កណ្តាល៖ បុរសម្នាក់ផឹកស៊ីស្រវឹងជោកជាំជិះម៉ូតូចូលភូមិវិញ ដល់កន្លែងអាជ្ញាធរដាក់ខ្សែឃាំងច្រកចេញចូលហាមឃាត់ ស្រាប់តែកំហឹងផ្ទុះកំហឹងស្រែកឡូឡាមក រកវាយមេភូមិហើយគំរាមបាញ់ចោលដោយបានបោះសម្តី មិនសមរម្យថែមទៀតផង។
យោងតាមគណនីហ្វេសប៊ុក Ah J Lin ដែលបានបង្ហោះវីដេអូឃ្លីប កាលពី១ម៉ោងមុន ភ្ជាប់ជាមួយសំណេរថា « មកពីផឹកស៊ីចូលក្នុងភូមិ ដល់ពេលមេភូមិសួរនាំ វារកវ៉ៃមេភូមិ ហើយគំរាមបាញ់ទៀតផង នៅភូមិក្រពើហា ឃុំព្រែកឫស្សី ក្រុងតាខ្មៅខេត្តកណ្ដាល» ធ្វើអោយបានការស៊ែរចែករំលែកនិងរងចាំមើលចំណាត់ការរបស់សមត្ថកិច្ចទៅលើបុរសខាងលើនោះផងដែរ។
សូមជម្រាបជូនថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា នៅល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ មានករណីយុវជន០១នាក់ ឈ្មោះ ស៊ូ ម៉េងសែ ដែលបានល្មើសនឹងបម្រាមនូវសេចក្តីសម្រេច សេចក្តីណែនាំ របស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តកណ្តាល ដោយបានចេញទៅផឹកស្រាស្រវឹង និងបានរកវាយមេភូមិ កើតហេតុនៅចំណុចភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ។
បច្ចុប្បន្នយុវជនម្នាក់នេះ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធី៕