នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត កំពង់ចាម ព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ រយៈពេល ៣ខែដើមឆ្នាំ និងទិសដៅសម្រាប់អនុវត្តការងារបន្ត ត្រីមាសទី២ ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន លោក លោកស្រី ជាហេរញ្ញឹក លេខាធិការ និងសមាជិក សមាជិកា គណៈកម្មាធិការសាខា នាយក នាយករង និងមន្ត្រីក្រុមប្រតិបត្តិសាខាមួយចំនួនទៀត។
លោក ទូច ឆៃ នាយកសាខា បានជំរាបជូននូវរបាយការណ៍សង្ខេប ស្តីពីវឌ្ឍនភាព និងលទ្ធផលសកម្មភាពការងារ រយៈពេល ៣ខែដើមឆ្នាំ និងទិសដៅការងារបន្ត ត្រីមាសទី ២ ឆ្នាំ ២០២១ ក៏ដូចជារបាយការណ៍ ស្តីពីចំណូល ចំណាយថវិកា របស់សាខា ក្នុងត្រីមាសទី១ ឆ្នាំ២០២១ និងពិនិត្យ ពិភាក្សាលើសេចក្តីអំពាវនាវ កៀងគរមូលនិធិ អបអរខួបទី ១៥៨ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ ឧសភា ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម សម្រាប់ឆ្នាំ២០២១។

លោក អ៊ុន ចាន់ដា ក្នុងនាមប្រធានគណៈកម្មាធិការសាខា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ធ្វើជាសេនាធិការអោយគណៈ កម្មាធិការសាខា ក្នុងការដឹកនាំជំរុញធ្វើអោយវិស័យស្នូលទាំង ៤ របស់កាកបាទក្រហមកម្ពុជា រយៈពេល ១ត្រីមាស ដើមឆ្នាំ២០២១នេះ ទោះបីត្រូវប្រឈមនឹងហានិភ័យនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក្តី ក៏សាខាបានពុះពារធ្វើសកម្មភាពរហូតសម្រេចបានលទ្ធផលគួរជាទី មោទនៈ ជាពិសេសការផ្តល់ជំនួយសង្រ្គោះ ការផ្តល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ និងជនងាយរងគ្រោះ បានទាន់ពេលវេលា ស្របតាមទិសស្លោក” ទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទក្រហមកម្ពជា ” ។

ថ្លែងនៅក្នុងឱកាសបិទកិច្ចប្រជុំ និងបូកសរុបលត្ថផលការងារ លោកប្រធានគណៈកម្មាធិការសាខា បានណែនាំអំពីការងារមួយចំនួន ដើម្បីយកអនុវត្តបន្ត ពិសេស ត្រូវយកចិត្តទុកដាក់ បន្តសហការក្នុងការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមជាមួយការបន្តផ្សព្វផ្សាយ អោយទាំងអស់គ្នាបន្ត ៊ចូលរួមអនុវត្តនូវវិធានការ ” ៣ការពារ ៣កុំ និង២ចូលរួម ” របស់រាជរដ្ឋាភិបាលកម្ពុជា និងវិធានការ ការណែនាំនានា របស់ក្រសួងសុខាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ដើម្បីកាត់ផ្តាច់ខ្សែចម្លងនៃវីរុសកូរ៉ូណាបម្លែងថ្មី ដ៏កាចសាហាវនេះ និងខិតខំអត់ធ្មត់ រួមគ្នាបន្តសកម្មភាពប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នឹងដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ នៅកម្ពុជា។

លោកបន្តថា យើងត្រូវពង្រឹងភាពម្ចាស់ការរបស់សាខា-អនុសាខាក្រុង-ស្រុក ក្នុងការត្រៀមបង្ការ ការឆ្លើយតប និងកសាងភាពធន់មាំនៅសហគមន៍ ។ ទន្ទឹមនោះ ត្រូវពង្រឹងការគ្រប់គ្រងមូលនិធិ គ្រប់គ្រង ចំណូល ចំណាយ ការទូទាត់ អោយមាន តម្លាភាព និងគណនេយ្យភាព ។

ក្នុងនាម លោក ហ៊ុន ណេង ប្រធានកិត្តិយសសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានធ្វើការអំពាវនាវ ដល់សប្បុរសជន ក្នុងវិស័យរដ្ឋ- វិស័យឯកជន ទាំងក្នុង និងក្រៅខេត្ត សូមមេត្តាជួយឧបត្ថម្ភគាំទ្រដល់សាខា ដោយសទ្ធាជ្រះថ្លា ក្នុងស្មារតីនៃវប្បធម៌ចែករំលែក ដើម្បីសាខា បន្តផ្តល់សេវាកម្មមនុស្សធម៌ ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវិដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ ក៏ដូចជា ត្រៀមឆ្លើយតប ជួយជនរងគ្រោះដោយមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះ ដែលជួបការលំបាកក្នុងជីវភាពប្តចាំថ្ងៃ ក្នុងទូទាំងខេត្តកំពង់ចាម៕

By Ana

You missed