(ភ្នំពេញ)៖ ក្រុមហ៊ុនមេធាវី ដ័ន & ដ័ន ភ្នំពេញ បានប្រកាសផ្ដល់មេធាវីស្ម័គ្រចិត្ត ការពារក្ដីជូនលោក ភឿង ភិរៈ ដែលគេដឹងថា ជាជនសង្ស័យក្នុងករណីបាញ់គំរាមជនរងគ្រោះ តែត្រូវស្លាប់នៅមុខធនាគារ ABA កាលពីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ។ លោក ភឿន ភិរៈ ដែលជាជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ច បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃ៨ ខែមេសា ឆ្នាំ២០២១នេះ។
សេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនមេធាវី ដ័ន & ដ័ន ភ្នំពេញ បានសរសេរថា ដោយបានសង្កេត និងតាមដានយ៉ាងយកចិត្តទុកដាក់ លើហេតុការណ៍ឧបទ្ទវហេតុ ដែលកើតឡើងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នាចំណុចក្រោមស្អានអាកាសទឹកថ្លា ខាងមុខធនាគារ ABA សាខាទឹកថ្លា និងដោយមើលឃើញ ពីស្ថានភាពគ្រួសាររបស់ឈ្មោះ ភឿង ភិរៈ ដែលជាកូនកំព្រាឪពុក និងជាអតីតបញ្ញវន្ត ដែលបានទទួលអាហារូបករណ៍ នៅដេប៉ាតឺម៉ង់ផ្នែកភាសាបារាំង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មេធាវីចំនួន៩រូប របស់ក្រុមហ៊ុនដ័ន & ដ័ន ភ្នំពេញ និងក្រុមហ៊ុនមេធាវី លីហ្គលថោន បានស្ម័គ្រចិត្តផ្ដល់ការការពារក្ដី ជូនលោក ភឿង ភិរៈ ដោយឥតគិតថ្លៃ ដើម្បីការពារសិទ្ធបុគ្គលរូបនេះ ក្នុងការទទួលបានយុត្តិធម៌ តាមនីតិវិធីច្បាប់។
ក្រៅពីមានមេធាវីស្ម័គ្រចិត្ត ជួយការពារក្ដីដោយឥតគិតថ្លៃហើយនោះ លោក ភឿង ភិរៈ ដែលជាជនសង្ស័យក្នុងករណីបាញ់គំរាមជនរងគ្រោះ តែត្រូវស្លាប់នៅមុខធនាគារ ABAនោះ ក៏ទទួលបានការជួយឧបត្ថម្ភពីសប្បុរសជនមួយចំនួនទៀតផងដែរ។
ករណីផ្ទុះអាវុធ ដែលបានបណ្ដាលឲ្យមនុស្សស្លាប់នេះ កើតឡើងនៅវេលាម៉ោងជិត៩ យប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នៅតាមបណ្ដោយមហាវិថី សហព័ន្ធរុស្ស៊ី មុខធនាគារABA ស្ថិតនៅភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