ខេត្តពោធិ៍សាត់ ៖ រន្ទះកំណាច តមប្រល័យជីវិត បុរស០២នាក់ ស្លាប់ភ្លាមៗ និងបុរស០២នាក់ទៀត រងរបួសធ្ងន់ ខណៈពេលកំពុងនាំគ្នា សង់រោង សម្រាប់ដេកចាំស្រែ កាលពីរសៀល ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចវាលស្រែ (ត្រពាំងឃ្លៃ) ស្ថិតនៅភូមិសាន.ស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
អធិការដ្ឋាននគរបាល ស្រុកក្រគរ លោកវរៈសេនីយ៍ឯក ឯម រុន បានឲ្យដឹង នៅថ្ងៃទី៤ មិថុនានេះថា ជនរងគ្រោះ មាន៖១. ឈ្មោះ ឃា សាមឿន អាយុ៣១ឆ្នាំ (ស្លាប់) មានប្រពន្ធ និងកូនប្រុសស្រី ចំនួន ៥ នាក់ ក្នុងបន្ទុកគ្រួសារ។ ២. ឈ្មោះ ពេច ប៊ុនធឿន អាយុ៣២ឆ្នាំ (ស្លាប់) មានប្រពន្ធ និងកូនស្រី១នាក់ ក្នុងបន្ទុកគ្រួសារ។ ៣. ឈ្មោះ ខន សុខឃីម អាយុ៣៩ឆ្នាំ (របួស)និង ឈ្មោះ ប៉ាន កាន អាយុ១៧ឆ្នាំ (របួស)។
លោកអធិការបន្តថា៖ នៅមុនពេលកើតមានគ្រោះថ្នាក់នេះ កើតឡើងដោយសារ ក្រុមជនរងគ្រោះ បាននាំគ្នាធ្វើរោងចាំស្រែ លុះនៅវេលាខាងលើ មេឃស្រទំ និងធ្លាក់ភ្លៀង រលឹមស្រិចៗ លាយឡំទៅដោយខ្យល់ ផ្គរ ស្រាប់តែមានផ្លេកបន្ទោរ និងរន្ទះបាញ់ ចំតែម្ដង។
លោក បានបញ្ជាក់ថាៈ ជនដែលរងរបួសទាំង ២នាក់ ត្រូវបញ្ជូនទៅ សង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ ចំណែកឯអ្នកស្លាប់ ត្រូវបានសមត្ថកិច្ច ចុះធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ សាច់ញាតិ ដើម្បីយកទៅចាត់ចែង ធ្វើបុណ្យតាមប្រពៃណី៕