លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងប្រធានគណ:កម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ថ្លែងថា យើងចាំបាច់ត្រូវមានបន្ទប់សង្រ្គោះបន្ទាន់ចំនួន១ និងរថយន្ត១គ្រឿង នៅតាមទីតាំងចាក់វ៉ាក់សាំងនីមួយៗ ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី លោកបានផ្ដល់ជូន សម្រាប់ចាក់ដល់ប្រជាពលរដ្ឋចំនួន៤ស្រុក ក្នុងខេត្តកំពង់ចាម ដែលកំពុងមានការប្រឈមខ្ពស់ នាពេលឆាប់ៗខាងមុខនេះ។
លោក អ៊ុន ចាន់ដា បានលើកឡើងបែបនេះ នៅក្នុងការជួបប្រជុំរៀបចំផែនការចាក់វ៉ាសាំងការពារជំងឺកូវីដ-១៩ នាសាលាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១០ មិថុនា ឆ្នាំ២០២១ ថា គណ:កម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត ត្រូវចុះពិនិត្យទីតាំងដែលមានលក្ខណ:សមស្របដែលត្រូវចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋតាមទៅផែនការដែលបានគ្រោងទុក។
លោកអភិបាលខេត្តកំពង់ចាម ថ្លែងបន្តថា ក្នុងនោះយើងត្រូវពិនិត្យប្រព័ន្ធទឹកភ្លើង បន្ទប់ទឹក បង្គន់អនាម័យ កន្លែងរង់ចាំ ចំណតយានយន្ត និងកន្លែងសម្រាប់កងកម្លាំងសន្តិសុខ ក្នុងការសម្របសម្រួល។ ជាពិសេសរៀបចំទីតាំងរក្សាទុកវ៉ាក់សាំងឱ្យបានត្រឹមត្រូវ ចៀសវាងការបង្កឱ្យខូចគុណភាព។
លោក អ៊ុន ចាន់ដា ថ្លែងបន្តទៀតថា ពិសេសជាងនេះគឺនៅតាមទីតាំងចាក់វ៉ាក់សាំងនីមួយៗ ចាំបាច់ត្រូវមានបន្ទប់សង្រ្គោះចំនួន១ និងរថយន្តចំនួន១គ្រឿង ដើម្បីត្រៀមជួយសង្រោះដល់ប្រជាពលរដ្ឋដែលមានជំងឺរ៉ាំរ៉ៃ ជំងឺបេះដូងជាដើម។ បើទោះជាកន្លងមកយើងបានជួបប្រទះបញ្ហាកើតមានឡើងយ៉ាងណាក្តី ប៉ុន្តែលើកនេះមានប្រជាពលរដ្ឋច្រើនបានមកចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។
គួរបញ្ជាក់ថា នៅពេលឆាប់ៗខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចជួយឧបត្ថម្ភវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទៅតាមការស្នើសុំរបស់ លោកអភិបាលខេត្តកំពង់ចាម ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋប្រមាណ ៣២ម៉ឺន នាក់ ដែលមានការប្រឈមខ្ពស់ រស់នៅស្រុកចំនួន៤ រួមមាន÷ ស្រុកបាធាយ ស្រុកជើងព្រៃ ស្រុកព្រៃឈរ និងស្រុកកំពង់សៀម៕