ព្រុចសែល៖ មេដឹកនាំសហភាពអឺរ៉ុប បានព្រមព្រៀងគ្នា កាលពីថ្ងៃច័ន្ទ ដើម្បីរាំងខ្ទប់ស្ទើរទាំងស្រុងនូវការនាំប្រេងពីរុស្ស៊ី ចូលទៅក្នុងប្លុកនេះ ដោយចូលធរមាន នៅចុងឆ្នាំ២០២២ ដើម្បីដាក់ទណ្ឌកម្មចំពោះការឈ្លានពានចូលអ៊ុយក្រែន។

ការសម្រេចនេះ គឺជាផ្នែកមួួនៃទណ្ឌកម្មថ្មីលើរដ្ឋាភិបាលទីក្រុងមូស្គូ របស់លោក វ៉្លាឌីមៀ ពូទីន ដែលនៅក្នុងកិច្ចប្រជុំកំពូលនេះ ក៏ផ្តោតលើការជួយប្រទេសអ៊ុយក្រែនផង នូវកញ្ចប់ជំនួយហិរញ្ញវត្ថុថ្មីដ៏ច្រើនសម្បើម។

ការហ៊ុមព័ទ្ធប្រេងរបស់រុស្ស៊ីនេះ គឺសម្រាប់នាំចូលមកតាមសមុទ្រប៉ុណ្ណោះ ដោយអនុញ្ញាតឲ្យមានការលើកលែងជាបណ្តោះអាសន្ន សម្រាប់ការនាំចូលតាមបំពង់ឆ្លងកាត់ប្រទេសហុងហ្គារី។

ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក ឆាល មីសែល (Charles Michel) បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះគ្របដណ្តប់ច្រើនជាងពីរភាគបីនៃការនាំចូលប្រេងពីប្រទេសរុស្ស៊ី ដោយកាត់បន្ថយការនាំចូលប្រេងប្រហែល ៩០ភាគរយនៅត្រឹមចុងឆ្នាំ២០២២នេះ។

លោក ម៉សែល បានបន្ថែមថា មេដឹកនាំអឺរ៉ុប ក៏បានយល់ព្រមក្នុងការផ្តល់ជំនួយដល់ប្រទេសអ៊ុយក្រែន នូវកញ្ចប់ថវិកាចំនួន៩.៧ពាន់លានដុល្លារ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចរបស់ប្រទេស ដែលហែកហួរដោយសង្រ្គាម។

កញ្ចប់ទណ្ឌកម្មថ្មីនេះ ក៏នឹងរួមបញ្ចូលផងដែរនូវការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់ការធ្វើដំណើរលើឥស្សរជនសំខាន់ៗរបស់រដ្ឋាភិបាលទីក្រុងម៉ស្កូផងដែរ។

លោក មីសែល បានបញជាក់យ៉ាងច្បាស់ថា “យើងចង់បញ្ឈប់សង្រ្គាមរបស់រុស្ស៊ី។ សំខាន់ជាងនេះទៅទៀត ដើម្បីបង្ហាញថា យើងនៅតែមានសមត្ថភាពខ្លាំង។ យើងនៅតែរឹងមាំបាន។ យើងនៅតែក្រាញននៀល”។

ការ​ដាក់​ទណ្ឌកម្ម​របស់អឺរ៉ុប លើក​មុន​លើ​រុស្ស៊ី​ បានកំណត់គោលដៅលើពលរដ្ឋរុស្ស៊ីជាង១០០០នាក់ រួមទាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងមន្ត្រីកំពូល ក្នុងជួរដ្ឋាភិបាលរុស្ស៊ី ក៏ដូចជាពួកអភិជន ដែលគាំទ្រវិមានក្រឹមឡាំង៕

By Ana

You missed