ភ្នំពេញ៖ អ្នកជំងឺកូវីដ១៩ ចំនួន៩នាក់ទៀត ក្នុងចំណោមអ្នកជំងឺទាំង៥៦នាក់ ដែលរកឃើញកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១កន្លងទៅនោះ បាននិងកំពុងបន្តបាត់ខ្លួននៅឡើយ ហើយអាជ្ញាធររាជធានីភ្នំពេញស្វែងរកមិនទាន់ឃើញនោះទេ គិតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ។

រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់សាមីខ្លួន សាច់ញាតិ ឬអ្នកដែលស្គាល់អ្នកជំងឺខាងលើ សូមប្រយ៉ាប់បង្ហាញខ្លួនក្នុងរយៈពេល ៣ (បី) ថ្ងៃជាកំហិត គិតចាប់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ តទៅ ដើម្បីមកទទួលយកការព្យាបាល ដោយសូមទំនាក់ទំនងមកកាន់លេខ ១២៩៩ ឬ ១១៥។

ក្នុងករណីសាមីជន មិនបានមកបង្ហាញខ្លួនតាមការកំណត់ខាងលើ រដ្ឋបាលរាជធានីភ្នំពេញនឹង ចាត់វិធានការតាមផ្លូវច្បាប់ដោយកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការ ព្រោះសកម្មភាពនេះ គឺជាអំពើ គេចវះពីការតម្រូវឱ្យទទួលការព្យាបាល ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី (មួយ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ ១ និងពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល ហើយ ផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ កាលបើអំពើខាងលើនេះបានបណ្តាលឱ្យមាន ការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ អនុលោមតាមមាត្រា៨ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរីករាល ដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

ផ្ទុយទៅវិញបើអ្នកជំងឺកូវីដ-១៩ ទាំង ០៩រូបខាងលើ បានមកបង្ហាញខ្លួនតាមការកំណត់ខាងលើ ទាន់ពេលវេលា រដ្ឋបាលរាជធានីភ្នំពេញនឹងផ្តល់ការលើកលែងឱ្យរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌ អនុលោមតាមមាត្រា១៣ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺ ឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តឱ្យបាន ខ្ជាប់ខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ -៣ ការពារ និង ៣ កុំ” របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

By Ana

You missed