ភ្នំពេញ៖ លោក​ លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម​ ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ប្រធានអាជ្ញាធរទន្លេសាប និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទទាំងអស់ សូមក្រាបថ្វាយព្រះពរដល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

លោករដ្ឋមន្ត្រី បានថ្វាយព្រះពរថា «ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ទូលព្រះបង្គំជាខ្ញុំ លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ប្រធានអាជ្ញាធរទន្លេសាប និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទទាំងអស់ សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា ថ្វាយនូវព្រះសព្ទសាធុការពរជ័យ ក្នុងឱកាសឆ្នាំថ្មី ដល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណឈ្លាសវៃ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីទ្រង់គង់ប្រថាប់ក្នុងព្រះសិរីរាជសម្បត្តិជាម្លប់ដ៏សែនត្រជាក់ត្រជំ សុខដុមរមនាដល់មាតុភូមិអង្គរបវរនៃយើង និងដល់ប្រជានុរាស្រ្តរួមរស់ក្នុងសុខសន្តិភាព ព្រមទាំងភាពចម្រុងចម្រើនតរៀងទៅ»៕

By Ana

You missed