បន្ទាប់ពីចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពមណ្ឌលចត្តាឡីស័ក និងការប្រគល់រថយន្តបែនដឹកសំរាម ជូនដល់រដ្ឋបាលស្រុកព្រៃឈរ រួចមក លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អញ្ជើញដឹកនាំក្រុមការងារ បន្តចុះពិនិត្យស្ថានភាពបិទខ្ទប់លំនៅដ្ឋាន ដែលមានការពាក់ព័ន្ធនឹងករីណីវិជ្ជមានកូវីដ-១៩ និងការធ្វើចត្តាឡីស័ករបស់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ស្ថិតនៅក្នុងឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់ អាជ្ញាធរស្រុកជើងព្រៃ ឲ្យបន្តធ្វើការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឲ្យបន្តយកចិត្តទុកដាក់ក្នុងការចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន សំដៅធ្វើយ៉ាងណាកាត់ផ្តាច់ខ្សែចម្លង វីរុសបម្លែងថ្មី កូវីដ-១៩ ពីសហគមន៍មួយទៅសហគមន៍មួយទៀត។

លោកអភិបាលខេត្តបន្តថា រដ្ឋបាលស្រុកត្រូវពង្រីកមណ្ឌលចត្តាឡីស័ក កម្រិត២ របស់រដ្ឋបាលស្រុក សម្រាប់ទទួលបងប្អូនប្រជាពលរដ្ឋដែលប៉ះពាល់នឹងករណីវិជ្ជមាន កូវីដ-១៩ ដើម្បីយកអ្នកពាក់ព័ន្ធទាំងនោះមកធ្វើចត្តាឡីស័ក ជាពិសេសស្រុកត្រូវរៀបចំកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ក្នុងក្របខណ្ឌស្រុកឲ្យបានយ៉ាងតិច ១០គ្រែ។ (ចៅ វង្ស I.K.Team)

By Ana

You missed