នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ លោកជំទាវ អនហេង លក្ខិណា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ចាមអមដំណើរដោយក្រុមការងារ ស.ស.យ.ក ស្រុក គ.ក.ស.ក ស្រុក ក្រុមប្រឹក្សាឃុំ គ.ក.ន.ក ឃុំ បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់គ្រួសារស្ត្រីជួបការលំបាក កុមារកំព្រារងគ្រោះ ចាស់ជរាគ្មានទីពឹង ជនពិការគ្មានទីពឹងរស់នៅក្នុងឃុំចំនួន៥ឃុំ ក្នុងស្រុកស្ទឹងត្រង់ ចំនួន៦គ្រួសារដោយក្នុង១គ្រួសារទទួលបានអំណោយរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃក្រុមប្រឹក្សាខេត្តកំពង់ចាមដូចជា៖
– អង្ករ ២០គីឡូក្រាម
– មី ១កេស
– ត្រីខ ១យួរ
– ទឹកត្រី ១យួរ
– ទឹកសុីអុីវ ១យួរ
– និងថវិការ១គ្រួសារ ២០០,០០០រៀល។
ព្រមទាំងបានឧបត្ថម្ភម៉ាសដល់ក្រុមការងារស្រុក ឃុំចំនួន៦ដុំ ស្មើនឹង៣០០ម៉ាសផងដែរ។
ក្នុងឱកាសនោះលោកជំទាវក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្តជូនដល់ប្រជាពលរដ្ឋទាំងអស់ទូទាំងស្រុកស្ទឹងត្រង់ ព្រមទាំងបានផ្សព្វផ្សាយអំពីវិធានការការពារជំងឺកូវីដ-១៩ ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។ ទន្ទឹមនឹងនោះលោកជំទាវក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឲ្យបានគ្រប់ៗគ្នាដើម្បីបណ្ដេញជំងឺឆ្លងដ៏កាចសាហាវនេះពីសហគមន៍យើងឆាប់ៗ។
ជាមួយគ្នានោះដែរលោកជំទាវប្រធានក៏បានផ្តាំផ្ញើឲ្យឪពុកម្ដាយ អាណាព្យាបាលទាំងអស់ចូលរួមថែទាំអប់រំកូនៗតាមបែបវិជ្ជមានដើម្បីបណ្ដុះធនធាននាពេលអនាគតជៀសផុតពីភាពក្រីក្រ និងចូលរួមតាមដាន ជំរុញការសិក្សាកូនៗតាមផ្ទះក្ដី តាមប្រព័ន្ធអនឡាញក្ដីឲ្យបានជាប់ជាប្រចាំដើម្បីធានាគុណភាពអប់រំក្នុងបរិបទកូវីដ-១៩នេះ ហើយត្រូវចាំថាអំណោយបន្តិចបន្តួចនេះអាចហូបបានតែរយៈពេលខ្លីប៉ុណ្ណោះ ដូច្នេះសូមបងប្អូនមេត្តាពិចារណាយកថវិកានេះទៅបង្កើតជាមុខរបរទោះតិចក្ដី ច្រើនក្ដីដើម្បីរកចំណូលចិញ្ចឹមគ្រួសារបានយូរអង្វែង។
ម៉្យាងទៀតចំពោះចាស់ជរាគ្មានទីពឹង ជនពិការគ្មានទីពឹង កុមារកំព្រា និងងាយរងគ្រោះផ្សេងៗ សូមឲ្យអាជ្ញាធរភូមិ ឃុំ មេត្តាយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុតដើម្បីស្វែងយល់ពីសុខទុក្ខរបស់ពួកគាត់នឹងបានជួយពួកគាត់ឲ្យទាន់ពេលវេលានៅពេលដែលពួកគាត់ត្រូវការជំនួយ មិនថាសុខភាព ក៏ដូចជាចំណីអាហារផងដែរ។