កំពង់ចាម៖​ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ ក្រុមប្រឹក្សាខេត្តកំពង់ចាម   ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ក្រុមមន្រ្តីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ 

គម្រោងសាងសាង់ប្រព័ន្ធធារាសាស្រ្តទំនើបនេះជាជំនួយហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB ) បើតាមផែនការ​ គឺត្រូវបានសាងសង់រួចរាល់ហើយ តែដោយសារការរីករាលនៃជំងឺកូវីដ-១៩ បានបង្កភាពយឺតយាវដល់ការអនុវត្តគម្រោង ដែលរហូតមកដល់ពេលនេះទើបសម្រេចបានប្រមាណតែ៣០ភាគរយប៉ុណ្ណោះ។ មិនចំពោះតែគម្រោងនេះទេ បណ្តាគម្រោងផ្សេងៗទៀត ដែលសហការជាមួយប្រទេសជាមិត្តផ្តល់ជំនួយ និងដៃគូអភិវឌ្ឍន៍នានាសុទ្ធតែជួបភាពរាំងស្ទះដោយសារការពិបាកធ្វើដំណើររពិនិត្យវាយតម្លៃមុន នឹងអាចដំណើរសាងសង់របស់ក្រុមជំនាញការបរទេស ក្នុងបរិបទការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩នេះ។ 

សូមបញ្ជាក់ថា ទំហំការងារ នៃគម្រោងប្រព័ន្ធធារាសាស្រ្តព្រែកពោធិ រួមមាន ប្រឡាយមេចំនួន១២ខ្សែ និងប្រឡាយរង៤៦ខ្សែ មានប្រវែងសរុប១០៥.៣៧ គីឡូម៉ែត្រ ក្នុងនោះប្រឡាយបេតុង មានប្រវែង២៧.១៩ គីឡូម៉ែត្រ និងប្រឡាយដី៧៨.១៧គីឡូម៉ែត្រ; សំណង់សិប្បៈការតូចធំចំនួន១៩៥កន្លែង ព្រមទាំងមានស្ថានីយបូមទឹកទំនើប ពីទន្លេមេគង្គរង មកប្រឡាយមេ ដេីរដោយចរន្តអគ្គីសនី បំពាក់ម៉ូទ័រប្រាំពីរគ្រឿង ចំនួនមួយកន្លែង។ 

គម្រោងប្រព័ន្ធធារាស្រ្តនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ ជាប្រព័ន្ធបេតុងទាំងអស់ និងបំពាក់ដោយស្ថានីយបូមទឹកទំនើបក្នុងនិយាមអន្តរជាតិ ដើម្បីបូមទឹកពីអាងទន្លេមេគង្គរង ដែលជាសមិទ្ធិផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ 

ក្នុងឱកាសពិនិត្យការដ្ឋាននេះ​ លោក លឹម​ គាន ហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានកោតសរសើរដល់ក្រុមការងារបច្ចេកទេសសាងសង់ ដែលបានខិតខំធ្វើការទោះជួបឧបសគ្គ និងបញ្ហាប្រឈមខ្លះៗមួយចំនួន ហើយបានណែនាំដល់មន្ទីរ ត្រូវបន្តតាមដាន និងសហការជាមួយអាជ្ញាធរដែនដីបន្ថែម ដើម្បីធ្វើយ៉ាងណាឲ្យសំណង់នេះ មានគុណភាពរឹងមាំយូរអង្វែង សម្រាប់បម្រើជាប្រយោជន៍ដល់ការងារបង្កបង្កើនផល និងផ្តត់ផ្គង់ទឹកប្រើប្រាស់ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់៕

 

 

By Ana

You missed