កែប៖​ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១​ ចៅក្រមសាលាដំបូងខេត្តកំពត​ នឹងសាកសួរជនជាប់ចោទពីបទឆបោកប្រាក់ជិតមួយសែនដុល្លារ​ពីម្ចាស់សំណង់ម្នាក់​​ រស់នៅក្នុងក្រុងកែប​​ ខេត្តកែប។

ជនជាប់ចោទឈ្មោះ​ ម៉ន​ សុខមាន អាយុ៤០ឆ្នាំ​ មានទីលំនៅភូមិកណ្តាល​ ឃុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត​ ត្រូវបានលោក​ ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត ចោទប្រកាន់ពីបទឆបោក​ ហើយបានបញ្ជូនសំណុំរឿងនេះទៅឲ្យចៅក្រមស៊ើបសួរ​ ដើម្បីចាត់ការបន្ត។

យោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ ចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០​ របស់លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត បានឲ្យដឹងថា ក្នុងបណ្តឹងរបស់អ្នកស្រី ប៉ុល លក្ខិណា អាយុ៣០ឆ្នាំ ពិតជាបទល្មើសឆបោក​ និងមានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា​ បទល្មើសនេះ​ពិតជាបានកើតឡើងនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប​ ខេត្តកែប កាលពីថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០១៨​ តាមមាត្រា៣៧៧ និងមាត្រា៣៧៨​ នៃក្រមព្រហ្មទណ្ឌ​​ ដូច្នេះតុលាការសម្រេចឲ្យឃុំខ្លួនឈ្មោះ​ ម៉ន​ សុខមាន ក្នុងពន្ធនាគារ ដើម្បីធានាការសងប្រាក់ដល់ម្ចាស់លុយ។

លោក ឯក ឆេងហួត​ បានបញ្ជាក់ក្នុងដីកាថា «អំពើខាងលើជបទល្មើសឆបោក​ [ដូច្នេះ] សម្រេចបើកការស៊ើបសួរ និងដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យលើឈ្មោះ​ ម៉ន​ សុខមាន [និង]​ ដាក់ឲ្យស្ថិតនៅក្រោមការឃុំខ្លួនបណ្តោះអាសន្ន​ ដើម្បីបង្ការបទល្មើសកុំឲ្យកើតជាថ្មី និងធានារក្សាជនត្រូវចោទជូនតុលាការចាត់ការតាមនីតិវិធី»។

ក្រឡាបញ្ជីប្រចាំសាលាដំបូងខេត្តកំពត​​​ បានឲ្យដឹងថា​ ប្រធានសាលាដំបូងខេត្តកំពត លោក​ ឡុង​​ កេសភីរម្យ គ្រោងសួរចម្លើយ​ ឈ្មោះ​ ម៉ន​ សុខមាន​ នាព្រឹកថ្ងៃទី១១​ ខែមករា ឆ្នាំ២០២១ ដើម្បីបំភ្លឺលើបណ្តឹងរបស់អ្នកស្រី ប៉ុល​ លក្ខិណា​ ដែលបានប្តឹងទាមទារឲ្យសងប្រាក់ជំពាក់។

យោងតាមឯកសារ​បានឲ្យដឹងថា​ អ្នកស្រី ប៉ុល​ លក្ខណា​ ដែលមានទីលំនៅភូមិថ្មី​ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បានសម្រេចដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តកំពត​ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០​​ ដើម្បីសុំឲ្យតុលាការផ្តន្ទាទោសឈ្មោះ​ ម៉ន សុខមាន ពីបទឆបោក​ និងទាមទារប្រាក់ចំនួន៩៧៩៥៩ដុល្លារ​ ដែលខ្លួនបានយកពីម្ចាស់សំណង់​ ប៉ុន្តែមិនបានបំពេញកាតព្វកិច្ចសាងសង់ឲ្យបានចប់សព្វគ្រប់ត្រឹមត្រូវ។

តាមសម្ដី​រៀបរាប់របស់អ្នកស្រី ប៉ុល លក្ខិណា ដែលជាម្ចាស់សំណង់ និងជាម្ចាស់លុយផង​​ បានប្រាប់ឲ្យដឹងថា ខ្លួនជាអ្នកស្រុកភូមិជាមួយនឹងលោក ម៉ន សុខមាន ក៏ហៅលោកមកម៉ៅការសាងសង់ផ្ទះរបស់ខ្លួន​ ហើយព្រមទាំងបានប្រគល់ប្រាក់ជាដំណាក់កាលៗ​​ ប៉ុន្តែក្រោយពេលប្រគល់លុយរួចរាល់ហើយ ស្រាប់តែឈ្មោះ ម៉ន សុខមាន ចាប់ផ្តើមគេចវេស លើកយកបញ្ហានេះបញ្ហានោះ ដើម្បីបញ្ឈប់បន្តសាងសង់ផ្ទះទៀត៕

By Ana

You missed