ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ រកមិនឃើញទីតាំងល្បែងភ្នាល់ទឹកភ្លៀងឡើយ ដែលអ្នកភ្នំពេញ ជាពិសេសក្រុមញៀនល្បែង ស្គាល់យ៉ាងច្បាស់ថា មានទីតាំងស្ថិតនៅជាន់លើបំផុតនៃផ្ទះល្វែង ជាប់ផ្សារអូរឫស្សី ផ្នែកខាងជើង។
យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះផ្សាយ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ថា ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកការស៊ើបអង្កេតលើសេចក្តីរាយការណ៍នានា ដែលបានផ្សាយអំពីសកម្មភាពចាក់លុយភ្នាល់ទឹកភ្លៀង នៅជាប់ផ្សារអូរឫស្សី ប៉ុន្តែរកមិនឃើញឡើយ។
សេចក្តីបញ្ជាក់ថា រកមិនឃើញនេះ គឺយោងលើរបាយការណ៍របស់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឫស្សីទី២ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ដែលបាននាំគ្នាទៅដល់ទីតាំងខាងលើ ដើម្បីត្រួតពិនិត្យជាក់ស្តែង ជាលទ្ធផលកម្លាំងសមត្ថកិច្ចពុំឃើញមានការល្បែងស៊ីសង (ភ្នាល់ទឹកភ្លៀង) ដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ។
សារនៅលើផេកស្នងការនេះ បានសរសេរថា «បន្ទាប់ពីបានឃើញសារព័ត៌មានមួយចំនួនបានយករូបភាពគ្មានប្រភពច្បាស់លាស់ និងសរសេរចុះផ្សាយថា “ទីតាំងល្បែងស៊ីសង (ភ្នាល់ទឹកភ្លៀង) ជាច្រើនកន្លែង ស្ថិតក្នុងសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា កំពុងបើកដំណើរលេងយ៉ាងអនាធិបតេយ្យរាល់ថ្ងៃ ខណ្ឌ និងអាជ្ញាធរមូលដ្ឋានមិនព្រមចុះបង្ក្រាប” ភ្លាម នោះក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងផ្តល់ព័ត៌មានឲ្យអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីចុះត្រួតពិនិត្យ»។
លទ្ធផលស៊ើបអង្កេតរបស់ក្រុមនគរបាលខណ្ឌ៧ មករា គឺផ្ទុយស្រឡះពីការយល់ដឹងជាទូទៅ ក្នុងចំណោមអ្នករស់នៅជិតកន្លែងភ្នាល់ទឹកភ្លៀង ជាពិសេសអ្នកលក់ក្នុងផ្សារអូរឫស្សី ដែលបានប្រាប់បណ្តាញផ្សព្វផ្សាយព័ត៌មានថា ពួកអ្នកលេងទឹកភ្លៀងសុទ្ធតែមានវិទ្យុទាក់ទង (អាយកូម) ស្រែកផ្អើលពួកគាត់ទៀតផង។
ពួកគាត់បានបញ្ជាក់ថា ករណីចាក់ភ្នាល់គ្នាបានកើតឡើងពេញបន្ទុក កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ ដែលថ្ងៃមានភ្លៀងធ្លាក់ខ្លាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន។ បុរសម្នាក់ បាននិយាយថា ក្នុងថ្ងៃភ្លៀងខ្លាំងជាប់គ្នាប៉ុន្មានថ្ងៃនោះ អ្នកលេងខ្លះឈ្នះប្រាក់រាប់ម៉ឺនដុល្លារ ចំណែកអ្នកខ្លះទៀត ចាញ់អស់លុយរាប់ម៉ឺនដុល្លារដែរ។
