ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ ដែលពុំទាន់មានការថមថយនៅឡើយនោះ នឹងដើម្បីជួយរំលែកនូវទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកដោយវិបត្តិកូវីដ-១៩ នៅក្នុងឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃសៅរ៍ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ផាន អូន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំគរ ស្រុកព្រៃឈរ បានចាត់ឲ្យក្រុមការងារ សហការជាមួយគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំគរ ចុះណែនាំឱ្យបន្តផ្សព្វផ្សាយជូនប្រជាពលរដ្ឋតាមបណ្តាភូមិនានា ដោយដាស់តឿនឱ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងជំរុញការចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្តនូវវិធានការ ៣ការពារ ៣កុំ និង២ ចូលរួម ដើម្បីកាត់ផ្តាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩ ឲ្យអស់ពីសហគមន៍។
នៅក្នុងយុទ្ធនាការចុះផ្សព្វផ្សាយខាងលើ ឯកឧត្តមប្រធានក្រុមការងារ ក៏បានផ្ញើនូវថវិកាមួយចំនួន ជូនដល់គណៈកម្មាធិការគណបក្សមូលដ្ឋានឃុំគរ សម្រាប់ឧបត្ថម្ភជូនអ្នកដែលជួបការលំបាក មានដូចខាងក្រោម៖
– ឧបត្ថម្ភជូនដល់ស្ត្រីសម្រាលកូនចំនួន ១៨នាក់ ចំណាយ ថវិកាសរុប ១,៨០០,០០០រៀល។
– ឧបត្ថម្ភជូនគ្រួសារសពចំនួន ៦នាក់ ចំណាយថវិកាសរុប ៦០០,០០០រៀល។
– ឧបត្ថម្ភជូនដល់ក្រុមការងារគណៈកម្មាធិការគណបក្សឃុំ ចំណាយថវិកាសរុប ៤០០,០០០រៀល៕
ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកដោយសារវិបត្តិកូវីដ-១៩ និងស្ត្រីសម្រាលកូន ព្រមទាំងគ្រួសារនៃសព បានលើកដៃប្រណំគោរពថ្លែងអំណរគុណ លាយឡំដោយទឹកភ្នែករលីងរលោង និងក្តីរំភើបឥតឧបមា ជូនដល់ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ ជាពិសេសសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណបក្សខេត្ត រួមនិងឯកឧត្តមប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំគ និងក្រុមការងារដែលបានចុះមកផ្សព្វផ្សាយនូវវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបានជួយឧបត្ថម្ភជាសម្ភារៈ ថវិកាដល់ពួកគាត់ទាំងអស់គ្នាដែលកំពុងជួបនូវវិបត្តិសេដ្ឋកិច្ចគ្រួសារយ៉ាងដំណំដោយសារវិបត្តិនៃមេរោគមហាប្រល័យ កូវីដ-១៩៕ ចៅ វង្សi.k.