ភ្នំពេញ៖ សាលារាជធានីភ្នំពេញបានសម្រេចផ្អាកមិនឱ្យមានការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងផ្អាកការទទួលអតិថិជនចូលទទួលទានក្នុងភោជនីយដ្ឋាន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅរាត្រីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។
ក្នុងសេចក្តីណែនាំបានឱ្យដឹងថា ដោយស្ថិតក្នុងបរិការណ៍នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងក្នុងគោលបំណងធានាការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ដោយអនុលោមតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវសេចក្តីសម្រេច សេចក្តីណែនាំ សេចក្តីជូនដំណឹង និងចំណាត់ការ ជាបន្តបន្ទាប់ សំដៅកាត់ផ្តាច់ប្រភពចម្លង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ កាន់តែធ្ងន់ធ្ងរទៅក្នុងសហគមន៍។
យ៉ាងណាមិញ តាមរយៈការដាក់ចេញនូវវិធានការរដ្ឋបាល និងចំណាត់ការទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថា ប្រជាពលរដ្ឋភាគច្រើន មានការទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមអនុវត្ត ដើម្បីការលើកកម្ពស់សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់របៀបរៀបរយសង្គម ជាពិសេសការអនុវត្តសេចក្តីសម្រេច លេខ ០៦៨/២១ សសរ ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ប៉ុន្តែ ក៏នៅមានប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មដ្ឋានមួយចំនួនតូច នៅតែបន្តបំពានគោលការណ៍ណែនាំ ដូចជា មិនអនុវត្តកាតព្វកិច្ចរក្សាគម្លាត លូចលាក់ប្រមូលផ្ដុំកំបាំងភ្នែកពីសមត្ថកិច្ច និងណាត់គ្នាជួបជុំទទួលទានគ្រឿងស្រវឹង នាំឱ្យបាត់បង់ស្មារតីភ្លេចការការពារខ្លួន និងធ្វេសប្រហែសជាមួយជំងឺកូវីដ-១៩ ដែលនេះ គឺជាហានិភ័យយ៉ាងធ្ងន់ធ្ងរសម្រាប់សង្គមជាតិ។
ក្នុងន័យនេះ ដើម្បីគ្រប់គ្រងសភាពការណ៍ និងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ជាពិសេសក្នុងឱកាសឈប់សម្រាក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលខិតជិតចូលមកដល់ រដ្ឋបាលរាជធានីភ្នំពេញធ្វើការណែនាំនូវវិធានការមួយចំនួន។
សូមអានសេចក្តីណែនាំលម្អិតរបស់រដ្ឋបាលរាជធានីភ្នំពេញដូចខាងក្រោម៖