្នំពេញៈ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តយល់ព្រមលើសំណើលាឈប់ពីតួនាទី និងតំណែងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ ឯកឧត្តម ស៊ិក ប៊ុនហុក និងបានអនុម័តយល់ព្រម នូវសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់បែបបទ និងនីតិវិធីនៃការជ្រើសរើសបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹងជ្រើសរើសបេក្ខជន ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជំនួសលោក ស៊ិក ប៊ុនហុក។
ការអនុម័តយល់ព្រមលើសំណើនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ ដឹកនាំដោយសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។
កការអនុម័តរបស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានធ្វើឡើងបន្ទាប់ពីលោកលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដាក់ពាក្យសុំលាលែងទៅរដ្ឋសភាកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។
លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាន៍ ថា ការសុំលាឈប់ពីប្រធានគ.ជ.ប ដោយសារតែលោកមានវ័យចាស់ និងមានបញ្ហាសុខភាព និងមិនអាចរ៉ាប់រងបាននូវការងារដ៏ធ្ងន់នៃការបោះឆ្នោត ហេតុនេះទុកឲ្យអ្នកដែលពេញកម្លាំងគេធ្វើការងារនេះជំនួសវិញ។
ប្រធានគ.ជ.ប បានបញ្ជាក់ថា “ដោយសារយើងវ័យចាស់ និងមានបញ្ហាសុខភាពខ្លះ ហើយទំហំការងារវាធំ និងស្មុគស្មាញខ្លាំង។ ហើយបើសុខភាពយើងមិនអាចធានាយើងស្គាល់ខ្លួនយើង បានសុំលាលែងពីប្រធានគ.ជ.ប។ ខ្ញុំកាន់តែវ័យចាស់ហើយផង ហើយខ្ញុំឃើញការងារនេះវារស៊ើបណាស់ ហើយបើយើងមានកម្លាំងមិនគ្រប់គ្រាន់ក្រែងរ៉ាប់រងការងារវាមិនបានទៅវានាំឲ្យមានផលវិបាកដល់ស្រុកទេស”។
ចំណែកលោកឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាបានមានប្រសាសន៍ថា នៅដើមសប្តាហ៍ក្រោយរដ្ឋសភានឹងប្រកាសជ្រើសរើសបេក្ខភាពប្រធាន គ.ជ.ប ជំនួសលោកស៊ិនប៊ុនហុក ហើយគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាត្រូវធ្វើការជ្រើសរើសបេក្ខជនដោយតម្លាភាព ដោយចំហរ ក្នុងរយៈពេល៥ថ្ងៃ។ នៅពេលដែលជ្រើសរើសបានបេក្ខជនហើយ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានិងពិគ្រោះជាមួយគណបក្សដែលស្នើតែងតាំងលោកស៊ិក ប៊ុនហុក ពីមុនមក។