ភ្នំពេញ៖ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ទ្រង់ព្រះប្រសូតនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ។

ព្រះអង្គ ជាព្រះរាជបុត្រាច្បង នៃព្រះករុណា ព្រះ​បាទ​សម្ដេច​ព្រះ​ នរោត្តម​ សីហនុ​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​​ឯក​រាជ្យ​ បូរណភាពទឹកដី​ និងឯកភាព​ជាតិ​ខ្មែរ​ ព្រះ​បរម​រតន​កោដ្ឋ​ ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និងព្រះអង្គម្ចាស់ក្សត្រី សុីសុវត្ថិ ពង្សសានមុនី ព្រះរាជបុត្រី នៃព្រះករុណា ព្រះបាទសម្ដេចព្រះ សុីសុវត្ថិ មុនីវង្ស ចមចក្រពង្ស ហរិរក្សបរមិន្ទ្រ ភូវន័យក្រៃកែវហ្វា សុលាល័យ ព្រះបរមខត្តិយកោដ្ឋ ព្រះចៅក្រុងកម្ពុជាធិបតី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

សម្តេចព្រះបរមរាមា ត្រូវជាព្រះរៀមបង្កើតមាតាទីទៃ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ព្រះអង្គ បានបំពេញការសិក្សានៅវិទ្យាល័យព្រះសុីសុវត្ថិ និងធ្លាប់បានយាងជាតំណាងដ៏ខ្ពង់ខ្ពស់នៃប្រទេសកម្ពុជាចូលរួមក្នុងកម្មវិធី « World Scout Jamboree » នៅក្នុងប្រទេសហ្វីលីពីន នាឆ្នាំ១៩៥៩ និងបានយាងដង្ហែព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ជាច្រើនរាប់មិនអស់ផងដែរ។

ស្របពេលរាជធានីភ្នំពេញ មានរដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ គឺនៅក្នុងកំឡុងពេលព្រះអង្គ និងអ្នកម្នាង ស្ថិតក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសសឹង្ហបុរី បានធ្វើឲ្យព្រះអង្គ ពុំអាចយាងនិវត្តន៍មកកាន់កម្ពុជាវិញបាន ទើបបង្ខំឲ្យព្រះអង្គភៀសព្រះកាយទៅគង់នៅប្រទេសចិនរហូតដល់ឆ្នា ១៩៧៥ ទើបភៀសព្រះកាយមកកាន់ទីក្រុងហុងកុង រហូតដល់ឆ្នាំ១៩៨០ ទ្រង់បានភៀសព្រះកាយបន្តទៅរស់នៅក្នុងសហរដ្ឋអាមេរិក និងបានបំពេញការងារក្នុងក្រុមហ៊ុន US Surgical Corporation ប្រមាណជាង ១៤ឆ្នាំ។

ក្រោយពីបានយាងនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៣ ព្រះអង្គត្រូវបានប្រោសព្រះរាជទានព្រះរាជក្រឹត្យតែងតាំងជា «ស្តេចក្រុមហ្លួង» និងមានព្រះឋានៈជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឋានៈស្មើឧបនាយករដ្ឋមន្រ្តី និងក្រោយមកនៅខែសីហា ឆ្នាំ២០០៤ ត្រូវបានទទួលគោរមងារជា «សម្តេចព្រះបរមរាមា»។

ព្រះអង្គ បានរៀបអភិសេកជាមួយអ្នកម្នាង ភាព (ក្រោយមកលែងលះ) និងមានព្រះបុត្រា១អង្គនាម អ្នកអង្គម្ចាស់ នរោត្តម ឆវ័ន្តរង្សី ប្រសូតនៅឆ្នាំ១៩៦០។ និងបានរៀបអភិសេកជាមួយអ្នកម្នាង គឹម យិន ដោយមានព្រះបុត្រាបុត្រីចំនួន៤អង្គ ៖

១/ អ្នកអង្គម្ចាស់ នរោត្តម វជ្ជរ៉ាវុឌ្ឍ ប្រសូតនៅឆ្នាំ១៩៦៦
២/ អ្នកអង្គម្ចាស់ នរោត្តម ឯកជ្ជរិន ដែលត្រូវបានសន្និដ្ឋានថាត្រូវបានខ្មែរក្រហមធ្វើគុតនៅកំឡុងឆ្នាំ១៩៧៦ ក៏ប៉ុន្តែ អ្នកអង្គម្ចាស់ បានភៀសខ្លួនទៅកាន់ជំរំជនភៀសខ្លួននៅក្នុងប្រទេសថៃ រួចភៀសខ្លួនបន្តទៅរស់នៅក្នុងប្រទេសស៊ុយអែត។ អ្នកអង្គម្ចាស់ បានត្រឡប់មកកាន់កម្ពុជាវិញនៅក្នុងឆ្នាំ២០១៣។

៣/ អ្នកអង្គម្ចាស់ក្សត្រី នរោត្តម ភគិណា ប្រសូតនៅឆ្នាំ១៩៧០
៤/ អ្នកអង្គម្ចាស់ក្សត្រី នរោត្តម យុវទេវី ប្រសូតនៅឆ្នាំ១៩៧៤។

សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ទ្រង់យាងចូលព្រះទិវង្គត ក្នុងព្រះជន្មាយុ៧៨ព្រះវស្សា នៅសហរដ្ឋអាមេរិក ដោយព្រះជរាពាធ នាយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ (ម៉ោងនៅប្រទេសកម្ពុជា)៕

 

By Ana

You missed