(ភ្នំពេញ)៖ មកដល់ព្រឹកថ្ងៃទី២៣ ខែមេសានេះ នៅភ្នំពេញ មានផ្សារចំនួន ១៧ផ្សារហើយ ដែលបានបិទជាបណ្តោះអាសន្ន ដោយសារតែមានអាជីវករ នៅក្នុងផ្សារទាំងនោះ ឆ្លងកូវីដ១៩ច្រើន។ ដូច្នេះដើម្បីកុំឲ្យមានការឆ្លងបន្តទៀត អាជ្ញាធរសមត្ថកិច្ច បានសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារទាំងនោះ។ នេះបើតាមលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ។
លោក ម៉េត មាសភក្តី ក៏បានបន្ថែមថា នៅពេលផ្សារបិទបណ្តោះអាសន្នដូច្នេះ ប្រជាពលរដ្ឋ អាចចេញពីផ្ទះទៅទិញម្ហូបអាហារ បន្លែត្រីសាច់ នៅជិតៗផ្ទះ។ ក្រៅពីនោះ អាជ្ញាធររាជធានីភ្នំពេញ ក៏បានអនុញ្ញាតឲ្យវិស័យឯកជនមួយ ប្រើរថយន្តក្រុង ដឹកអ្នកដំណើរ តែត្រូវដោះកៅអីចេញ ហើយដាក់ទំនិញ បន្លែត្រីសាច់ ដើម្បីបើកលក់ចល័ត នៅតាមផ្សារ ដែលបានបិទ។
លោក ម៉េត មាសភក្តី បានលើកឡើងថា នៅថ្ងៃទី២៣មេសានេះ រថយន្តក្រុង ៦៤គ្រឿង ចេញតាមគោលដៅទីរួមផ្សារធំៗ ដែលបានបិទ ដូចជា ផ្សារចាស់ ផ្សារថ្មី ផ្សារអូរឫស្សី ជាដើម ដើម្បីលក់ជូនបងប្អូនប្រជាពលរដ្ឋ។
លោក ម៉េត មាសភក្តី បញ្ជាក់ថា រាល់មុខទំនិញ បន្លែត្រីសាច់ ដែលដាក់លក់តាមឡានក្រុងរបស់ក្រុមហ៊ុនឯកជនទាំងនោះ គឺមិនឡើងថ្លៃទេ៕