ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបាននិងកំពុងដាក់គោលដៅប្រចាំការនៅ គោលដៅបិទខ្ទប់នៅក្នុងរាជធានីភ្នំពេញត្រូវអនុវត្តការសម្រេចរបស់រាជរដ្ឋាភិបាលជុំវិញការបិទខ្ទប់រាជធានីភ្នំពេញរយៈពេល១៤ថ្ងៃនេះ ឲ្យទទួលបានជោគជ័យ។

លោកអភិបាលបានបញ្ជាក់ថា «ជាមួយគ្នានឹងការអនុវត្តសេចក្តីសម្រេចនេះ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចត្រូវបើកទូលាយឲ្យអាជីវករ រកស៊ីដឹកត្រី សាច់ បន្លែបង្ការទៅផ្គត់ផ្គង់តាមទីផ្សារ ដោយមិនត្រូវឃាត់ពួកគាត់សួរនាំរកឯកសារច្រើនពេកទេ ព្រោះយើងបានឃើញច្បាស់ហើយថា ពួកគាត់ដឹកជញ្ជូនអីច្បាស់នឹងភ្នែកហើយនោះ»។

នៅក្នុងសេចក្តីណែនាំនេះដែរ លោកក៏ឲ្យអាជ្ញាធរខណ្ឌចាត់វិធានការរារាំងក្រុមមនុស្សគឃ្លើន ដែលលួចជួបជុំផឹកស៊ីនៅតាមផ្ទះ ព្រោះសកម្មភាពអាចបង្កការឆ្លងរាលដាលជំងឺកូវីដ-១៩។

ការណែនាំបែបរបស់លោក ឃួង ស្រេង បានធ្វើឡើង  នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈកិច្ចប្រជុំ Video Conference នៅសាលារាជធានីភ្នំពេញ នាល្ងាចនេះ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ ស្នងការនគរបាលរាជធានីភ្នំពេញ និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីពង្រឹងការអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញឲ្យមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ការឆ្លងរាលនៃជំងឺកូវីដ-១៩៕

By Ana

You missed