រសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាមបានបើកកិច្ចប្រជុំតាមប្រព័ន្ធ Online ស្ដីពីការស្នើសុំកែសម្រួលសមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុង-ស្រុក ក្នុងខេត្តកំពង់ចាម និងពង្រឹងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហាន កុសល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម។

នៅក្នុងរបៀបវារៈទី១ ស្ដីពីការស្នើសុំកែសម្រួលសមាសភាពគណៈកម្មាធិការ ស.ស.យ.ក ក្រុង-ស្រុក ស្របទៅតាមតម្រូវការជាក់ស្ដែង អង្គប្រជុំបានពិភាក្សាគ្នាយល់ស្របតាមការស្នើសុំរបស់ក្រុង-ស្រុក ដោយប្រាកដថាសមាជិកក្នុងគណៈកម្មាធិការទាំងអស់ដែលជាក្បាលម៉ាសុីននេះជាសមាជិកសកម្ម ប្រកបដោយឆន្ទៈ ការលះបង់ក្នុងការអនុវត្តការងារឲ្យទទួលបានលទ្ធផលល្អប្រសើរស្របតាមលក្ខន្តិកៈរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។

ឆ្លងចូលដល់របៀបវារៈទី២ ឯកឧត្តមប្រធានបានសម្ដែងនូវការកោតសរសើរ និងលើកទឹកចិត្តខ្ពស់ចំពោះស្មារតីចូលរួមយ៉ាងសកម្មរបស់ក្រុមគ្រួសារ ស.ស.យ.ក ទូទាំងខេត្តកំពង់ចាម នាពេលកន្លងមក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាមទៅតាមលទ្ធភាព និងជំនាញរៀងៗខ្លួន។ ទន្ទឹមនឹងនេះឯកឧត្តមក៏បានសំណូមពរដល់ ស.ស.យ.ក ទូទាំងខេត្តកំពង់ចាមសូមបង្កើនការចូលរួមផ្សព្វផ្សាយវិធានការការពារជំងឺកូវីដ-១៩ ក៏ដូចជាចូលរួមគ្រប់សកម្មភាពជាមួយរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ភូមិ កងកម្លាំងនានាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏កាចសាហាវមួយនេះ ដោយបង្ហាញអត្តសញ្ញាណរបស់ ស.ស.យ.ក ប្រកបដោយការទទួលខុសត្រូវខ្ពស់ផងដែរ។

By Ana

You missed