ភ្នំពេញ៖ ប្រធានគណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថិ បាន ប្តេជ្ញាចិត្តថានឹង បំបាត់ជម្ងឺកូវីដ-១៩ ឱ្យបានក្នុងរយៈពេល១៤ថ្ងៃ ខណៈដែលរាជរដ្ឋាភិបាលសម្រេចបិទខ្ទប់រាជធានីភ្នំពេញនិងខេត្តកណ្តាលរយៈពេល១៤ថ្ងៃនេះ។

ការប្តេជ្ញាចិត្តរួមគ្នាបំបាត់ជម្ងឺកូវីដ-១៩ ខាងលើនេះបានធ្វើឡើង ក្នុងកិច្ចប្រជុំបន្ទាន់មួយតាមរយៈ video conference នៅម៉ោង៣រសៀលរហូតដល់ម៉ោងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ដោយមានការចូលរួមប្រជុំពីលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញនិងជាអនុប្រធាន អចិន្រ្តៃយ៍នៃគណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ នៅសាលារាជធានីភ្នំពេញ ។

លោកអូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំតាមរយៈ video conferenceនេះ មានគោលបំណងឱ្យគ្រប់ភាគីអ្នកពាក់ព័ន្ធទាំងអនុវត្តឱ្យបានជោគជ័យ ទៅសេចក្តីសំរេចរបស់
រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់ ដើម្បីបំបាត់ជម្ងឺកូវីដ-១៩ ដែលការងារនេះយើងត្រូវធ្វើឱ្យបានលទ្ធផលល្អប្រសើរក្នុងរយៈពេល១៤ថ្ងៃ ដោយមិនប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោកអូន ព័ន្ធមុនីរ័ត្ន បានជំរុញឱ្យសមាជិកទាំងអស់នៅក្នុងជួរគណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំការអនុវត្តវិធានការបិទខ្ទប់នេះ រួមគ្នាជួយរដ្ឋបាលរាជធានីភ្នំពេញ អនុវត្តសេចក្តីសំរេចរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់ ដើម្បីបំបាត់ជម្ងឺកូវីដ-១៩ ក្នុងរយៈពេល១៤ថ្ងៃនេះទទួលបានជោគជ័យ។

លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះបានមានប្រសាសន៍ពីកាេងារមួយចំនួនដែលអាជ្ញាធរបានកំពុងអនុវត្ត ដោយរដ្ឋបាលរាជធានីបានប្រើប្រាស់កម្លាំងមានសមត្ថកិច្ចដាក់ តាមគោលដៅចំនួន២៧គោលដៅ ដើម្បីអនុវត្តការសំរេចបិទខ្ទប់នេះ បានដាក់ចេញជាវិធានការចំពោះទំនិញឡើងថ្លៃ ដោយរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យម្ចាស់កុងស៊ី កាប់ជ្រូក គោ និងអាជីវករលក់ដូរសាច់ គ្រឿងហូបចុកធ្វើកិច្ចសន្យាមិនអោយឡើងថ្លៃ ខណៈដែលពួកគាត់បានឡើងថ្លៃសាច់ជ្រូក សាច់គោ ក្នុងតំណាក់កាលនេះ។ រដ្ឋបាលរាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងល្បាតជាប្រចាំ នៅតំបន់ដែលបាន កំណត់ជាតំបន់ពណ៌ក្រហម ដែលជាតំបន់ងាយឆ្លង ជម្ងឺកូវីដ-១៩។

លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា ៖ការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩នេះ ដាច់ខាតត្រូវតែមាន ការចូលរួមពីប្រជាពលរដ្ឋ បើមិនមានការចូលរួមពីប្រជាពលរដ្ឋទេ នោះយើងមិនអាចទទួលបាន ជោគជ័យទេ ។ លើបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញបានចលនាជាមួយប្រជាពលរដ្ឋហើយ ហើយប្រជាពលរដ្ឋជាង៩០ភាគរយបានចូលរួមជាមួយអាជ្ញាធរនិងរាជរដ្ឋាភិបាល ។

ជាក់ស្តែង នៅតាមដងផ្លូវនានា ខណៈអនុវត្តនូវការសម្រេចបិទខ្ទប់នេះឃើញថា មានប្រជាពលរដ្ឋប្រមាណតែ២ទៅ៣ភាគរយប៉ុណ្ណោះ ដែលពួកគាត់ធ្វើចរាចរណ៍តាមផ្លូវ ហើយប្រជាពលរដ្ឋទាំងនោះភាគច្រើនទៀតសោធ ជាប្រជាពលរដ្ឋដែលមានការចាំបាច់ក្នុងការងារ ទៅចាក់វ៉ាក់សាំងនិងទៅទទួលសេវាសុខាភិបាលជាដើម។
គួរបញ្ជាក់ថា ៖ក្នុងកិច្ចប្រជុំនេះ បានផ្តោតលើការអនុវត្តវិធានការណ៍បិទខ្ទប់នេះអោយមានប្រសិទ្ធភាព មិនប៉ះពាល់ដំណើរការរស់នៅរបស់ប្រជាពលរដ្ឋ ។រក្សាបានស្ថរភាពទំនិញ លំហូរទំនិញ ។ ការអនុវត្តធ្វើយ៉ាងណាកាត់ផ្តាច់ ជាកង់ៗជម្ងឺកូវីដ-១៩ ។
ការពង្រឹងលើការចត្តាឡីស័ក ការស្រាវជ្រាវរកអ្នកជំងឺកូវីដ-១៩ ការធ្វើតេស្តសំណាក ការចាក់វ៉ាក់សាំង និងការគាំពារដល់ប្រជាពលរដ្ឋក្រីក្រ ងាយរងគ្រោះ៕

By Ana

You missed