ចាប់ពីរសៀលរហូតទល់ព្រលប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល រួមទាំង លោក នៃ ចារី លោក គីម រិទ្ធី អភិបាលរងខេត្ត បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធខេត្ត ចុះជួយសម្របសម្រួល ផ្តល់ការគាំទ្រដល់រដ្ឋបាលស្រុកអង្គស្នួល និងស្រុកមុខកំពូល ក្នុងការគិតគូររៀបចំទីតាំងត្រៀមសម្រាប់ធ្វើចត្តាឡីស័ក និងគ្រប់គ្រងសភាពការណ៍ នៃការផ្ទុះរាលដាលវីរុសកូវីដ-១៩ នៅក្នុងរោងចក្រចំនួន០២ គឺរោងចក្រ ស្តាម៉ាស្ទ័រ & ហ្វ្រែង (ខេមបូឌា) មានទីតាំងស្ថិតនៅ ឃុំពើក ស្រុកអង្គស្នួល និងរោងចក្រ Six Plus ស្ថិតនៅ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
សូមជម្រាបជូនថា ថ្ងៃនេះលទ្ធផលបឋមក្រុមគ្រូពេទ្យបានរកឃើញ កម្មករ កម្មការិនីចំនួន ២១នាក់ វិជ្ជមានជំងឺកូវីដ-១៩ និងមានកម្មករនិយោជិតចំនួន ២២៥នាក់ ទៀតមានជាប់ពាក់ព័ន្ធដោយផ្ទាល់ ព្រមទាំងកម្មករនិយោជិតចំនួន ៧១៨នាក់ ពាក់ព័ន្ធដោយប្រយោល លើចំនួនកម្មករនិយោជិតសរុប ចំនួន ៩៦៣នាក់ រីឯរោងចក្រ Six Plus ស្ថិតនៅឃុំព្រែកអញ្ចាញ ឯណោះ វិជ្ជមាន ០១ករណី និងកម្មករ និយោជិតប្រមាណ ៧០នាក់ផ្សេងទៀតជាប់ពាក់ព័ន្ធដោយផ្ទាល់។
ខណៈនេះក្រុមគ្រូពេទ្យ ០២ក្រុមកំពុងដុតដៃដុតជើងយកសំណាកអ្នកពាក់ព័ន្ធផ្ទាល់ទាំងអស់ ដោយប្រើប្រាស់ឧបករណ៍តេស្តសំណាក Rapid Test ដើម្បីប្រាកដថា កម្មករនិយោជិតជាច្រើននាក់ទៀត ដែលមានការជាប់ពាក់ព័ន្ធដោយប្រយោល ពុំមានវីរុសកូវីដ-១៩។
ចំពោះមុខរោងចក្រទាំងពីរខាងលើ ឯកឧត្តម អភិបាលខេត្តសម្រេច ឲ្យផ្អាកដំណើរការសង្វាក់ផលិតកម្មជាបណ្តោះអាសន្ន បងប្អូនកម្មករនិយោជិតទាំងអស់ ត្រូវតាមដានសុខភាព និងផ្តល់ព័ត៌មានអំពីស្ថានភាពសុខភាពរបស់ខ្លួន ទៅរដ្ឋបាលរោងចក្រ និងអាជ្ញារមូលដ្ឋានឱ្យបានជាប់ជាប្រចាំ ក្នុងអំឡុងពេលនៃការផ្អាកការងារនេះ រដ្ឋបាលស្រុក និង ម្ចាស់រោងចក្រ ត្រូវសហការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមអាគារផលិតកម្មនានា និងតាមបរិវេណក្រៅរោងចក្រ។
ប្រភព: អភិបាលខេត្តណ្តាល