អាមេរិក៖ ក្រុមអ្នកតាមចាប់កំហុសប្រធានាធិបតី លោក ចូ បាយដិន បានចោទសួរម្តងហើយម្តងទៀត អំពីបញ្ហាផ្លូវចិត្តរបស់លោក ក្នុងសម្តីថ្លែងទៅកាន់មេដឹកនាំអឺរ៉ុប កាលពីសប្តាហ៍មុន ដោយបានអំពាវនាវជាសាធារណៈ ដែលចាត់ទុកថា ជាចេតនាឲ្យមានចលនាបណ្តេញលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ចេញពីតំណែង ដើម្បីប្តូររបបដឹកនាំនៅរុស្ស៊ី។
យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន រ៉ាសៀ ធូដេ (Russia Today) បានឲ្យដឹងថា ការផ្ទុះឡើងនូវសំណួរចោទសួរជុំវិញបញ្ហាសុខភាពខួរក្បាលរបស់លោក ចូ បាយដិន បានកើនកាន់តែខ្លាំងក្នុងចំណោមអ្នកនយោបាយអាមេរិក ជាពិសេសក្រុមមកពីគណបក្សសាធារណរដ្ឋរបស់លោក ដូណាល់ ត្រាំ ដែលអ្នកខ្លះលើកឡើងថា សមត្ថភាពគិតរបស់លោក បាយដិន បានធ្លាក់ចុះតាមវ័យ។
កាលពីដើមសប្តាហ៍នេះ លោកប្រធានាធិបតីអាមេរិក បានបង្ហាញពីសំណេរព្រាង ឬហៅថា ព្រុយយ៉ុង ដើម្បីបកស្រាយបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ប្រចាំសេតវិមាន ឲ្យជឿថា លោកពិតជាមិនបានអំពាវនាវឲ្យមានការផ្លាស់ប្តូររបបដឹកនាំនៅរុស្ស៊ីនោះទេ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅសេតវិមាន លោក ចូ បាយដិន បានមានប្រសាសន៍ថា សេចក្តីថ្លែងការណ៍របស់លោកនៅក្នុងប្រទេសប៉ូឡូញ កាលពីសប្តាហ៍មុន ដែលថាលោក ពូទីន «មិនអាចបន្តកាន់អំណាចបានទៀតទេ» គឺមិនមែនជាការអំពាវនាវឲ្យមានការបណ្តេញលោក ពូទីន ដើម្បីផ្លាស់ប្តូររបបដឹកនាំរុស្ស៊ីឡើយ។
លោក បាយដិន បានបកស្រាយថា ពាក្យ «ពូទីន មិនអាចបន្តកាន់អំណាចបានទៀតទេ» គឺគ្រាន់តែជាសម្តែងនូវកំហឹងក្នុងចិត្ត ចំពោះទង្វើឈ្លានពានរបស់លោក ពូទីន មកលើប្រទេសអ៊ុយក្រែន ដោយមិនសំដៅដល់ការផ្លាស់ប្តូររបបដឹកនាំនៅរុស្ស៊ីឡើយ។ ប៉ុន្តែក្រុមអ្នករិះគន់ បានចោទប្រកាន់ថា សម្តីរបស់លោក បាយដិន គឺឆ្លុះបញ្ចាំងពីការប្រែប្រួលនៃគោលនយោបាយការបរទេសរបស់អាមេរិក មកលើប្រទេសរុស្ស៊ី ឬមួយសម្តីបែបនេះ កើតចេញខួរក្បាលអន់ គិតមិនច្បាស់ មុននិយាយ។
បណ្តាញផ្សព្វផ្សាយនៅក្នុងសហរដ្ឋអាមេរិក នៅសប្តាហ៍នេះ បានបង្ហាញពីភាពច្របូកច្របល់របស់លោក ចូ បាយដិន ដែលធ្វើឲ្យគេពេបជ្រាយជាច្រើនដងរួចមកហើយ។ ជាពិសេស ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញ ដែលគេសង្កេតឃើញថា លោកប្រធានាធិបតីហាក់ដូចជាបានប្រាប់ទាហានអាមេរិកថា ពួកគេអាចនឹងត្រូវដាក់ពង្រាយចូលទឹកដីប្រទេសអ៊ុយក្រែន នាពេលឆាប់ៗខាងមុខនេះ។ ប៉ុន្តែ ក្រោយមកមន្ត្រីជាន់ខ្ពស់នៅសេតវិមាន ជាពិសេស រដ្ឋមន្ត្រីការបរទេស លោក អានតូនី ព្លីងគិន បានចេញមកបដិសេធចំពោះការបកស្រាយអំពីផែនការបញ្ជូនកងទ័ពអាមេរិក ចូលទឹកដីអ៊ុយក្រែន និងចេតនានៃពាក្យថា ពូទីន «មិនអាចបន្តកាន់អំណាចបានទៀតទេ» គឺមិនមែនជាការអំពាវនាវឲ្យមានការបណ្តេញលោក ពូទីន ដើម្បីផ្លាស់ប្តូររបបដឹកនាំរុស្ស៊ីឡើយ។
អ្នកនយោបាយមកពីគណបក្សសាធារណរដ្ឋ បាននាំគ្នានិយាយចំអកលោក បាយដិន ក្រោយពីឃើញលោកប្រើក្រដាសព្រុយយ៉ុង សម្រាប់ឆ្លើយសំណួរអ្នកសារព័ត៌មាន ពាក់ព័ន្ធសម្តីជ្រួលហួសនៅក្នុងប្រទេសប៉ូឡូញ ថាគឺជាសញ្ញានៃមនុស្សថយចុះផ្នែកការយល់ដឹង និងជាមនុស្សលាក់ពុត។ ក្រុមប្រឆាំងទាំងនេះ បាននាំគ្នាសន្និដ្ឋានថា ការប្រើព្រុយយ៉ុង សម្រាប់ឆ្លើយសំណួរ គឺជាសូចនាករនៃការថយចុះនូវបញ្ញាញាណរបស់លោកប្រធានាធិបតី ចូ បាយដិន។
យោងតាមការស្ទង់មតិរបស់ទូរទស្សន៍ NBC News ដែលបានចេញផ្សាយ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ បានបង្ហាញថា ពលរដ្ឋអាមេរិកាំងមានទំនុកចិត្តកាន់តែតិចលើសមត្ថភាពរបស់លោកប្រធានាធិបតី ចូ បាយដិន ក្នុងការដោះស្រាយវិបត្តិនៅអ៊ុយក្រែន។ ចំណែកឯការស្ទង់មតិរបស់ទូរទេស្សន៍ ABC News ដែលបានធ្វើឡើង កាលពីខែមុន បានរកឃើញថា ៥៤ភាគរយនៃជនជាតិអាមេរិក គិតថា លោក ចូ បាយដិន ខ្វះទឹកចិត្តមុតស្រួច សាកសមជាប្រធានាធិបតី ដែលអាចធ្វើការប្រកបដោយប្រសិទ្ធភាព៕