កំពង់ចាម, ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៨.០០នាទីព្រឹក ក្រុមការងារសហភាពសហព័ន្ធយវជនកម្ពុជា ស្រុកស្រីសន្ធរ ដឹកនាំដោយលោក តិកសេង សុន្ថន ចូលរួមចែកម៉ាសចំនួន២ម៉ឺនម៉ាស់ ជាមួយនឹងរដ្ឋបាលស្រុកស្រីសន្ធរ ដឹកនាំដោយលោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ រួមជាមួយអភិបាលរងស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្រុមការងារយុវជន ជូនដល់ប្រជាពលរដ្ឋ , អាជីវករ និងអតិថិជនដែលចូលមកទិញទំនិញក្នុងផ្សារព្រែកពោធិ៍ និងទីសាធារណៈ ក្នុងគោលបំណងរួមគ្នាទប់ស្កាត់ការចម្លង រីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។
ក្នុងឱកាសចុះយុទ្ធនាការនោះ ក្រុមការងារមិនត្រឹមតែចែកម៉ាស់ប៉ុណ្ណោះទេ គឺថែមទាំងបានអប់រំណែនាំដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។ ជាមួយនឹងសកម្មភាពចែកម៉ាស់នេះដែរ ក្រុមការងារទាំងអស់ បានធ្វើការ ផ្សព្វផ្សាយ នូវសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងសាររបស់ក្រសួង សុខាភិបាល ដើម្បីឱ្យបងប្អូនទាំងអស់បានយល់ និងចូលរួមការពារ ទប់ស្កាត់បង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព ។
ទន្ទឹមនឹងនេះក៍បានណែនាំដល់ បងប្អូនប្រជាពលរដ្ឋត្រូវរក្សាអនាម័យជាប្រចាំ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលរួមមាន ៖ លាងដៃញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬជែល , ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្ដាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ , និងត្រូវស្វាគមន៍ដោយសំពះ ជំនួសឱ្យការចាប់ដៃ ។
ក្នុងករណីមានបញ្ហាមិនស្រួលខ្លួនណាមួយ ដូចជា៖គ្រុនក្តៅ ក្អក ផ្តាសាយ សូមផ្តល់ដំណឹងដល់អាជ្ញាធរមូលដ្ឋាន ភ្នាក់ងារសុខាភិបាល និងទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះ ដើម្បីត្រួតពិនិត្យ និងតាមដានជាបន្ទាន់ ក្រែងមានករណីកូវីដ-១៩។