លោកអះអាងថា ស្គាល់ឈ្មោះអ្នកគ្រប់គ្រង និងបោះមេនៅវង់ល្បែងនេះ យ៉ាងច្បាស់ ប៉ុន្តែមិនព្រមប្រាប់ឈ្មោះ។
ល្បែងភ្នាល់ទឹកភ្លៀងរបស់ហ៊ាសួរក៏មិនមែនទើបតែលេងក្នុងឆ្នាំនេះឬឆ្នាំមុននោះដែរគឺពួកគាត់បានលេងជាយូរឆ្នាំយូរទសវត្សរ៍មកហើយ។ ជូនកាលគេបានផ្លាស់ប្ដូរទីតាំងនៃការលេងព្រោះតែតំបន់អូរឬស្សីមានអាគារខ្ពស់ៗដែលពិបាកឱ្យអ្នកលេងមើលមេឃឬមើលខ្សែទឹកភ្លៀង។ ប៉ុន្តែគេទូទៅល្បែងឆ្ងល់ទឹកភ្លៀងរបស់ហ៊ាសួរនៅដំណើរការលេងជាធម្មតាទេ។ វាជារឿងដែលមិនអាចប្រកែកបានពីព្រោះប្រជាពលរដ្ឋភាគច្រើនបានដឹងអំពីរឿងនេះ។
បញ្ចេញយោបល់លើលទ្ធផលរកមិនឃើញនៅលើផេកផ្លូវការរបស់ស្នងការនគរបាលរាជធានីភ្នំពេញ គណនីហ្វេសប៊ុកឈ្មោះ Khiev Sena បានសសេរថា «អ្នកដឹងបានដឹង» ចំណែកគណនីឈ្មោះ Kewin Ruon បានសរសេរថា «គ្មានអ្នកណាដឹងក្រៅពីអ្នកដឹង»។ រីឯគណនីមួយទៀតឈ្មោះ Chhouen Chhayly បានសរសេរបែបញុះញង់ឲ្យមន្ត្រីនគរបាលប្តឹងអ្នកសារព័ត៌មាថា «ប្តឹងទៅមេ បើផ្សាយព័ត៌មានមិនពិតចឹង។ ដាក់មន្រ្តីមូលដ្ឋាននឹងនាក់ព័ត៌មានទល់មុខគ្នាទៅ កុំឲ្យចេះតែផ្សាយព័ត៌មានមិនពិតទៀត»។
ប្រជាពលរដ្ឋខ្លះ ដែលបានអានសាររបស់ស្នងការ ប៉ុន្តែមិនចូលបញ្ចេញយោបល់ទេ ដោយគ្រាន់និយាយប្រាប់អ្នកសារព័ត៌មានថា «សមត្ថកិច្ចនៃយើងចូលទៅត្រួតពិនិត្យវែកកកាយរកបទល្មើសចំម៉ោងពេល ដែលក្រុមអ្នកលេងទឹកភ្លៀងបានរើអីវ៉ាន់ចេញហើយសម្រាក»។
តាមការសង្កេតជាក់ស្តែង ក្រុមអ្នកលេងល្បែងចាក់ទឹកភ្លៀង បានសាងសង់ប៉ម ប្រក់ស័ង្កសី និងមានទរសម្រាប់ត្រងទឹកភ្លៀង ជាច្រើនកន្លែង ស្ថិតនៅជាន់លើនៃផ្ទះល្វែងមួយចំនួន នៅខាងជើងផ្សារអូរឫស្សី គឺក្នុងជួរផ្ទះលក់ថ្នាំឱសថបុរាណចិន។ ចំណែកអ្នកលេងវិញ សង្កេតឃើញអង្គុយមើលល្បឺនខ្យល់ និងកម្រិតប្រមូលនៃពពក នៅលើប៉មទាំងនោះ រីឯអ្នកខ្លះទៀត នាំគ្នាមកពិនិត្យមើលដុំពពកនៅស្តាតអូឡាំពិក ហើយឆ្លើយឆ្លងគ្នាតាមទូរស័ព្ទ ឬវិទ្យុទាក់ទង។
ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងវង់ល្បែង បាននិយាយទៀតថា សកម្មភាពចាក់លុយភ្នាល់នេះ អាចជាប្រភពបង្កើតបទល្មើស ហើយរកមិនឃើញត្រឹមសមត្ថកិច្ចថ្នាក់មន្ត្រីនគរបាលរដ្ឋបាល ប៉ុន្តែបើថ្នាក់នាយឧត្តមសេនីយ៍នគរបាលជាតិ និងនាយឧត្តមសេនីយ៍កងរាជអាវុធហត្ថ បើមានចេតនារកមែននោះ ទើបអាចរកឃើញ។
លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ មិនអាចសុំការបកស្រាយបញ្ជាក់អំពីមូលហេតុ ដែលមន្ត្រីរបស់រកទីតាំងល្បែងនេះ មិនឃើញឡើយ៕