នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលក្រុងកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីលោកនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត លោកប្រធានក្រុមមប្រឹក្សាក្រុង គណៈអភិបាលក្រុង កងកំលាំងប្រដាប់អាវុធទាំង លោក លោកស្រីចៅសង្កាត់ទាំងបួន និងប្រធានការិយាល័យចំណុះសាលាក្រុងកំពង់ចាម។

បន្ទាប់ពីលោក អឿ វឿន នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តកំពង់ចាម បានអានប្រកាសលេខ៤៤៤ប្រក ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការតែងតាំងមន្ត្រីរាជការ, លោកស្រី រិន ធារ៉ា អភិបាលរងក្រុងដែលទើបនឹងតែងតាំង បានធ្វើការប្តេជ្ញាចិត្តខិតខំយកចិត្តទុកដាក់ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និង គោរពយ៉ាងម៉ឺងម៉ាត់តាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំខេត្ត។ រក្សាសាមគ្គីភាពផ្ទៃក្នុងក្នុងជួរគណៈអភិបាល និងខិតខំបំពេញភារកិច្ចក្នុងនាមគណៈអភិបាល សំដៅធ្វើយ៉ាងណាបម្រើ និងដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានបានទាន់ពេលវេលា។

ក្នុងឱកាសនោះ លោកជំទាវ ប៉ាង ដានី បានផ្ដាំផ្ញើដល់លោកស្រី រិន ធារ៉ា ដែលត្រូវបានតែងតាំងជាអភិបាលរងក្រុងកំពង់ចាម ត្រូវខិតខំបន្តប្រឹងប្រែងបំពេញការងារ ដែលថ្នាក់ដឹកនាំប្រគល់ឲ្យប្រកបដោយទំនួលខុសត្រូវខ្ពស់។ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ, អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ច្បាប់ស្តីពីសហលក្ខន្តិកៈរបស់មន្ត្រីរាជការស៊ីវិល មានស្មារតីអំណត់អត់ធននឹងការងារ មានមនសិកាវិជ្ជាជីវៈ។ ជាមួយគ្នានេះ លោកស្រី ត្រូវប្រកាន់សាមគ្គីភាពផ្ទៃក្នុងរបស់គណៈអភិបាល មានទំនាក់ទំនងល្អទាំងក្នុង និងក្រៅអង្គភាព និងត្រូវខិតខំបង្កើនសមត្ថភាព សិក្សារៀនសូត្រ ដើម្បីអភិវឌ្ឍខ្លួនឯងឱ្យ កាន់តែល្អប្រសើរ និងការចុះមូលដ្ឋាន។

គួរបញ្ចាក់ថា៖ យោងតាមប្រកាសលេខ៤៤៤ប្រក របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការតែងតាំងមន្ត្រីរាជការ ត្រូវបានតែងតាំងលោកស្រី រិន ធារ៉ា ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ ឱ្យកាន់មុខដំណែងជាអភិបាលរងនៃគណៈអភិបាលក្រុងកំពង់ចាម។

By Ana

You missed