រដ្ឋមន្ត្រីក្រសួងកសិកម្ម រុរុក្ខាប្រមាញ និងនេសាទ លោក វេង សាខុន និងលោកជំទាវ ព្រមទាំងសហការី នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ បាននាំយកអំណោយដ៏ថ្លៃថ្លាសម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រគល់ជូន លោក អ៊ុន ចាន់ដា អភិបាល នៃគណៈខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្រាប់យកទៅប្រេីប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធ ប្រឆាំង និងទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺ កូវីដ -១៩ ក្នុងខេត្តកំពង់ចាម។
ក្នុងនាមជាប្រធានគណកម្មការ ខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជន ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ជាអំណោយ សម្រាប់ឧបត្ថម្ភជូន រដ្ឋបាលខេត្ត ដែលកំពុងត្រូវការជាចាំបាច់ក្នុង ដំណាក់កាល បិទខ្ទប់ភូមិ និងការធ្វេីចត្តាឡីស័ក ជាពិសេសការ ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋ ដែលប្រឈមនឹងការខូចខាត និងពលករ ចំណូលស្រុក ដែលកំពុង ធ្វើចត្តាឡីស័ក ក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម។
ជាមួយគ្នានោះលោកអភិបាលខេត្ត ក៏បាន ជូនពរ និងសង្ឃឹមជឿជាក់ថា បងប្អូនសប្បុរសជន ឬម្ចាស់ក្រុមហ៊ុននានា នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្ត ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ជាបន្តផងដែរ។
សូមជម្រាបថា អំណោយដែលត្រូវបានប្រគល់ជូននាពេលនោះរួមមាន÷ អង្ករ ចំនួន ៥០តោន មី២ពាន់កេស ត្រីខ២ពាន់យួរ និងម៉ាសចំនួន៥ម៉ឺនម៉ាស៕ ចៅ វង្ស i.k.